ព័ត៌មានថ្មីៗ

មន្ត្រីបុគ្គលិកគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនិងសប្បុរសជនទិញគោយន្តភ្ជួរដី ជូនប្រជាជននៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 12 ខែ កក្កដា ឆ្នាំ2016 01:49 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គោយន្តភ្ជួរដីថ្មីមួយគ្រឿងតម្លៃ១៧៥០ដុល្លារ ជាថវិការបស់ក្រុមហ៊ុន SBI MIEN NAM នៃប្រទេសវៀតណាម រួមទាំងការរួមចំណែកពីប្រជាជន និងក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនៃអាជ្ញាធរជាតិអប្សរាផង បានយកមកជូនប្រជាពលរដ្ឋភូមិធម្មជាតិហើយ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

កម្មវិធីប្រគល់គោយន្តភ្ជួរដីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងអភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងជាទីប្រឹក្សាអាជ្ញាធរជាតិអប្សរា លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក រួមទាំងក្រុមការងារអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋក្នុងភូមិរុនតាឯក១០០គ្រួសារចូលរួមជាកិត្តិយស។ នៅក្នុងថ្ងៃប្រគល់នោះដែរ ក៏មានការរើសប្រធានគ្រប់គ្រងគោយន្ត បេឡា និងអ្នកភ្ជួរ ដើម្បីចាត់ចែងការភ្ជួររាស់និងកាន់កាប់ លុយកាក់សម្រាប់ជួសជុលគោយន្តពេលខូច។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានប្រាប់ថា គោយន្តថ្មីនេះមិនមែនជាកម្មសិទ្ធិរបស់អាជ្ញាធរជាតិអប្សរាទេ វាជាអំណោយរបស់សប្បុរជនក្រុមហ៊ុន SBI MIEN NAM នៃប្រទេសវៀតណាមចំនួន១០០០ដុល្លារ និងការរួមចំណែករបស់អ្នកភូមិ និងក្រុមការងារផងចំនួន៧៥០ដុល្លារដើម្បីបង្គ្រប់តម្លៃទិញគោយន្ត១៧៥០ដុល្លារ ជូនប្រជាជនក្នុងភូមិធម្មជាតិរុនតាឯក។ ដូច្នេះហើយទាំងការគ្រប់គ្រង ការជួសជុល ថ្លៃឈ្នួលអ្នកភ្ជួរ ថ្លៃប្រេង គឺជាបន្ទុករបស់ម្ចាស់ដីស្រែនោះ។

ឯកឧត្តមរំឭកដែរថា ដំបូងឡើយក្រុមហ៊ុន SBI MIEN NAM ចង់យកលុយ១០០០ដុល្លារនោះទិញគ្រឿងឧបភោគបរិភោគជូនអ្នកភូមិ២០គ្រួសារ តែដោយសារអ្នកភូមិនៅទីនេះមានដល់១០០គ្រួសារ ទើបខ្លាចនាំឱ្យមានការអាក់អន់ចិត្តចំពោះគ្នា ហើយបើយកលុយនោះទៅចែកប្រជាជនទាំង២០គ្រួសារ ក៏បានម្នាក់បន្តិច ទើបពិភាក្សាគ្នាថា គួរទិញអ្វីដែលជាប្រយោជន៍រួមទើបល្អជាង ទើបទាំងអ្នកភូមិនិងក្រុមការងារសម្រេចទិញគោយន្តភ្ជួរដីដើម្បីធ្វើកសិកម្មវិញ។

លោក ភ័ន ផល្លា ក៏បានលើកឡើងដែរថា ការទិញគោយន្តភ្ជួរដីនេះ វានឹងចំណេញ សម្រាប់អ្នកភូមិទាំងអស់គ្នា ព្រោះតម្លៃនៃការជួលនឹងថោកជាងតម្លៃទីផ្សារ។ លោកក៏បានផ្តាំផ្ញើដល់ប្រជាជនឱ្យចេះចែកកាលវិភាគគ្នាក្នុងការភ្ជូររាស់ ពិសេសត្រូវយកចិត្តទុកដាក់ថែ រក្សាឱ្យបានល្អ និងចូលរួមសន្សំលុយមួយចំនួនតូចសម្រាប់គ្រប់គ្នាដើម្បីទុកជួសជុលពេល គោយន្តខូច ព្រោះគ្រប់គ្នាសុទ្ធតែទទួលបានប្រយោជន៍ពីគោយន្ត ដូច្នេះគ្រប់គ្នាក៏ត្រូវមានចំណែកក្នុងការទទួលខុសត្រូវពេលគោយន្តខូចដែរ។ លោក ផល្លា ក៏បានឧបត្ថម្ភប្រេងចំនួន២៥លីត្រសម្រាប់ប្រជាជនប្រើប្រាស់ផងដែរ។

លោក ខឿន គីន ប្រធានគ្រប់គ្រងគោយន្តភ្ជួរដែលជាប់ដោយការបោះឆ្នោតជ្រើសតាំងរបស់អ្នកភូមិ ក៏បានសម្តែងនូវសេចក្តីរំភើបជាខ្លាំងចំពោះក្រុមហ៊ុន SBI MIEN NAM ពិសេសក្រុមការងារភូមិធម្មជាតិរុនតាឯក ដែលបានផ្តល់ថវិកាដើម្បីទិញគោយន្តភ្ជួរនេះឱ្យអ្នកភូមិប្រើប្រាស់សម្រាប់ធ្វើកសិកម្ម ហើយការឱ្យនេះវាទាន់ពេលល្មមសម្រាប់ការធ្វើស្រែចម្ការរបស់ពួកយើង៕












នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាអធិបតីក្នុងការបើកកម្មវិធីប្រឡងជ្រើសរើសមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០នាក់ ក្នុងចំណោម៣៦នាក់ ដើម្បីទទួលការបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងនិងបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក រយៈពេល៩ថ្ងៃ នៅទីក្រុងម៉ាកាវសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។
ក្នុងគោលដៅថែរក្សាការពារ និងលើកកម្ពស់គុណតម្លៃរមណីយដ្ឋានអង្គរឲ្យស័ក្តសមជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងមួយដល់បងប្អូនអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្មលក់ដូរ និងផ្ដល់សេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរដើម្បីហាមឃាត់មិនឲ្យដាក់តាំងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅតាមហាង ឬតូបលក់ដូរ និងបានដាក់សំណើមួយទៀតទៅដល់ក្រុមហ៊ុន ស្រាបៀរនិងភេសជ្ជៈទាំងឡាយដែលមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អង្គរ អោយមករុះរើផ្ទាំងផ្សព្វផ្សាយរបស់ខ្លួនទាំងអស់ អោយបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ព្រោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះ បាននឹងកំពុងបង្កផលប៉ះពាល់ដល់ទេសភាពវប្បធម៌ និងបទដ្ឋានបេតិកភណ្ឌដែលកំណត់តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
ទំនៀមឆ្លងចេត្ររបស់អ្នកស្រុកអង្គរ
( ថ្ងៃទី 26 ខែ មេសា ឆ្នាំ2016 )
«ឆ្លងចេត្រ» ជាពិធីបុណ្យដែលមានតាំងពីបរមបុរាណ ហើយអ្នកភូមិគិរីមានន្ទនិងស្រុកភូមិមួយចំនួនទៀតនៃតំបន់អង្គរតែងនាំគ្នាប្រារព្ធធ្វើឥតដាច់ បន្ទាប់ពីចប់ចូលឆ្នាំថ្មីប្រពៃណីជាតិមួយឬពីរអាទិត្យ តាមការមូលមតិគ្នាជាឯកច្ឆ័ន្ទរបស់ប្រជាពលរដ្ឋ អាចារ្យ និងគណៈកម្មការភូមិឃុំ។
រមណីយដ្ឋានអង្គរមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលគ្របដណ្តប់ទៅដោយព្រៃឈើ៥.៧៣៧ហិកតា និងដីមិនមានគម្របព្រៃឈើ ៣៤.៣៧៨ហិចតា ព្រមទាំងមានប្រាសាទចំនួន៩១។ តាមប្រាសាទនីមួយៗមានដើមឈើដុះចម្រុះលាយឡំគ្នាជាច្រើន នៅក្នុងបរិវេណប្រាសាទទាំងអស់នោះ។ ទន្ទឹមនឹងផ្តល់ប្រយោជន៍ដល់មនុស្ស និងប្រាសាទ ព្រៃឈើក៏អាចបង្កគ្រោះថ្នាក់មួយចំនួនផងដែរ ដូចជា ការដួលរលំ ឬបាក់មែកប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ ឬមនុស្សដែលឆ្លងកាត់ជាដើម។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
34176
ម្សិលមិញ
:
40656
សប្តាហ៍នេះ
:
74832
ខែនេះ
:
0159688
សរុប
:
011985319