ព័ត៌មានថ្មីៗ

ចម្លាក់ក្រឡោតទាបនៃប្រាសាទអង្គរវត្តនឹងលេចចេញជាសន្លឹករូបថត3Dនៅពេលឆាប់ៗខាងមុខនេះ

បានផ្សាយនៅ ថ្ងៃទី 26 ខែ មិថុនា ឆ្នាំ2016 05:56 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោមកិច្ចសហការនៃអ្នកជំនាញជប៉ុនតាមរយៈវិទ្យាស្ថានវិទ្យាសាស្ត្រ ឧស្សាហកម្ម នៃសាកលវិទ្យាល័យតូក្យូ អាជ្ញាធរជាតិអប្សរាបានអនុវត្តគម្រោងថតរចនាសម្ព័ន្ធ និងចម្លាក់ក្រឡោតទាបទាំងអស់នៅប្រាសាទអង្គរវត្ត ដោយប្រើម៉ាស៊ីន 3D laser sensor ដែលអាចផ្តល់រូបភាព 3D ដែលមានភាពសុក្រឹតកម្រិតមីល្លីម៉ែត្រ។ ទិន្នន័យនេះទុកជាឯកសារនឹងយកទៅប្រើក្នុងការងារអភិរក្ស ជួសជុល និងវិភាគលើចម្លាក់ក្រឡោតទាបបានជាច្រើនយ៉ាង។

អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា លោក ទិន ទីណា បានបញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះថា “ចម្លាក់ក្រឡោតទាបនៃប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃលើសលប់នៅព្រះរាជាណាចក្រកម្ពុជា។ តែជាអកុសល ការខូចខាតនៃចម្លាក់នេះកាន់តែមានច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃដោយសារអាយុកាល។ ដូច្នេះយើងត្រូវថតរចនាសម្ព័ន្ធប្រាសាទអង្គរវត្ត រួមទាំងចម្លាក់ក្រឡោតទាបជា digital archival ដោយប្រើ 3D laser sensor ជាឯកសារតម្កល់ទុកសម្រាប់ការងារអភិរក្សព្រោះអាចឲ្យយើងផ្ទៀងផ្ទាត់ឡើងវិញថាតើវាមានការប្រែប្រួលយ៉ាងណាខ្លះ ហើយវាងាយស្រួលដល់ការងារជួសជុលផងបើវាខូចខាតដោយប្រការណាមួយ ព្រោះយើងមានរូបថតនៅសល់។ ម្យ៉ាងទៀត ឯកសារនេះនឹងបានជាតឹកតាងមួយសំខាន់ណាស់ ដើម្បីដឹងថា តើចម្លាក់មួយណា សឹករិចរិល ខូចខាតនៅពេលណា”

លោក ទីណា បន្ថែមថា ការរៀបចំថតរូបទុកជាឯកសារដោយសន្លឹករូបថតធម្មតាក៏បាន តែត្រូវចំណាយយូរណាស់ ទម្រាំបានរួចរាល់។ ដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យតូក្យូ ដើម្បីប្រើប្រាស់ម៉ាស៊ីន3D laser sensor ក្នុងការថត ព្រោះវាមានបច្ចេកវិទ្យាទំនើប អាចធ្វើការងារបានលឿននិងភាពល្អៀងតិចតួចបំផុត។ កិច្ចសហការនេះបានធ្វើឡើងតាំងពីឆ្នាំ២០១២មកម្ល៉េះ ហើយការងារនេះកំពុងដំណើរការនៅឡើយ ដោយគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះនៅសល់តែពីរផ្ទាំងទៀតប៉ុណ្ណោះ។

ទោះជាត្រូវបញ្ចប់ការថតរូបក្តី តែលោកទីណា បន្ថែមថា ការងារនេះនឹងមិនងាយបញ្ចប់ភ្លាមៗដែរ ព្រោះត្រូវធ្វើរបាយការណ៍ដែលមានលក្ខណៈវិទ្យាសាស្ត្រលម្អិតអំពីរូបភាពទាំងនោះវែងឆ្ងាយទៀត។ ប៉ុន្តែ ដោយឆ្លងកាត់ការធ្វើការជាមួយអ្នកជំនាញជប៉ុនមួយរយៈកន្លងមកនេះ អ្នកជំនាញខែ្មរអាចធ្វើការងារនេះបានដោយខ្លួនឯងជាបណ្តើរៗហើយ។ លោកសង្ឃឹមថា បទពិសោធន៍នេះនឹងអាចប្រើប្រាស់សម្រាប់ការងារដូចគ្នានៅក្នុងប្រាសាទដទៃទៀត នៃរមណីយដ្ឋានអង្គរទាំងមូល។

ដោយរៀបរាប់អំពីគម្រោងនៅប្រាសាទផ្សេងៗទៀតលោកទីណាបញ្ជាក់ថា “យើងបានព្យាយាមចាប់ដៃគូសហការជាមួយបណ្តាប្រទេសផ្សេងៗទៀត ដើម្បីធ្វើការងារនេះ។ ជាក់ស្តែង ថ្មីៗនេះយើងបានចុះអនុស្សរណៈមួយជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា QUEENSLAND នៃប្រទេសអូស្រ្តាលីទាក់ទងនឹងគម្រោងសហការដើម្បីរៀបចំចងក្រងឯកសារប្រាសាទចៅស្រីវិបុល"។ គម្រោងនេះតម្រូវឲ្យមានការស្រាវជ្រាវជារៀងរាល់ឆ្នាំ ដោយ ផ្តោតលើការចុះពិនិត្យដល់ទីកន្លែង ការវាស់វែង ការថតរូប និងស្កែនរូបភាពនៅប្រាសាទចៅស្រីវិបុល។ ដោយឡែកនៅពេលឆាប់ខាងមុខនេះ អាជ្ញាធរអប្សរានិងវិទ្យាស្ថាន Guangzhou Urban Planning Design & Survey Research Institute នៃសាធារណៈរដ្ឋប្រជាមានិតចិននឹងរៀបចំការស្រាវជ្រាវរួមគ្នាលើគម្រោង Digital Angkor Thom ដោយប្រើប្រាស់នូវ 3D Laser Scanning , UAV aero photographic, virtual reality ដើម្បីចងក្រង ឯកសារ Digital និងសម្រាប់ការពណ៌នាលម្អិត ការវិភាគវិទ្យាសាស្រ្ត និងការបង្ហាញរូបភាពនៃក្រុងអង្គរធំ៕












នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
0416
ម្សិលមិញ
:
9096
សប្តាហ៍នេះ
:
50167
ខែនេះ
:
0144846
សរុប
:
012914278