ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់អំពីអាយុកាលនៃទូកបុរាណដែលបានប្រទះឃើញក្នុងភូមិបំពេញរាជ្យ

បានផ្សាយនៅ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ2016 01:47 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី២៦ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោកសាស្ត្រាចារ្យ Azedine Bechaouch លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានប្រកាសថា ទូកបុរាណដែលបានប្រទះឃើញនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកបណ្តោះអាសន្ននៅក្នុងកសិណអង្គរវត្តកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ កន្លងមក មានកាលបរិច្ឆេទនៅឆ្នាំ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានអ្នកជំនាញជាតិ និងអន្តរជាតិសម្តែងការអបអរសាទរ និងគាំទ្រយ៉ាងខ្លាំង ចំពោះការប្រទះឃើញនូវទូកបុរាណដ៏កម្រដំបូងបំផុត ដែលមានអាយុកាលចាស់ជាងគេក្នុងតំបន់អង្គរ។ លោកសាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់ថា អាយុកាលនេះ បានមកពីលទ្ធផលនៃការវិភាគនៅមន្ទីរពិសោធន៍ប្រទេសញូវហ្សេឡែនដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹតនិងច្បាស់បំផុត ហើយមានការទទួលស្គាល់ជាលក្ខណៈសកល។

បើតាមទម្រង់រូបរាងជាក់ស្តែងបានបញ្ជាក់ថា ទូកបុរាណដែលបានកប់ក្នុងដីជម្រៅ៧ម៉ែត្រនេះ ជាប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូល មានប្រវែង១២,៨៣ម៉ែត្រ។ ចំពោះទីតាំងដែលរកឃើញវិញ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប ហូរទៅកាន់ស្រុកពួក។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថា លទ្ធផលដែលទទួលបាននេះជាទិន្នន័យដ៏សំខាន់ ដែលមានគុណតម្លៃយ៉ាងខ្ពស់ចំពោះសាធារណជននិងអ្នកស្រាវជ្រាវ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីអាណាចក្រខ្មែរ ជាពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ អាជ្ញាធរជាតិអប្សរានឹងពិភាក្សាជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយតាំងពិព័រណ៍ឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទស្សនា និងទទួលព័ត៌មានលម្អិតអំពីទូកបុរាណនេះ។

អាជ្ញាធរជាតិអប្សរានឹងពិចារណារកទីកន្លែងដើម្បីតាំងបង្ហាញនៅសារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នាដើម្បីឱ្យភ្ញៀវទាំងអស់បានទស្សនាទូកបុរាណផង បានទស្សនាពិព័រណ៍ផ្សេងៗក្នុងសារមន្ទីរទាំងនោះផង។ ក្នុងនោះដែរក៏ត្រូវបង្កលក្ខណៈងាយស្រួល ក៏ដូចជាកិច្ចការរក្សាសុវត្ថិភាព និងសន្តិសុខល្អដើម្បីអភិរក្ស រក្សាទម្រង់រូបរាងដើមរបស់ទូកឱ្យបានយូរអង្វែងទុកជាមត៌កបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ៕











អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
6357
ម្សិលមិញ
:
23678
សប្តាហ៍នេះ
:
118092
ខែនេះ
:
0075298
សរុប
:
011537894