NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 18 July 2016 02:51 PM Post By ៖ Apsara National Authority

មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០រូប រួមនឹងមន្ត្រី៤រូបនៃអាជ្ញាធរជាតិអប្សរាផង បានចំណាយពេល៩ថ្ងៃទៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីអំឡុងខែមិថុនាកន្លងទៅនេះ។ ដំណើរបេសកកម្មនេះធ្វើឡើងក្រោមការផ្តួចផ្តើមរបស់អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO)។

ក្រោយទទួលបានវគ្គបណ្តុះបណ្តាល នៅព្រឹកនេះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមមគ្គុទ្ទេសក៍ទាំងអស់បានមកធ្វើបទបង្ហាញខ្លីមួយជូនថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ស្តីពីលទ្ធផលដែលខ្លួនទទួលបានពីវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

តាមរយៈបទបង្ហាញ លោក ហែម សោភ័ន្ត មគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេសបានលើកឡើងថា អំឡុងដំណើរបេសកកម្មនេះ ក្រុមការងាររបស់លោកបានសិក្សាមេរៀនចំនួន៥ប្រធានបទសំខាន់ៗគឺ ៖ សារៈសំខាន់នៃសេវាកម្មទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌ ការយល់ដឹងអំពីទេសចរណ៍អន្តរជាតិ ការផ្តល់បទពិសោធន៍ទស្សនាដែលមានគុណភាពតាមរយៈការណែនាំភ្ញៀវ ការបង្ហាញភ្ញៀវអំពីបេតិកភណ្ឌពិភពលោក និងការចួលរួមជាមួយសហគមន៍។

ក្រៅពីមេរៀនទាំងនេះ តាមរយៈដំណើរស្រង់បទពិសោធន៍ទៅកាន់រមណីយដ្ឋានសំខាន់ៗនៃទីក្រុងម៉ាកាវ លោក សោភ័ន្ត កត់សម្គាល់ឃើញថា “អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះខ្ញុំ គឺអនាម័យ។ ប្រជាជនគេមានការយល់ដឹងខ្ពស់ចំពោះបញ្ហានេះគួរឲ្យសរសើរ។ មានស្លាកសញ្ញាមួយដែលគួរឲ្យចាប់អារម្មណ៍ គឺគេដាក់ថា កន្លែងបន្ទោបង់របស់សត្វឆ្កែ។ នេះមានន័យថា បញ្ហាសំរាម ឬបរិស្ថានទាំងមូលចំពោះមនុស្ស គេគ្រប់គ្រងបានល្អហើយ រហូតគេឈានដល់ការគ្រប់គ្រងអនាម័យរបស់សត្វទៀតផង។ ប្រជាពលរដ្ឋខ្មែរយើងនៅមានចំណុចខ្វះខាតច្រើន នៅពេលទៅកម្សាន្តក្នុងតំបន់រមណីយដ្ឋានម្តងៗ តែងចោលសំរាមពាសវាលពាសកាល ហើយម្នាក់ៗនាំគ្នារអ៊ូថាមិនស្អាត។ នេះជាបទពិសោធន៍ដ៏ល្អដែលយើងគួរតែរៀនតាមគេ ព្រោះការសម្អាតបរិស្ថានគឺជាតួនាទីរបស់យើងទាំងអស់គ្នា មិនត្រូវរង់ចាំតែអ្នកនេះឬអ្នកនោះឡើយ”

ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះជារឿងសំខាន់ណាស់ដើម្បីផ្សព្វផ្សាយអំពីតំបន់អង្គររបស់យើង។ ភ្ញៀវទេសចរដែលមកទស្សនាអង្គរ គឺជាទេសចរណ៍វប្បធម៌។ ដូច្នេះ លើសពីការមកកម្សាន្ត ទិញនេះទិញនោះ គឺគេចង់ដឹងអំពីវប្បធម៌របស់យើង។ តាមរយៈមគ្គុទ្ទេសក៍នេះហើយ ដែលអាចជួយពន្យល់បកស្រាយអំពីវប្បធម៌របស់យើង ធ្វើយ៉ាងណាឲ្យគេទទួលបាននូវបទពិសោធន៍ទស្សនាមួយ ដែលប្រកបដោយខ្លឹមសារ ធ្វើឲ្យគេចងចាំអំពីអារ្យធម៌របស់យើង និងផ្សព្វផ្សាយបន្តនូវអារ្យធម៌របស់យើង។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានកោតសរសើរនូវការយកចិត្តទុកដាក់របស់មគ្គុទ្ទេសក៍ និងក្រុមការងារទាំងអស់ក្នុងការទទួលយកនូវចំណេះដឹង និងបទពិសោធន៍ល្អៗពីគេ ហើយយកមកចែករំលែកដល់មគ្គុទ្ទេសក៍ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតនៅទីនេះ។ ឯកឧត្តមក៏បានគាំទ្រ និងជំរុញឲ្យមានវគ្គបណ្តុះបណ្តាលបែបនេះជាបន្តទៀត។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកក៏ជំរុញឲ្យមានកិច្ចព្រមព្រៀងមួយរវាងអាជ្ញាធរជាតិអប្សរាជាមួយនឹងវិទ្យាស្ថានបណ្តុះបណ្តាលទេសចរណ៍ (IFT) នៃទីក្រុងម៉ាកាវផងដែរ ដើម្បីបង្កើនទំនាក់ទំនង និងអាចដោះដូរបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក៕








នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខួបសោយទិវង្គត៨ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខួបសោយទិវង្គត៨ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
យើងខ្ញុំជាកូន ចៅ ចៅទួត សូមថ្វាយមហាព្រះរាជកុសល ខួប៨ឆ្នាំការយាងសោយព្រះទិវង្គតនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ១៥ តុលា ២០១២ - ១៥ តុលា ២០២០
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ និងសហការីមួយចំនួនទៀត អញ្ជើញចុះសិក្សាស្វែងយល់ពីការងាររៀបចំអភិវឌ្ឍន៍នានានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ មានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
3357
Yesterday
:
7620
This Week
:
44012
This Month
:
0138691
Total
:
012908123