ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់អំពីអាយុកាលនៃទូកបុរាណដែលបានប្រទះឃើញក្នុងភូមិបំពេញរាជ្យ

បានផ្សាយនៅ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ2016 01:47 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី២៦ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោកសាស្ត្រាចារ្យ Azedine Bechaouch លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានប្រកាសថា ទូកបុរាណដែលបានប្រទះឃើញនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកបណ្តោះអាសន្ននៅក្នុងកសិណអង្គរវត្តកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ កន្លងមក មានកាលបរិច្ឆេទនៅឆ្នាំ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានអ្នកជំនាញជាតិ និងអន្តរជាតិសម្តែងការអបអរសាទរ និងគាំទ្រយ៉ាងខ្លាំង ចំពោះការប្រទះឃើញនូវទូកបុរាណដ៏កម្រដំបូងបំផុត ដែលមានអាយុកាលចាស់ជាងគេក្នុងតំបន់អង្គរ។ លោកសាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់ថា អាយុកាលនេះ បានមកពីលទ្ធផលនៃការវិភាគនៅមន្ទីរពិសោធន៍ប្រទេសញូវហ្សេឡែនដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹតនិងច្បាស់បំផុត ហើយមានការទទួលស្គាល់ជាលក្ខណៈសកល។

បើតាមទម្រង់រូបរាងជាក់ស្តែងបានបញ្ជាក់ថា ទូកបុរាណដែលបានកប់ក្នុងដីជម្រៅ៧ម៉ែត្រនេះ ជាប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូល មានប្រវែង១២,៨៣ម៉ែត្រ។ ចំពោះទីតាំងដែលរកឃើញវិញ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប ហូរទៅកាន់ស្រុកពួក។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថា លទ្ធផលដែលទទួលបាននេះជាទិន្នន័យដ៏សំខាន់ ដែលមានគុណតម្លៃយ៉ាងខ្ពស់ចំពោះសាធារណជននិងអ្នកស្រាវជ្រាវ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីអាណាចក្រខ្មែរ ជាពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ អាជ្ញាធរជាតិអប្សរានឹងពិភាក្សាជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយតាំងពិព័រណ៍ឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទស្សនា និងទទួលព័ត៌មានលម្អិតអំពីទូកបុរាណនេះ។

អាជ្ញាធរជាតិអប្សរានឹងពិចារណារកទីកន្លែងដើម្បីតាំងបង្ហាញនៅសារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នាដើម្បីឱ្យភ្ញៀវទាំងអស់បានទស្សនាទូកបុរាណផង បានទស្សនាពិព័រណ៍ផ្សេងៗក្នុងសារមន្ទីរទាំងនោះផង។ ក្នុងនោះដែរក៏ត្រូវបង្កលក្ខណៈងាយស្រួល ក៏ដូចជាកិច្ចការរក្សាសុវត្ថិភាព និងសន្តិសុខល្អដើម្បីអភិរក្ស រក្សាទម្រង់រូបរាងដើមរបស់ទូកឱ្យបានយូរអង្វែងទុកជាមត៌កបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ៕











ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ឱ្យប្រជាពលរដ្ឋធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន២១ករណី ក្នុងចំណោម ពាក្យស្នើសុំទាំងអស់ចំនួន៤៩ករណី នាក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមិថុនាឆ្នាំ ២០២០។
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
អង្គការសម្ពន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដមួយគូបន្ថែមទៀតឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនគ្រប់ក្រសួងស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ តទៅ អាជ្ញាធរជាតិអប្សរានឹងប្រើប្រាស់ត្រាស្ថាប័នថ្មី ជំនួសត្រាស្ថាប័នចាស់ដូចមានគម្រូខាងក្រោម។ ដើម្បីបានព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម។
១៖ លោកជំទាវ ភឿង សកុណា ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាតាម វីដេអូ Conference
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំតាមរយៈវីដេអូ Conference ជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីពិភាក្សាកិច្ចការ និងដោយះស្រាយការងារបន្ទាន់មួយចំនួន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
5441
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
108281
ខែនេះ
:
0225580
សរុប
:
011688176