NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 14 July 2016 02:14 PM Post By ៖ Apsara National Authority
ឯកឧត្តម សឺង គង់ ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរានិងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមក្នុងពិធីដាំកូនឈើជាមួយនឹងអាជ្ញាធរស្រុក ឃុំ ភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅលើខ្នងទំនប់បារាយណ៍ក្រចាប់ជាប់នឹងវិទ្យាល័យអង្គរធំស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៦។

នៅក្នុងពិធីដាំកូនឈើនេះ ឯកឧត្តម សឺង គង់ បានមានប្រសាសន៍ថា ដោយការស្នើសុំកូនឈើពីលោកនាយកសាលា និងអាជ្ញាធរមូលដ្ឋានមកអាជ្ញាធរជាតិអប្សរាទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថានបានកូនឈើចំនួន១០០០ដើមមានប្រភេទ កូនបេង គគីរ ឈើទាល អង្កាញ់ និងក្ងោក ដើម្បីយកទៅដាំលើខ្នងទំនប់បារាយណ៍ក្រចាប់ដែលមានទំហំផ្ទៃដីបណ្តោយ៥០០ម៉ែត្រ និងទទឹង៥០ម៉ែត្រដើម្បីការពារការហូរច្រោះដីទៅក្នុងបារាយណ៍ ក៏ដូចជាការលើកសម្រស់សោភណភាពបុរាណដ្ឋាន និងប្រាង្គប្រាសាទក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យទស្សនាផង។

ឯកឧត្តមបានបន្តថា ‍«ព្រៃឈើមានសារៈសំខាន់ និងផលប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្ស សត្វ ជាក់ស្តែងដូចយើងបានដឹងស្រាប់ហើយថានៅក្នុងរដូវប្រាំងកន្លងទៅថ្មីៗនេះ អាកាសធាតុមានការឡើងកម្តៅយ៉ាងខ្លាំងដែលយើងមិនដែលធ្លាប់ជួបប្រទះទេនៅក្នុងប្រទេសកម្ពុជាយើង ហើយទន្ទឹមគ្នានេះដែរ ក៏មានប្រទេសមួយចំនួនដល់ថ្នាក់មានមនុស្សស្លាប់ផងក៏មានដែរ។ នេះ ដោយសារតែការបាត់បង់ព្រៃឈើដែលជាចំណែកមួយជួយថែរក្សាឲ្យមានលំនឹងរវាងបរិយាកាសជាមួយព្រៃឈើ។ ព្រៃឈើអាចរស់នៅបានដោយគ្មានមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅបានដោយគ្មានព្រៃឈើបានទេ»។

លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំបានសំណូមពរឲ្យលោកមេឃុំ មេភូមិ នាយកសាលាសហការគ្នារៀបចំជាក្រុមថែរក្សា និងយាមកាមល្បាតឃ្លាំមើលកូនឈើជាប្រចាំដើម្បីមើលថែខ្លាចក្រែងមានកូនឈើណាមួយងាប់យើងយកកូនឈើថ្មីទៅជួសឡើងវិញ និងម្យ៉ាងវិញទៀត ក្រែងមានប្រជាពលរដ្ឋណាយកកូនឈើធ្វើជាស្នឹងគោនាំឲ្យកូនឈើងាប់ ហើយធ្វើការណែនាំពួកគាត់កុំឲ្យធ្វើបែបនេះតទៅទៀត។ លោកបានបញ្ជាក់ថា «ការដាំគឺជាការងាយស្រួលទេតែការថែរក្សាគឺជាការលំបាក»។

លោកមេឃុំ មេភូមិ នាយកសាលា សិស្សានុសិស្សនិងប្រជាពលរដ្ឋបានធ្វើការប្តេជ្ញាចិត្តថានឹងចូលរួមដាំកូនឈើឲ្យបានច្រើន និងជួយថែរក្សាការពារកូនឈើមិនឱ្យងាប់ទេ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពរាំងស្ងួត ការកើនឡើងនូវកម្តៅ និងការពារបរិស្ថានជាមួយរាជរដ្ឋាភិបាលក៏ដូចជាពិភពលោកទាំងមូល។មួយវិញទៀត ការដាំកូនឈើនេះ វាបានជួយកាត់បន្ថយសារធាតុពុល ជួយឲ្យភូមិ ឃុំ ស្រុកមានភាពត្រជាក់ត្រជុំ និងបង្កើនសោភណភាពដ៏ស្រស់បំព្រងដល់ភូមិឃុំស្រុកក៏ដូចជាប្រាង្គប្រាសាទព្រមទាំងបុរាណដ្ឋានយើងផងដែរ។

នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរជាតិអប្សរាបានផ្តល់កូនឈើ និងចូលរួមដាំកូនឈើជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ ជាក់ស្តែងដូចជាកាលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមដាំកូនឈើជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែងខេត្តសៀមរាប។ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ចំពោះបរិស្ថានមិនថាក្នុងតំបន់រមណីយដ្ឋានអង្គរឬក្រៅតំបន់រមណីយដ្ឋាននោះទេ។

អាជ្ញាធរជាតិអប្សរាសូមគាំទ្រនិងលើកទឹកចិត្តយ៉ាងពេញទំហឹងចំពោះសកម្មភាពដាំកូនឈើ និងការថែរក្សាការពារព្រៃឈើ ហើយជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់គ្រប់ស្ថាប័នទាំងអស់មិនថាអាជា្ញធរដែនដី ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទេ ដែលចង់បានកូនឈើយកទៅដាំ សូមទាក់ទងមកមជ្ឈមណ្ឌលអាជា្ញធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងផ្តល់ជូនកូនឈើតាមសំណូមពរ តិចច្រើនតាមលទ្ធភាពជាក់ស្តែង។










នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ មន្ត្រីអាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សានិងជាប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យការស្តារត្រពាំងបុរាណប្រវែងបណ្តោយ១៣០ម៉ែត្រ ទទឹង៧០ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចុះចែកជូនទឹកប្រមាណជិត១៦០០០លីត ស្មើនឹង ៤ ឡាន ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិប្រិយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
19002
Yesterday
:
127742
This Week
:
19002
This Month
:
0672898
Total
:
013655212