ព័ត៌មានថ្មីៗ

តើអ្វីទៅជាផែនទីហានិភ័យ?

បានផ្សាយនៅ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ2016 02:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំផែនទីមួយ ដែលបង្ហាញនូវស្ថានភាពគ្រោះថ្នាក់នៅតាមប្រាសាទ និងតាមរចនាសម្ព័ន្ធបុរាណដ្ឋាននានា ក្នុងគោលដៅធ្វើយ៉ាងណារកឲ្យឃើញថា តើចំណុចណាមួយដែលកំពុងមានគ្រោះថ្នាក់ខ្លាំង មធ្យម ឬតិចតួច។ ផែនទីនេះមានឈ្មោះថា ផែនទីហានិភ័យ (Risk Map) ជាផែនទីចាត់ចំណាត់ថ្នាក់គ្រោះថ្នាក់ ងាយស្រួលឲ្យសម្រាប់អ្នកអភិរក្សងាយកំណត់ថា តើចំណុចគ្រោះថ្នាក់ណាគួរសង្គ្រោះបន្ទាន់ ហើយចំណុចណាដែលអាចទុកជួសជុលនៅពេលក្រោយ។

ក្នុងបទបង្ហាញទៅកាន់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ កាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៦នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នៅតំបន់អង្គរមានប្រាង្គប្រាសាទធំៗជាច្រើន ដែលរងគ្រោះថ្នាក់ទ្រុឌទ្រោមដោយសារកត្តាផ្សេងៗ មានអាយុកាលនៃការសាងសង់យូរ មានសង្រ្គាមស៊ីវិល អាកាសធាតុ ប្រជាពលរដ្ឋនិងកំណើនភ្ញៀវទេសចរជាដើម។ នៅឆ្នាំ២០១២ យើងបានបង្កើតគម្រោងហានិភ័យ នៃបេតិកភណ្ឌដែលមានគោលដៅ សិក្សាពីហានិភ័យនៃប្រាង្គប្រាសាទ អាកាសធាតុ ប្រព័ន្ធធារាសាស្រ្ត ប្រជាពលរដ្ឋ និងភ្ញៀវទេសចរព្រោះកត្តាទាំងអស់នេះវាជាចង្កោមមួយមានទំនាក់ទំនងគ្នាទាំងអស់។

“ឧទាហរណ៍ថា បើមានដើមឈើមួយដួលឬទ្រេត តើដើមឈើហ្នឹងវាមានទីតាំងនៅកន្លែងណា?។ អញ្ចឹង អ្នកជំនាញអាចប្រាប់ថា ដើមឈើនេះនៅខាងក្នុងវាមានលក្ខណៈមិនល្អ វាពុក ហើយក្នុងករណីធម្មតាដើមឈើ វាមិនដួលឬទ្រេតទេ វាអាចនៅរស់បាន ប៉ុន្តែបើចៃដន្យមានខ្យល់បក់បោកខ្លាំងឬមានទឹកហូរបុកខ្លាំង វាធ្វើឲ្យដើមឈើដួលទៅទិសណា ហើយវាប៉ះពាល់ទៅដល់អ្វីខ្លះ?។ ផែនទីហានិភ័យនេះធ្វើឲ្យយើងដឹងមុនថាបើបញ្ហាកើតឡើងវាចេញទៅបញ្ហាអ្វី?”

ឯកឧត្តមបានបញ្ជាក់ថា នៅពេលដែលយើងដឹងថាវាអាចប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ យើងនឹងចាប់ផ្តើមដកចេញមុន ឬជួសជុលមុននឹងបញ្ហាកើតឡើង។ ដូច្នេះបានជាយើងធ្វើផែនទីក្នុងតំបន់អង្គរទាំងមូល ជាពិសេស ឥឡូវនេះ យើងបានធ្វើផែនទីទាក់ទងនឹងអង្គរធំជុំវិញកំផែងមាន១២គីឡូម៉ែត្រដោយដាក់ជាពណ៌ដើម្បីបង្ហាញ ឲ្យអ្នកគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គររបស់យើងដឹងថា នៅកន្លែងនេះពណ៌ក្រហមគ្រោះថ្នាក់ខ្លាំង ពណ៌ខៀវគ្រោះថ្នាក់មធ្យមនិងពណ៌ទឹកក្រូចត្រូវមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់។ តាមរយៈផែនទីនេះ អាជា្ញធរជាតិអប្សរាអាចធ្វើការសម្រេចចិត្តថាតើយើងគួរតែជួសជុលឬក៏ធ្វើអ្វីមុន?។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ន ក្រុមការងារកំពុងបង្កើតប្រព័ន្ធមួយឲ្យឈ្មោះថា GIS វាជាប្រព័ន្ធមួយទាក់ទងនឹងភូមិសាស្រ្តដែលអនុញ្ញាតឲ្យយើងអាចគណនា ដោយគ្រាន់តែអ្នកជំនាញ បញ្ចូលទិន្នន័យទៅ ប្រព័ន្ធGISនេះអាចគណនាប្រាប់យើងថា នេះជាហានិភ័យដែលនឹងមកដល់បើសិនជាក្នុងករណីមានប្រជាពលរដ្ឋឬភ្ញៀវទេសចរទៅកន្លែងនោះ។ ការធ្វើនេះ យើងត្រូវការអ្នកជំនាញគ្រប់ផ្នែកទាំងអស់ប្រមូលនិងបញ្ចូលទិន្នន័យទៅប្រព័ន្ធ GIS ដើម្បីគណនាហានិភ័យ ដែលវានឹងកើតមានឡើងបើសិនជាយើងមិនព្រមទប់ស្កាត់មុនទេ។

ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីបង្កើតផែនតិហានិភ័យបានជោគជ័យហើយ ក្រុមការងារនឹងបង្កើតផែនទីមួយទៀតឈ្មោះថាផែនទីអាទិភាព។ ផែនទីអាទិភាពនេះគឺយោងទៅលើផែនទីហានិភ័យ នៅពេលផែនទីហានិភ័យធ្វើបានទាំងអស់ហើយ។ ផែនទីអាទិភាពនេះជាផែនទីមួយសម្រាប់អ្នកដឹកនាំ សម្រេចថាគួរធ្វើអ្វីមុននិងគួរធ្វើអ្វីក្រោយទៅតាមស្ថានភាពជាក់ស្តែង៕














នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិង មន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាសហការគ្នាជាមួយអភិបាលស្រុក មេឃុំ មេភូមិបានចុះទៅផ្សព្វផ្សាយពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌ និងកិច្ចការងារផ្សេងៗមួយចំនួនទៀតដល់ប្រជាពលរដ្ឋនៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រៅពីការងារអភិរក្ស រៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារសហគមន៍ បានចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ផលលំបាក និងជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាជនដោយផ្ទាល់ដល់មូលដ្ឋាន។
នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាគ្រោងនឹងដាំដើមគុយនៅក្នុងព្រៃស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលផ្លែគុយនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋរស់នៅតំបន់នេះ។គំនិតចង់បង្កើតគម្រោងនេះឡើង ដោយបានមើលឃើញនូវផលប្រយោជន៍ចំការព្រៃគុយគម្រូរបស់ប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅភូមិថ្នល់បណ្តោយ ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារកនិងថវិកាជាចំណងដៃផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ១៩ គ្រួសារ ដែលនៅក្នុងភូមិចំនួន ៣ គឺ ភូមិស្ទឹងចំនួន៤ នាក់ ភូមិតាភោកចំនួន៩ នាក់ និងភូមិលលៃចំនួន៦នាក់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី០២ ខែសីហាឆ្នាំ២០១៦ នេះ។
កម្មវិធីអប់រំបេតិកភណ្ឌ ក្រោមប្រធានបទ “បេតិកភណ្ឌដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ” ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជាខេត្តសៀមរាប កាលពីចុងខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។ គោលបំណងនៃកម្មវិធីអប់រំនេះ គឺបង្កើនចំណេះដឹងដល់សិស្សនិស្សិតអំពីការងារបេតិកភណ្ឌ និងលើកទឹកចិត្តឲ្យពួកគេចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារ ថែរក្សា និងលើកតម្លៃមរតកដូនតា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
19
ថ្ងៃនេះ
:
9771
ម្សិលមិញ
:
28262
សប្តាហ៍នេះ
:
255517
ខែនេះ
:
0255517
សរុប
:
015325320