ព័ត៌មានថ្មីៗ

កំណាយស្រាវជ្រាវនៅតបន់កោះកែរទទួលបានលទ្ធផលហួសពីការរំពឹងទុក

បានផ្សាយនៅ ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ2016 08:13 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

“ទោះបីជាកន្លងមក មានអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើនបានធ្វើកំណាយសា្រវជ្រាវនៅតាមតំបន់បុរាណស្ថាននានាក្នុងតំបន់អង្គរ និងប្រាសាទជាច្រើនទៀតក្តី តែលទ្ធផលនៃការស្រាវជ្រាវទាំងនោះ មិនសូវទទួលបានបំណែកកុលាលភាជន៍ច្រើនដូចជាការធ្វើកំណាយស្រាវជ្រាវនៅតំបន់កោះកែរនាពេលនេះទេ”។ នេះជាការលើកឡើងរបស់លោកបណ្ឌិត Kyle Latinis ក្នុងបទបង្ហាញកាលពីរសៀលថ្ងៃអង្គារទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅសាលសិក្សាលលៃនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។

បទបង្ហាញដែលបានទាញចំណាប់អារម្មណ៍អ្នកចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកស្រាវជ្រាវ មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកសារព័ត៌មាន បានធ្វើឡើងប្រកបដោយភាពជោគជ័យ និងទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមស្តាប់។ ក្នុងបទបង្ហាញដែលស្តីពីលទ្ធផលបឋមថ្មីៗ ពីការស្រាវជ្រាវបុរាណវិទ្យានៅកោះកែរនេះ លោកបណ្ឌិត Kyle Latinis និងតាមរយៈការសម្របសម្រួលរបស់លោកបណ្ឌិត អ៊ា ដារិទ្ធ បញ្ជាក់ថា លទ្ធផលដែលទទួលបានពីការស្រាវជ្រាវនេះ បានវត្ថុតាងច្រើនហួសពីការរំពឹងទុក ជាពិសេស គឺបំណែកនៃបុរាណវត្ថុ។

លោកបណ្ឌិត Kyle Latinis បានលើកឡើងថា ក្រុមការងារបានរកឃើញជាង២៤២០០បំណែក ដូចជា បំណែកចាន ថូ ក្បាច់ចម្លាក់ ខួចដី កុលាលភាជន៍ ក្បាលមនុស្ស ស្នែងសត្វ ដែលបំណែកវត្ថុខ្លះធ្វើពីមាស សំរឹទ្ធ ដែក ឆ្អឹងសត្វ ស្នែងសត្វ និងដីដុត និងហេដ្ឋារចនាសម្ព័ន្ធបុរាណមួនចំនួនទៀត។ ចំនួននៃបំណែកទាំងនោះ បានមកពីការធ្វើកំណាយ ៣ កន្លែងនៅក្នុងតំបន់កោះកែរ ដែលតំបន់ទី១ ឈ្មោះ កោះកែររណ្តៅទី១ (KK1)មានទំហំ ៨ ម៉ែត្រការ៉េជីកលើទួល រកឃើញបំណែក១១០០០បំណែក តំបន់ទី២ ឈ្មោះថា កោះកែររណ្តៅទី២ (KK2) មានទំហំ ១២ ម៉ែត្រការ៉េជីកលើទួល រកឃើញបំណែក ១២០០០បំណែក និងតំបន់ទី៣ ឈ្មោះ កោះកែររណ្តៅទី៣ (KK3) មានទំហំ ៣៤.៧៥ ម៉ែត្រការ៉េដែលនៅលើប្រឡាយបង្ហូរទឹកបុរាណពីរានហាលចូលទៅគូទឹកប្រាសាទកោះកែររកឃើញបំណែក១២០០បំណែកផងដែរ។

លោកបណ្ឌិត បានបញ្ជាក់ថា នៅមានវត្ថុតាងមួយចំនួនទៀត ដូចជា សម្បកខ្យង និងធ្យូងដែលនៅលើស្រទាប់ដីធម្មជាតិដែលមានជម្រៅមួយម៉ែត្រ ដែលបង្ហាញឱ្យយើងដឹងអំពីអាយុកាលនៃការតាំងទីលំនៅរបស់មនុស្សក្នុងតំបន់កោះកែរ តាំងពីសតវត្សទី៧មកម្ល៉េះ។ លទ្ធផលទាំងនេះ បើធៀបនឹងផ្ទៃដីតំបន់ប្រាសាទកោះកែរទាំងមូល គឺមានចំនួនតិចតួចប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រុមការងាររបស់លោកនឹងបន្តធ្វើកំណាយស្រាវជ្រាវនៅតំបន់នេះ ដើម្បីបានលទ្ធផលបន្ថែមមកបង្ហាញជូនពិភពលោកឱ្យបានដឹងអំពីភាពអស្ចារ្យនៅតំបន់កោះកែរ។

គួរបញ្ជាក់ថា នេះជាកិច្ចការស្រាវជ្រាវមួយដែលធ្វើឡើងដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី ដែលបានចាប់ផ្តើមធ្វើកាលពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ មានរយៈពេល២២ថ្ងៃ មានសមាជិកចំនួន ១២នាក់ មកពីប្រទេសចំនួន៩ ក្នុងនោះ មានប្រទេសកម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ហុងកុង ញ៉ូវហ្សេឡែន ភូមា និងសិង្ហបូរី ដោយផ្តោតលើតំបន់កោះកែរជាចម្បងក្នុងការធ្វើកំណាយស្រាវជ្រាវ៕

















ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។
ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0072
ម្សិលមិញ
:
3855
សប្តាហ៍នេះ
:
03927
ខែនេះ
:
0246666
សរុប
:
011709262