ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសសង្គ្រោះបឋម ដល់មន្ត្រីពាក់ព័ន្ធប្រចាំការក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 01 ខែ កក្កដា ឆ្នាំ2016 02:40 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រធានភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាតាមបណ្តាប្រាង្គប្រាសាទនានា មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ប្រចាំតំបន់ឧទ្យានអង្គរ កំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋម ពីក្រុមអ្នកជំនាញ The CPR Hero training center មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ វគ្គសិក្សានេះធ្វើឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះមានប្រសាសន៍ថា គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរ។ “ដូចយើងដឹងស្រាប់ហើយ បច្ចុប្បន្នអង្គរ គឺជាតារាមួយដួងដែលភ្ញៀវទេសចរជាច្រើនកំពុងចាប់អារម្មណ៍។ ដូច្នេះ យើងត្រូវព្យាយាមពង្រឹងគុណភាពនៃការទស្សនានេះឲ្យរឹងរឹតតែប្រសើរឡើងថែមទៀត។ ភ្ញៀវទេសចរមានច្រើន ដូច្នេះ ឧបទ្ទហេតុចំពោះពួកគាត់ច្បាស់ជាគេចមិនផុតឡើយ។ ការចេះវិធីសាស្ត្រជួយសង្គ្រោះពួកគាត់បានទាន់ពេល និងប្រកបដោយសុវត្ថិភាព ក៏ជាតម្រូវការចាំបាច់មួយសម្រាប់យើងអ្នកធ្វើការពាក់ព័ន្ធនឹងអង្គរទាំងអស់គ្នា”។

វគ្គសិក្សានេះ បានផ្តោតសំខាន់លើរបៀបជួយឱ្យមានដំណើរការដង្ហើមឡើងវិញនិងការវាយតម្លៃជនរងគ្រោះថា តើគ្រោះថ្នាក់កម្រិតណាដែលអាចជួយនៅនឹងកន្លែង ហើយកម្រិតណាដែលត្រូវការឡានពេទ្យជាចាំបាច់។ បើទោះជាត្រូវការឡានពេទ្យក៏ដោយ ក៏អ្នកដែលចេះវិធីជួយសង្គ្រោះបឋមអាចជួយឲ្យពួកគាត់រួចផុតពីគ្រោះថ្នាក់បាន ក្នុងករណីដែលត្រូវរង់ចាំឡានសង្គ្រោះបន្ទាន់។ បន្ថែមពីនោះក៏មានការហ្វឹកហាត់ឆ្លើយតបទៅនឹងឧបទ្ទវហេតុជាយថាហេតុ ធ្វើយ៉ាងណាបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យឬគោលដៅសុវត្ថិភាពដែលនៅក្បែរបំផុតបានទាន់ពេលវេលា។

ដោយសារមេរៀននេះមានសារៈសំខាន់ ឯកឧត្តមបញ្ជាក់ថា នឹងពង្រីកវគ្គបណ្តុះបណ្តាលនេះទៅកាន់អ្នកពាក់ព័ន្ធដទៃទៀតដូចជា មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបើកបរ ឬក៏អ្នកស្រុកផ្ទាល់តែម្តង ព្រោះចំណេះដឹងនេះចេះរឹតតែច្រើនរឹតតែល្អចំពោះសេវាទេសចរណ៍។ ដោយឡែក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារ The CPR Hero training center នឹងចុះទៅពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរមួយចំនួនដោយឥតគិតថ្លៃផងដែរ៕








រចនាសម្ពន្ធកំពែងទី៣នៃប្រាសាទបន្ទាយស្រីដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្សធ្វើការជួសជុលនិងទល់ទ្រឱ្យរួចផុតពីហានីភ័យ។ កំពែងទី៣ដែលបានជួសជុលនិងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប៤០ម៉ែត្រ។
នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ភ្នាក់ងារព្រៃឈើ ឆ្មាំប្រាសាទ ពលករនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដាំកូនឈើឡើងវិញនៅទីតាំងដែលមានការកាប់ទន្ទ្រានដីព្រៃនៃតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលតំបន់នេះកន្លងមករងការកាប់ទន្រ្ទានខុសច្បាប់ពីពលរដ្ឋមួយចំនួន ក្នុងបំណងពង្រីកផ្ទៃដីចម្ការ និងកាន់កាប់ដោយខុសច្បាប់។
ព្យុះនូលដែលកើតឡើងកាលពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានបណ្តាលឱ្យផ្នែកខ្លះនៃព្រះរាជាណាចក្រកម្ពុជាទទួលបានទឹកភ្លៀងដ៏ច្រើន។ ខេត្តសៀមរាបក៏ទទួលបានទឹកភ្លៀងជាច្រើនផងដែរ។
នៅក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់និងសោភ័ណភាពនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យដំណើរការបន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិដែលមានទីធ្លាធំទូលាយ និងបំពាក់ទៅដោយសម្ភារ បរិក្ខារ ទំនេីប នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងទីលានបដិសណ្ឋារកិច្ច។
កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វឆ្មារដាវ(Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន១គូ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតខ្លោងតាកាវសម្រាប់កេងកងតូច និងនៅជិតខ្លោងដីឆ្នាំងសម្រាប់ឆ្មារដាវ ដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែងសត្វទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
1327
ម្សិលមិញ
:
9096
សប្តាហ៍នេះ
:
51078
ខែនេះ
:
0145757
សរុប
:
012915189