ព័ត៌មានថ្មីៗ

តើអ្វីទៅជាផែនទីហានិភ័យ?

បានផ្សាយនៅ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ2016 02:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំផែនទីមួយ ដែលបង្ហាញនូវស្ថានភាពគ្រោះថ្នាក់នៅតាមប្រាសាទ និងតាមរចនាសម្ព័ន្ធបុរាណដ្ឋាននានា ក្នុងគោលដៅធ្វើយ៉ាងណារកឲ្យឃើញថា តើចំណុចណាមួយដែលកំពុងមានគ្រោះថ្នាក់ខ្លាំង មធ្យម ឬតិចតួច។ ផែនទីនេះមានឈ្មោះថា ផែនទីហានិភ័យ (Risk Map) ជាផែនទីចាត់ចំណាត់ថ្នាក់គ្រោះថ្នាក់ ងាយស្រួលឲ្យសម្រាប់អ្នកអភិរក្សងាយកំណត់ថា តើចំណុចគ្រោះថ្នាក់ណាគួរសង្គ្រោះបន្ទាន់ ហើយចំណុចណាដែលអាចទុកជួសជុលនៅពេលក្រោយ។

ក្នុងបទបង្ហាញទៅកាន់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ កាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៦នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នៅតំបន់អង្គរមានប្រាង្គប្រាសាទធំៗជាច្រើន ដែលរងគ្រោះថ្នាក់ទ្រុឌទ្រោមដោយសារកត្តាផ្សេងៗ មានអាយុកាលនៃការសាងសង់យូរ មានសង្រ្គាមស៊ីវិល អាកាសធាតុ ប្រជាពលរដ្ឋនិងកំណើនភ្ញៀវទេសចរជាដើម។ នៅឆ្នាំ២០១២ យើងបានបង្កើតគម្រោងហានិភ័យ នៃបេតិកភណ្ឌដែលមានគោលដៅ សិក្សាពីហានិភ័យនៃប្រាង្គប្រាសាទ អាកាសធាតុ ប្រព័ន្ធធារាសាស្រ្ត ប្រជាពលរដ្ឋ និងភ្ញៀវទេសចរព្រោះកត្តាទាំងអស់នេះវាជាចង្កោមមួយមានទំនាក់ទំនងគ្នាទាំងអស់។

“ឧទាហរណ៍ថា បើមានដើមឈើមួយដួលឬទ្រេត តើដើមឈើហ្នឹងវាមានទីតាំងនៅកន្លែងណា?។ អញ្ចឹង អ្នកជំនាញអាចប្រាប់ថា ដើមឈើនេះនៅខាងក្នុងវាមានលក្ខណៈមិនល្អ វាពុក ហើយក្នុងករណីធម្មតាដើមឈើ វាមិនដួលឬទ្រេតទេ វាអាចនៅរស់បាន ប៉ុន្តែបើចៃដន្យមានខ្យល់បក់បោកខ្លាំងឬមានទឹកហូរបុកខ្លាំង វាធ្វើឲ្យដើមឈើដួលទៅទិសណា ហើយវាប៉ះពាល់ទៅដល់អ្វីខ្លះ?។ ផែនទីហានិភ័យនេះធ្វើឲ្យយើងដឹងមុនថាបើបញ្ហាកើតឡើងវាចេញទៅបញ្ហាអ្វី?”

ឯកឧត្តមបានបញ្ជាក់ថា នៅពេលដែលយើងដឹងថាវាអាចប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ យើងនឹងចាប់ផ្តើមដកចេញមុន ឬជួសជុលមុននឹងបញ្ហាកើតឡើង។ ដូច្នេះបានជាយើងធ្វើផែនទីក្នុងតំបន់អង្គរទាំងមូល ជាពិសេស ឥឡូវនេះ យើងបានធ្វើផែនទីទាក់ទងនឹងអង្គរធំជុំវិញកំផែងមាន១២គីឡូម៉ែត្រដោយដាក់ជាពណ៌ដើម្បីបង្ហាញ ឲ្យអ្នកគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គររបស់យើងដឹងថា នៅកន្លែងនេះពណ៌ក្រហមគ្រោះថ្នាក់ខ្លាំង ពណ៌ខៀវគ្រោះថ្នាក់មធ្យមនិងពណ៌ទឹកក្រូចត្រូវមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់។ តាមរយៈផែនទីនេះ អាជា្ញធរជាតិអប្សរាអាចធ្វើការសម្រេចចិត្តថាតើយើងគួរតែជួសជុលឬក៏ធ្វើអ្វីមុន?។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ន ក្រុមការងារកំពុងបង្កើតប្រព័ន្ធមួយឲ្យឈ្មោះថា GIS វាជាប្រព័ន្ធមួយទាក់ទងនឹងភូមិសាស្រ្តដែលអនុញ្ញាតឲ្យយើងអាចគណនា ដោយគ្រាន់តែអ្នកជំនាញ បញ្ចូលទិន្នន័យទៅ ប្រព័ន្ធGISនេះអាចគណនាប្រាប់យើងថា នេះជាហានិភ័យដែលនឹងមកដល់បើសិនជាក្នុងករណីមានប្រជាពលរដ្ឋឬភ្ញៀវទេសចរទៅកន្លែងនោះ។ ការធ្វើនេះ យើងត្រូវការអ្នកជំនាញគ្រប់ផ្នែកទាំងអស់ប្រមូលនិងបញ្ចូលទិន្នន័យទៅប្រព័ន្ធ GIS ដើម្បីគណនាហានិភ័យ ដែលវានឹងកើតមានឡើងបើសិនជាយើងមិនព្រមទប់ស្កាត់មុនទេ។

ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីបង្កើតផែនតិហានិភ័យបានជោគជ័យហើយ ក្រុមការងារនឹងបង្កើតផែនទីមួយទៀតឈ្មោះថាផែនទីអាទិភាព។ ផែនទីអាទិភាពនេះគឺយោងទៅលើផែនទីហានិភ័យ នៅពេលផែនទីហានិភ័យធ្វើបានទាំងអស់ហើយ។ ផែនទីអាទិភាពនេះជាផែនទីមួយសម្រាប់អ្នកដឹកនាំ សម្រេចថាគួរធ្វើអ្វីមុននិងគួរធ្វើអ្វីក្រោយទៅតាមស្ថានភាពជាក់ស្តែង៕














គម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦តទៅ ។ ការអនុវត្តគម្រោងនេះ យើងសង្កេតឃើញថាសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ការដើរកំសាន្តរបស់ភ្ញៀវទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្ត បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ មន្ត្រីអាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សានិងជាប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យការស្តារត្រពាំងបុរាណប្រវែងបណ្តោយ១៣០ម៉ែត្រ ទទឹង៧០ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចុះចែកជូនទឹកប្រមាណជិត១៦០០០លីត ស្មើនឹង ៤ ឡាន ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិប្រិយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0966
ម្សិលមិញ
:
6412
សប្តាហ៍នេះ
:
19107
ខែនេះ
:
0245971
សរុប
:
012071602