ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់អំពីអាយុកាលនៃទូកបុរាណដែលបានប្រទះឃើញក្នុងភូមិបំពេញរាជ្យ

បានផ្សាយនៅ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ2016 01:47 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី២៦ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោកសាស្ត្រាចារ្យ Azedine Bechaouch លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានប្រកាសថា ទូកបុរាណដែលបានប្រទះឃើញនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកបណ្តោះអាសន្ននៅក្នុងកសិណអង្គរវត្តកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ កន្លងមក មានកាលបរិច្ឆេទនៅឆ្នាំ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានអ្នកជំនាញជាតិ និងអន្តរជាតិសម្តែងការអបអរសាទរ និងគាំទ្រយ៉ាងខ្លាំង ចំពោះការប្រទះឃើញនូវទូកបុរាណដ៏កម្រដំបូងបំផុត ដែលមានអាយុកាលចាស់ជាងគេក្នុងតំបន់អង្គរ។ លោកសាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់ថា អាយុកាលនេះ បានមកពីលទ្ធផលនៃការវិភាគនៅមន្ទីរពិសោធន៍ប្រទេសញូវហ្សេឡែនដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹតនិងច្បាស់បំផុត ហើយមានការទទួលស្គាល់ជាលក្ខណៈសកល។

បើតាមទម្រង់រូបរាងជាក់ស្តែងបានបញ្ជាក់ថា ទូកបុរាណដែលបានកប់ក្នុងដីជម្រៅ៧ម៉ែត្រនេះ ជាប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូល មានប្រវែង១២,៨៣ម៉ែត្រ។ ចំពោះទីតាំងដែលរកឃើញវិញ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប ហូរទៅកាន់ស្រុកពួក។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថា លទ្ធផលដែលទទួលបាននេះជាទិន្នន័យដ៏សំខាន់ ដែលមានគុណតម្លៃយ៉ាងខ្ពស់ចំពោះសាធារណជននិងអ្នកស្រាវជ្រាវ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីអាណាចក្រខ្មែរ ជាពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ អាជ្ញាធរជាតិអប្សរានឹងពិភាក្សាជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយតាំងពិព័រណ៍ឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទស្សនា និងទទួលព័ត៌មានលម្អិតអំពីទូកបុរាណនេះ។

អាជ្ញាធរជាតិអប្សរានឹងពិចារណារកទីកន្លែងដើម្បីតាំងបង្ហាញនៅសារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នាដើម្បីឱ្យភ្ញៀវទាំងអស់បានទស្សនាទូកបុរាណផង បានទស្សនាពិព័រណ៍ផ្សេងៗក្នុងសារមន្ទីរទាំងនោះផង។ ក្នុងនោះដែរក៏ត្រូវបង្កលក្ខណៈងាយស្រួល ក៏ដូចជាកិច្ចការរក្សាសុវត្ថិភាព និងសន្តិសុខល្អដើម្បីអភិរក្ស រក្សាទម្រង់រូបរាងដើមរបស់ទូកឱ្យបានយូរអង្វែងទុកជាមត៌កបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ៕











កំពែងក្រុងអង្គរធំចំនួន៧កន្លែងក្នុងចំណោម១៨កន្លែងដែលរងការខូចខាតដោយគ្រោះធម្មជាតិ បរិយាកាស អាយុកាលថ្ម រចនាសម្ពន្ធសំណង់ទ្រុឌទ្រោម និងដីកណ្តៀរ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុលបានសម្រេចប្រវែង១៣៥ម៉ែត្រ ក្នុង៣ដំណាក់កាលផ្សេងគ្នាដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង។
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សុខ សក្ខិណា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកតំណាងអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាន-អង្គរ បានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រួតពិនិត្យ តាមដាន និងជំរុញការងារគ្រប់គ្រងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកពួកដែលស្ថិតនៅក្នុងឧទ្យានអង្គរ។
ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រទះឃើញសិលាចារឹកជាភាសាសំស្ក្រឹតចារលើផ្ទាំងថ្មភក់ដែលគេយកមករៀបជាគ្រឿងបង្គុំថ្មកម្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាលនៃប្រាសាទទន្លេស្ងួតក្នុងពេលលាងសម្អាតថ្ម មុនយកទៅរៀបផ្គុំនៅទីតាំងដើមវិញ។ ថ្មចារឹកនេះ អាជ្ញាធរជាតិអប្សរាបានយកមករក្សាទុកក្នុងទីស្នាក់ការនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំតាមរយៈវីដេអូ Conference ជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីពិភាក្សាកិច្ចការ និងដោយះស្រាយការងារបន្ទាន់មួយចំនួន៕

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
11370
ម្សិលមិញ
:
25812
សប្តាហ៍នេះ
:
37182
ខែនេះ
:
0154481
សរុប
:
011617077