ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកអង្គរធំដាំកូនឈើចំនួន១០០០ដើមនៅលើខ្នងទំនប់បារាយណ៍ក្រចាប់

បានផ្សាយនៅ ថ្ងៃទី 14 ខែ កក្កដា ឆ្នាំ2016 02:14 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ឯកឧត្តម សឺង គង់ ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរានិងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមក្នុងពិធីដាំកូនឈើជាមួយនឹងអាជ្ញាធរស្រុក ឃុំ ភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅលើខ្នងទំនប់បារាយណ៍ក្រចាប់ជាប់នឹងវិទ្យាល័យអង្គរធំស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៦។

នៅក្នុងពិធីដាំកូនឈើនេះ ឯកឧត្តម សឺង គង់ បានមានប្រសាសន៍ថា ដោយការស្នើសុំកូនឈើពីលោកនាយកសាលា និងអាជ្ញាធរមូលដ្ឋានមកអាជ្ញាធរជាតិអប្សរាទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថានបានកូនឈើចំនួន១០០០ដើមមានប្រភេទ កូនបេង គគីរ ឈើទាល អង្កាញ់ និងក្ងោក ដើម្បីយកទៅដាំលើខ្នងទំនប់បារាយណ៍ក្រចាប់ដែលមានទំហំផ្ទៃដីបណ្តោយ៥០០ម៉ែត្រ និងទទឹង៥០ម៉ែត្រដើម្បីការពារការហូរច្រោះដីទៅក្នុងបារាយណ៍ ក៏ដូចជាការលើកសម្រស់សោភណភាពបុរាណដ្ឋាន និងប្រាង្គប្រាសាទក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យទស្សនាផង។

ឯកឧត្តមបានបន្តថា ‍«ព្រៃឈើមានសារៈសំខាន់ និងផលប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្ស សត្វ ជាក់ស្តែងដូចយើងបានដឹងស្រាប់ហើយថានៅក្នុងរដូវប្រាំងកន្លងទៅថ្មីៗនេះ អាកាសធាតុមានការឡើងកម្តៅយ៉ាងខ្លាំងដែលយើងមិនដែលធ្លាប់ជួបប្រទះទេនៅក្នុងប្រទេសកម្ពុជាយើង ហើយទន្ទឹមគ្នានេះដែរ ក៏មានប្រទេសមួយចំនួនដល់ថ្នាក់មានមនុស្សស្លាប់ផងក៏មានដែរ។ នេះ ដោយសារតែការបាត់បង់ព្រៃឈើដែលជាចំណែកមួយជួយថែរក្សាឲ្យមានលំនឹងរវាងបរិយាកាសជាមួយព្រៃឈើ។ ព្រៃឈើអាចរស់នៅបានដោយគ្មានមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅបានដោយគ្មានព្រៃឈើបានទេ»។

លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំបានសំណូមពរឲ្យលោកមេឃុំ មេភូមិ នាយកសាលាសហការគ្នារៀបចំជាក្រុមថែរក្សា និងយាមកាមល្បាតឃ្លាំមើលកូនឈើជាប្រចាំដើម្បីមើលថែខ្លាចក្រែងមានកូនឈើណាមួយងាប់យើងយកកូនឈើថ្មីទៅជួសឡើងវិញ និងម្យ៉ាងវិញទៀត ក្រែងមានប្រជាពលរដ្ឋណាយកកូនឈើធ្វើជាស្នឹងគោនាំឲ្យកូនឈើងាប់ ហើយធ្វើការណែនាំពួកគាត់កុំឲ្យធ្វើបែបនេះតទៅទៀត។ លោកបានបញ្ជាក់ថា «ការដាំគឺជាការងាយស្រួលទេតែការថែរក្សាគឺជាការលំបាក»។

លោកមេឃុំ មេភូមិ នាយកសាលា សិស្សានុសិស្សនិងប្រជាពលរដ្ឋបានធ្វើការប្តេជ្ញាចិត្តថានឹងចូលរួមដាំកូនឈើឲ្យបានច្រើន និងជួយថែរក្សាការពារកូនឈើមិនឱ្យងាប់ទេ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពរាំងស្ងួត ការកើនឡើងនូវកម្តៅ និងការពារបរិស្ថានជាមួយរាជរដ្ឋាភិបាលក៏ដូចជាពិភពលោកទាំងមូល។មួយវិញទៀត ការដាំកូនឈើនេះ វាបានជួយកាត់បន្ថយសារធាតុពុល ជួយឲ្យភូមិ ឃុំ ស្រុកមានភាពត្រជាក់ត្រជុំ និងបង្កើនសោភណភាពដ៏ស្រស់បំព្រងដល់ភូមិឃុំស្រុកក៏ដូចជាប្រាង្គប្រាសាទព្រមទាំងបុរាណដ្ឋានយើងផងដែរ។

នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរជាតិអប្សរាបានផ្តល់កូនឈើ និងចូលរួមដាំកូនឈើជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ ជាក់ស្តែងដូចជាកាលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមដាំកូនឈើជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែងខេត្តសៀមរាប។ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ចំពោះបរិស្ថានមិនថាក្នុងតំបន់រមណីយដ្ឋានអង្គរឬក្រៅតំបន់រមណីយដ្ឋាននោះទេ។

អាជ្ញាធរជាតិអប្សរាសូមគាំទ្រនិងលើកទឹកចិត្តយ៉ាងពេញទំហឹងចំពោះសកម្មភាពដាំកូនឈើ និងការថែរក្សាការពារព្រៃឈើ ហើយជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់គ្រប់ស្ថាប័នទាំងអស់មិនថាអាជា្ញធរដែនដី ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទេ ដែលចង់បានកូនឈើយកទៅដាំ សូមទាក់ទងមកមជ្ឈមណ្ឌលអាជា្ញធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងផ្តល់ជូនកូនឈើតាមសំណូមពរ តិចច្រើនតាមលទ្ធភាពជាក់ស្តែង។










អាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ដែលការណ៍នេះធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់នេះ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង។ នារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ បើទោះបីជាមានការរំខានដោយសារជំងឺកូវីដ១៩យ៉ាងណាក្ដី
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើស្នើសុំជួសជុលតូចតាចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ។
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅ នៅបរិវេណប្រាសាទអង្គរវត្ត ដែលប្រព័ន្ធនេះ នឹងធ្វើឱ្យវាលស្មៅទាំងអស់ មានភាពបៃតងខួបប្រាំងខួបវស្សា។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់អាជ្ញាធរជាតិអប្សរានៅចុងឆ្នាំ២០២០នេះ បើទោះបីជាកម្ពុជាពើបប្រទះវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្ដី។
មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពព្យាបាលនិងជួសជុលវត្ថុបុរាណតាមបែបវិទ្យាសាស្ត្រ រយៈពេល៥ថ្ងៃ ពីថ្ងៃទី២១ដល់២៥ ខែធ្នូ ឆ្នាំ២០២០ ដល់មន្ត្រី-បុគ្គលិកជំនាញជួសជុលនិងអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរាចំនួន១៥នាក់។
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងឆ្នាំ២០២០ ក្រុមការងារបានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាននិងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន៨២៣គ្រួសារ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2614
ម្សិលមិញ
:
7300
សប្តាហ៍នេះ
:
02614
ខែនេះ
:
0160503
សរុប
:
014220358