ព័ត៌មានថ្មីៗ

តើមានអ្វីប្លែកចំពោះមគ្គុទ្ទេសក៍ក្រោយទទួលវគ្គបណ្តុះបណ្តាលនៅម៉ាកាវ?

បានផ្សាយនៅ ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ2016 02:51 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០រូប រួមនឹងមន្ត្រី៤រូបនៃអាជ្ញាធរជាតិអប្សរាផង បានចំណាយពេល៩ថ្ងៃទៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីអំឡុងខែមិថុនាកន្លងទៅនេះ។ ដំណើរបេសកកម្មនេះធ្វើឡើងក្រោមការផ្តួចផ្តើមរបស់អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO)។

ក្រោយទទួលបានវគ្គបណ្តុះបណ្តាល នៅព្រឹកនេះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមមគ្គុទ្ទេសក៍ទាំងអស់បានមកធ្វើបទបង្ហាញខ្លីមួយជូនថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ស្តីពីលទ្ធផលដែលខ្លួនទទួលបានពីវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

តាមរយៈបទបង្ហាញ លោក ហែម សោភ័ន្ត មគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេសបានលើកឡើងថា អំឡុងដំណើរបេសកកម្មនេះ ក្រុមការងាររបស់លោកបានសិក្សាមេរៀនចំនួន៥ប្រធានបទសំខាន់ៗគឺ ៖ សារៈសំខាន់នៃសេវាកម្មទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌ ការយល់ដឹងអំពីទេសចរណ៍អន្តរជាតិ ការផ្តល់បទពិសោធន៍ទស្សនាដែលមានគុណភាពតាមរយៈការណែនាំភ្ញៀវ ការបង្ហាញភ្ញៀវអំពីបេតិកភណ្ឌពិភពលោក និងការចួលរួមជាមួយសហគមន៍។

ក្រៅពីមេរៀនទាំងនេះ តាមរយៈដំណើរស្រង់បទពិសោធន៍ទៅកាន់រមណីយដ្ឋានសំខាន់ៗនៃទីក្រុងម៉ាកាវ លោក សោភ័ន្ត កត់សម្គាល់ឃើញថា “អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះខ្ញុំ គឺអនាម័យ។ ប្រជាជនគេមានការយល់ដឹងខ្ពស់ចំពោះបញ្ហានេះគួរឲ្យសរសើរ។ មានស្លាកសញ្ញាមួយដែលគួរឲ្យចាប់អារម្មណ៍ គឺគេដាក់ថា កន្លែងបន្ទោបង់របស់សត្វឆ្កែ។ នេះមានន័យថា បញ្ហាសំរាម ឬបរិស្ថានទាំងមូលចំពោះមនុស្ស គេគ្រប់គ្រងបានល្អហើយ រហូតគេឈានដល់ការគ្រប់គ្រងអនាម័យរបស់សត្វទៀតផង។ ប្រជាពលរដ្ឋខ្មែរយើងនៅមានចំណុចខ្វះខាតច្រើន នៅពេលទៅកម្សាន្តក្នុងតំបន់រមណីយដ្ឋានម្តងៗ តែងចោលសំរាមពាសវាលពាសកាល ហើយម្នាក់ៗនាំគ្នារអ៊ូថាមិនស្អាត។ នេះជាបទពិសោធន៍ដ៏ល្អដែលយើងគួរតែរៀនតាមគេ ព្រោះការសម្អាតបរិស្ថានគឺជាតួនាទីរបស់យើងទាំងអស់គ្នា មិនត្រូវរង់ចាំតែអ្នកនេះឬអ្នកនោះឡើយ”

ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះជារឿងសំខាន់ណាស់ដើម្បីផ្សព្វផ្សាយអំពីតំបន់អង្គររបស់យើង។ ភ្ញៀវទេសចរដែលមកទស្សនាអង្គរ គឺជាទេសចរណ៍វប្បធម៌។ ដូច្នេះ លើសពីការមកកម្សាន្ត ទិញនេះទិញនោះ គឺគេចង់ដឹងអំពីវប្បធម៌របស់យើង។ តាមរយៈមគ្គុទ្ទេសក៍នេះហើយ ដែលអាចជួយពន្យល់បកស្រាយអំពីវប្បធម៌របស់យើង ធ្វើយ៉ាងណាឲ្យគេទទួលបាននូវបទពិសោធន៍ទស្សនាមួយ ដែលប្រកបដោយខ្លឹមសារ ធ្វើឲ្យគេចងចាំអំពីអារ្យធម៌របស់យើង និងផ្សព្វផ្សាយបន្តនូវអារ្យធម៌របស់យើង។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានកោតសរសើរនូវការយកចិត្តទុកដាក់របស់មគ្គុទ្ទេសក៍ និងក្រុមការងារទាំងអស់ក្នុងការទទួលយកនូវចំណេះដឹង និងបទពិសោធន៍ល្អៗពីគេ ហើយយកមកចែករំលែកដល់មគ្គុទ្ទេសក៍ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតនៅទីនេះ។ ឯកឧត្តមក៏បានគាំទ្រ និងជំរុញឲ្យមានវគ្គបណ្តុះបណ្តាលបែបនេះជាបន្តទៀត។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកក៏ជំរុញឲ្យមានកិច្ចព្រមព្រៀងមួយរវាងអាជ្ញាធរជាតិអប្សរាជាមួយនឹងវិទ្យាស្ថានបណ្តុះបណ្តាលទេសចរណ៍ (IFT) នៃទីក្រុងម៉ាកាវផងដែរ ដើម្បីបង្កើនទំនាក់ទំនង និងអាចដោះដូរបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក៕








ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
18
ថ្ងៃនេះ
:
15455
ម្សិលមិញ
:
73217
សប្តាហ៍នេះ
:
159561
ខែនេះ
:
0159561
សរុប
:
015229364