ព័ត៌មានថ្មីៗ

ការងារអភិរក្សនិងលទ្ធផលស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរានៅរមណីយដ្ឋានភ្នំគូលែន

បានផ្សាយនៅ ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ2016 01:41 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ភ្នំគូលែន ជាឧទ្យានជាតិមួយដែលបានបង្កើតនិងកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ឈ្មោះថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានផ្ទៃដីសរុប ៣៧.៣៧៣ហិកតា។ យោងតាមទិន្នន័យស្រាវជ្រាវផ្ទាល់និងទិន្នន័យ LiDAR បានសន្និដ្ឋានថា ភ្នំគូលែនជាទីក្រុងបុរាណមួយដែលមានបុរាណដ្ឋានរាប់រយគួរឱ្យកត់សម្គាល់។

អាជ្ញាធរអប្សរាមានភារកិច្ចគ្រប់គ្រង និងអភិរក្សបេតិកភណ្ឌនៅទូទាំងខេត្តសៀមរាប ទាំងមូល រួមទាំងបុរាណដ្ឋានដែលស្ថិតនៅក្នុងឧទ្យានជាតិភ្នំគូលែន ស្របតាមខ្លឹមសារនៃព្រះរាជក្រមលេខ នស/រកត/០១៩៦/២៦ ចុះថ្ងៃទី ២៥ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាស្តីពី «ការអភិរក្សនិងបញ្ហាប្រឈមនៅភ្នំគូលែន» កាលពីថ្មីៗថា៖ អាជ្ញាធរជាតិអប្សរាបានចូលទៅគ្រប់គ្រងភ្នំគូលែនចាប់តាំងពីឆ្នាំ២០០៤ លើផ្នែកបុរាណដ្ឋាន។ តាមការស្រាវជ្រាវរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរជាមួយមូលនិធិបុរាណវិទ្យាដើម្បីអភិវឌ្ឍន៍ (ADF) បូករួមនឹងទិន្នន័យកន្លងមក ឃើញថាមានបុរាណដ្ឋានចំនួន៨៦កន្លែង គឺមានប្រាសាទចំនួន២៩ ពើងចំនួន៣០ និងហេដ្ឋារចនាសម្ពន្ធបុរាណដទៃទៀតចំនួន២៧កន្លែង។

លោកបណ្ឌិត ឈាន រដ្ឋា បន្តទៀតថា ប៉ុន្តែចាប់ពីឆ្នាំ២០១២ បន្ទាប់ពីមានជំនួយបច្ចេកវិទ្យាទំនើប LiDAR ដើម្បីធ្វើការស្រាវជ្រាវលើផ្ទៃដីទំហំ៣២គីឡូម៉ែត្រការេមក និងក្រោយពីការចុះពិនិត្យជាក់ស្តែង បានរកឃើញបុរាណដ្ឋានចំនួន៣៤០កន្លែងបន្ថែមទៀតលើទិន្នន័យចាស់។ សរុបមក តាមទិន្នន័យមុននិងក្រោយមានបច្ចេកវិទ្យា LiDAR នាឆ្នាំ២០១២ គឺមានបុរាណដ្ឋានសរុបដល់ទៅ៤២៦បុរាណដ្ឋាន។ ដោយឡែកនៅឆ្នាំ២០១៥ បច្ចេកវិទ្យាដ៏ទំនើបមួយនេះ បានធ្វើការពង្រីកការងារស្រាវជ្រាវបន្ថែមលើផ្ទៃដីទំហំ៩០០គីឡូម៉ែត្រការេ បានរកចំនួនបុរាណដ្ឋានបន្ថែមទៀតគួរឱ្យកត់សម្គាល់ ប៉ុន្តែចំនួនពិតប្រាកដនឹងបញ្ជាក់បន្ទាប់ពីពេលក្រុមការងារចុះធ្វើការស្រាវជ្រាវដល់ទីតាំងផ្ទាល់។

កន្លងមក អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់លើការងារអភិរក្សបុរាណដ្ឋាននៅក្នុងឧទ្យានជាតិមួយនេះយ៉ាងយកចិត្តទុកដាក់ដូចជា ទល់ទ្រចំណុចគ្រោះថ្នាក់ដល់ប្រាសាទបាន៥ប្រាសាទ ជួសជុលប្រាសាទអូរផ្អុងដំណាក់កាលទី១រួចរាល់ ដាក់បង្គោលនិងខែ្សរបាការពាររូបចម្លាក់លិង្គមួយពាន់ប្រវែង៥០០ម៉ែត្រ។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរាត្រឹមតែការពារបុរាណដ្ឋាន តែក៏បានរួមចំណែកក្នុងការការពារសុវត្ថិភាព បរិស្ថាន និងអនាម័យផងដែរ ដូចជា សាងសង់រោងឆ្មាំចំនួន១ខ្នង បង្គន់អនាម័យចំនួន២ខ្នង ដំាដើមឈើចំនួន ៥០០០ដើមនៅតំបន់ការពារប្រាសាទអ្នកតា និងកាត់សម្អាតកូនរុក្ខជាតិដែលដុះនៅលើប្រាសាទជាប្រចាំផងដែរ។

ក្រៅពីការងារអភិរក្សហើយ អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយមូលនិធិបុរាណវិទ្យាដើម្បីអភិវឌ្ឍន៍ (ADF) ស្រាវជ្រាវរុករកបុរាណដ្ឋានថ្មីៗឃើញចំនួនសរុប៤២៦បុរាណដ្ឋាន ធ្វើកំណាយស្រាវជ្រាវ និងបានកំណត់តំបន់ការពារបុរាណដ្ឋានបានចំនួន៥តំបន់រួចរាល់។ បន្ថែមពីនោះទៀត ក៏បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍របស់ប្រទេសសិង្ហបុរី ធ្វើកំណាយស្រាវជ្រាវនៅបន្ទាយគ្រូចារ្យនិងសីមាពាមគ្រែផងដែរ៕
















នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ដើមដំបូងមុន12345...337338បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
1154
ម្សិលមិញ
:
6412
សប្តាហ៍នេះ
:
19295
ខែនេះ
:
0246159
សរុប
:
012071790