ព័ត៌មានថ្មីៗ

អ្នកជំនាញថា ព្រៃឈើពិតជាមានសារៈសំខាន់សម្រាប់ជួយទ្រទ្រង់ប្រាសាទ

បានផ្សាយនៅ ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ2016 08:03 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ព្រៃឈើមានគុណសម្បត្តិច្រើនណាស់ សម្រាប់មនុស្សជាតិ បើទោះបីជាព្រៃឈើមិនមានដៃជើងជួយដោយផ្ទាល់ក៏ដោយ តែជួយដោយប្រយោល ជាពិសេសជាងនេះទៀតនោះ “ ព្រៃឈើក៏បានជួយទ្រទ្រង់ថែទាំដល់ប្រាង្គប្រាសាទនានាក្នុង និងក្រៅតំបន់រមណីយដ្ឋានអង្គរផងដែរ”។ នេះបើតាមការលើឡើងរបស់ លោកបណ្ឌិត ថូម៉ាស វ័រសេដ ( THORMAS WARSCHEID) កាលពីរសៀលថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅសាលបណ្តុះបណ្តាលអង្គរ-អាជ្ញាធរជាតិអប្សរា។ 

បទបង្ហាញស្តីពី ស្លែ និងថ្មប្រាសាទ បញ្ហាប្រឈម និងដំណោះស្រាយ ដោយលោកបណ្ឌិត ថូម៉ាស វ័រសេដ ( THORMAS WARSCHEID) បានទាញចំណាប់អារម្មណ៍អ្នកចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកស្រាវជ្រាវ មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកសារព័ត៌មាន បានធ្វើឡើងប្រកបដោយភាពជោគជ័យ និងទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមស្តាប់។

លោកបណ្ឌិត THORMAS WARSCHEID អ្នកជំនាញភូមិវិទ្យា និងជីវវិទ្យាបានលើកឡើងថា លោកមានរូបថតជាច្រើនសន្លឹកពីទសវត្សទី៣០ បង្ហាញពីប្រាង្គប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលត្រូវបានព្រៃឈើព័ទ្ធជិត តែអ្វីដែលចម្លែកនោះ គឺថ្មប្រាសាទនៅតែមានលក្ខណៈល្អ និងបា្រសាទមិនទ្រុឌទ្រោម រចនាសម្ព័ន្ធប្រាសាទនៅមានលក្ខណៈល្អប្រសើរ ដូចជាប្រាសាទបេងមាលា និងប្រាសាទតាកែវជាដើម។ ផ្ទុយទៅវិញប្រាសាទណា ដែលមិនមានព្រៃឈើព័ទ្ធជុំវិញបរិវេណប្រាសាទ រចនាសម្ព័ន្ធក៏មានលក្ខណៈពុកផុយ និងទ្រុឌទ្រោមតាមការវិវត្តន៍របស់អាកាសធាតុ ដូចជាប្រាសាទភ្នំក្រោម និងបា្រសាទអង្គរវត្តជាដើម ។

បើទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ព្រៃឈើមិនមែនសុទ្ធតែអាចជួយឱ្យថ្មប្រាសាទ និងប្រាសាទមានលក្ខណៈប្រសើរទាំងអស់នោះទេ ដូចជាដើមឈើខ្លះដុះនៅខាងក្នុងបរិវេណខឿនប្រាសាទ និងខ្លះទៀតដុះតាមដំបូលប្រាសាទ បណ្តាលឱ្យថ្មប្រាសាទមានសំណើមជានិច្ច រហូតដល់កើតមានស្លែក៏អាចឱ្យថ្មប្រាសាទឆាប់ពុកផុយផងដែរ។

ដូច្នេះហើយ បានជារៀងរាល់ឆ្នាំ អាជ្ញាធរជាតិអប្សរាបានដាំដើមឈើរាប់ម៉ឺនដើមនិងអំពាវនាវឱ្យសាធារណជនចូលរួមដាំដើមឈើទាំងអស់គ្នា។ ទន្ទឹមនឹងនេះ ដើម្បីការពារគ្រោះថ្នាក់ដល់ប្រាសាទ និងភ្ញៀវទេសចរដែលមកទស្សនាក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏មានក្រុមអង្កេតហានិភ័យដើមឈើជាប្រចាំ ដោយកាត់ក្រី ឬកាប់ដកហូតនូវរាល់ដើមណាដែលឃើញថាអាចបង្កគ្រោះថ្នាក់ដល់មនុស្សនិងប្រាសាទ ឬរចនាសម្ព័ន្ធរបស់ប្រាសាទ៕








នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0286
ម្សិលមិញ
:
9096
សប្តាហ៍នេះ
:
50037
ខែនេះ
:
0144716
សរុប
:
012914148