ព័ត៌មានថ្មីៗ

សកម្មភាពការងារសង្គ្រោះភ្ញៀវ និងរើសបានរបស់ភ្ញៀវរបស់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ2016 10:36 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ភ្នាក់ងារទេសចរណ៍មានតួនាទីសំខាន់ណាស់ក្នុងការណែនាំទិសដៅទស្សនា មើល សកម្មភាពនានារបស់ទេសចរ ពន្យល់ណែនាំ ក៏ដូចជាជួយដោះស្រាយបញ្ហាផ្សេងៗដែលនឹង កើតឡើងជាយថាហេតុចំពោះអ្នកទស្សនាទាំងអស់ ក្នុងតំបន់អង្គរឱ្យពួកគេកក់ក្តៅ។

ក្នុងនោះ អ្វីដែលភ្នាក់ងារទេសចរណ៍តែងតែយកចិត្តទុកដាក់ជាប្រចាំ គឺការជួយ សង្គ្រោះភ្ញៀវទេសចរពេលមានគ្រោះថ្នាក់ និងការរើសបានរបស់ភ្ញៀវ។ បើយោងតាមរបាយ ការណ៍សកម្មភាពការងាររយៈពេល០៦ខែនៃឆ្នាំ២០១៦ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ អង្គរនៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្រុមការងារបានជួយសង្គ្រោះភ្ញៀវលើបញ្ហាដូចជា៖ ដួល គ្រិច ថ្លោះដៃជើង ខ្យល់គរ ងងឹតមុខ ប៉ះក្បាលនឹងហោជាង ឬរោងទង ដួលសន្លប់ ដោយ សារអាកាសធាតុក្តៅ និងសត្វស្វាខាំ។ តែបញ្ហាទាំងនេះមិនមានច្រើនទេនៅតំបន់អង្គរ ដែល ពេលខ្លះកើតឡើងដោយសារភ្ញៀវមានការធ្វេសប្រហែស មិនគោរពតាមការណែនាំ ឬស្លាក សញ្ញាហាមឃាត់ជាដើម។

ប៉ុន្តែទោះជាយ៉ាងណា ក៏ក្រុមការងារអាជ្ញាធរជាតិអប្សរាបានជួយសង្គ្រោះភ្ញៀវទាន់ពេលវេលាផងដែរ ដោយសហការជាមួយនគរបាលទេសចរណ៍និងនគរបាលបេតិកភណ្ឌ ជួយភ្ញៀវ ក្នុងករណីស្រាល តែបើក្នុងករណីរបួសធ្ងន់គឺបញ្ជូនទៅមន្ទីរពេទ្យ ដោយមានការឯកភាពពីភ្ញៀវ។ ទងនឹងការដោះស្រាយបញ្ហាខាងលើឱ្យកាន់តែមានប្រសិទ្ធភាព នាពេលកន្លងមកថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏បានវគ្គបណ្តុះបណ្តាលប្រធានភ្នាក់ងារទេសចរណ៍ចំនួន២០រូបផងដែរអំពីការសង្រ្គោះបឋមដែលបង្រៀនដោយអ្នកជំនាញអាមេរិក ដើម្បីឱ្យបុគ្គលិកមានសមត្ថភាពច្បាស់លាស់ អាចសង្គ្រោះភ្ញៀវប្រកបដោយជំនាញ។

បើតាមការបញ្ជាក់ពីឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាថា នៅថ្ងៃអនាគតក្រុមការងារតាមប្រាសាទទាំងអស់ នឹងមានកាបូបសម្រាប់ដាក់ថ្នាំមួយចំនួននិងបង់រុំ របួសតាមខ្លួន ដើម្បីជួយដោះស្រាយបញ្ហាជូនភ្ញៀវបានភ្លាមៗនៅនឹងកន្លែង ព្រោះនៅថ្ងៃក្រោយតំបន់អង្គរកាន់តែល្បី កំណើនទេសចរណ៍នឹងកាន់តែកើនឡើង អាជ្ញាធរជាតិអប្សរាក៏ត្រូវតែយកចិត្តទុកដាក់ចំពោះភ្ញៀវកាន់តែខ្លាំងផងដែរ ដើម្បីបង្កើនភាពកក់ក្តៅនិងទំនុកចិត្តខ្ពស់ដល់ពួកគេ។ ឯកឧត្តមបន្តទៀតថា ពេលថ្មីៗមកនេះ អាជ្ញាធរជាតិអប្សរាក៏បានបន្ថែមក្រុមការងារនៅតាមបណ្តាប្រាសាទជាច្រើននាក់ទៀត ដើម្បីរាយការណ៍និងជួយសង្គ្រោះភ្ញៀវ យកចិត្តទុកដាក់ចំពោះភ្ញៀវបានកាន់តែទូលំទូលាយជាងមុន។

ចំណែកការរើសបានរបស់របរភ្ញៀវដែលភ្លេចនៅតាមបណ្តាប្រាសាទវិញ ក៏អាជ្ញាធរជាតិអប្សរា ក៏មានកិច្ចសហការយ៉ាងរលូនជាមួយនគរបាលទេសចរណ៍និងនគរបាលបេតិកភណ្ឌ ជួយស្វះស្វែងរកនិងប្រគល់ជូនម្ចាស់វិញបានយ៉ាងច្រើនករណី ដូចជា៖ ទូរសព្ទដៃ កាបូបស្ពាយ កាបូបលុយ ម៉ាស៊ីនថត កាតអេធីអ៊ឹម សំបុត្រឆ្លងដែន ជើងទម្រម៉ាស៊ីនថត។ល។ ចំពោះរបស់ដែលរកមិនឃើញ ភ្នាក់ងារទេសចរណ៍ក៏បានណែនាំភ្ញៀវឱ្យដាក់ពាក្យបណ្តឹងនៅអង្គភាពនគរបាលទេសចរណ៍។ រីឯករណីរកឃើញសម្ភារៈហើយ តែគ្មានម្ចាស់មករក ភ្នាក់ងារទេសចរណ៍បានធ្វើការប្រគល់ជូននគរបាលទេសចរណ៍ជាអ្នករក្សាទុក ដើម្បីរង់ចាំម្ចាស់ទាក់ទងមកទទួល។ ទង្វើទាំងនេះក៏ទទួលបាននូវការអរគុណ និងការកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកទេសចរជាតិនិងអន្តរជាតិមិនដាច់ពីមាត់ ព្រមទាំងការបង្ហាញពីការស្រឡាញ់ និងទំនុកចិត្តរបស់ពួកគេមកលើភ្នាក់ងារអាជ្ញាធរជាតិអប្សរានិងសមត្ថកិច្ចពាក់ព័ន្ធក្នុងតំបន់អង្គរទៀតផង។

ជាការពិតណាស់ ក្នុងនាមជាអ្នកមើលថែ គ្រប់គ្រង និងរៀបចំតំបន់អង្គរ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ជានិច្ចលើគ្រប់បញ្ហាដែលកើតឡើងនៅក្នុងតំបន់អង្គរ ពិសេសគឺសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ បរិស្ថាន និងភាពងាយស្រួលដល់ទេសចរ សំដៅធ្វើយ៉ាងណាគឺឱ្យទេសចរមកទស្សនាកម្ពុជាម្តងហើយ ចង់មកទស្សនាម្តងទៀត។ ម្យ៉ាងវិញទៀត ភាពសុចរិត ស្នាមញញឹម ការជួយឈឺឆ្អាលនឹងសុខទុក្ខរបស់ភ្ញៀវ ការយកចិត្តទុកដាក់នឹងសេវាកម្មចំពោះភ្ញៀវបានល្អ គឺជាផ្នែកមួយជួយលើកតម្លៃនិងកិត្តិយសនៃប្រទេសជាតិ ពិសេសគឺអាចទាក់ទាញទេសចរឱ្យមកទស្សនាប្រទេសរបស់យើងបានកាន់តែច្រើនផងដែរ៕
































 
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៤សំណើ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៨សំណើ៕
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខួបសោយទិវង្គត៨ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
សូមថ្វាយមហាព្រះរាជកុសល
( ថ្ងៃទី 15 ខែ តុលា ឆ្នាំ2020 )
យើងខ្ញុំជាកូន ចៅ ចៅទួត សូមថ្វាយមហាព្រះរាជកុសល ខួប៨ឆ្នាំការយាងសោយព្រះទិវង្គតនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ១៥ តុលា ២០១២ - ១៥ តុលា ២០២០
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ និងសហការីមួយចំនួនទៀត អញ្ជើញចុះសិក្សាស្វែងយល់ពីការងាររៀបចំអភិវឌ្ឍន៍នានានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ មានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
3051
ម្សិលមិញ
:
9096
សប្តាហ៍នេះ
:
52802
ខែនេះ
:
0147481
សរុប
:
012916913