NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 15 June 2016 02:32 PM Post By ៖ Apsara National Authority

ជារៀងរាល់ថ្ងៃអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរស់នៅនិងសុខទុក្ខរបស់ប្រជាជនក្នុងតំបន់អង្គរតាមរយៈក្រុមការងារផ្សេងៗ ជាពិសេសក្រុមការងារសហគមន៍ ដែលបានជួយពួកគាត់ទាំងការប្រកបមុខរបរ បញ្ហាសុខភាព ការថែរក្សាទំនៀមទម្លាប់ដូនតា ការសង់លំនៅដ្ឋានរបស់ប្រជាជន និងទីជម្រកសព្វពាហនៈជាដើម។ 

ជាក់ស្តែងកាលពីថ្មីៗនេះ ក្រុមការងារសហគមន៍ទី១ ដឹកនាំដោយលោកស្រី ម៉ៅ ល្អ ឧបការីនៃអាជ្ញាធរជាតិអប្សរានិងសហការីពាក់ព័ន្ធជាច្រើនរូប បានចុះទៅត្រួតពិនិត្យលើការស្នើសុំជួសជុល ការសាងសង់ផ្ទះសម្បែង ក្រោលគោ ផ្ទះបាយជាច្រើនករណីជូនប្រជាពលរដ្ឋដល់ទីកន្លែងស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីកាត់បន្ថយភាពកង្វល់របស់ពួកគាត់ ព្រមទាំងផ្សព្វផ្សាយ ពន្យល់ពីការដាក់ពាក្យស្នើសុំក្នុងការសាងសង់ និងសិទ្ធិរបស់ពួកគាត់ក្នុងការរស់នៅក្នុងតំបន់អង្គរផងដែរ។

លោកស្រី ម៉ៅ ល្អ ក៏បានប្រាប់ដែរថា រាល់ការស្នើសុំសាងសង់ទាំងអស់ ប្រជាពលរដ្ឋត្រូវស្នើសុំមកអាជ្ញាធរជាតិអប្សរា ហើយអាជ្ញាធរជាតិអប្សរាក៏មិនដែលហាមឃាត់ប្រជាពលរដ្ឋណាម្នាក់មិនឱ្យសាងសង់ដែរ បើពួកគាត់អនុវត្តត្រឹមត្រូវទៅតាមច្បាប់ទម្លាប់។ ម្យ៉ាងទៀតអាជ្ញាធរជាតិអប្សរាគ្រាន់តែជាស្ថាប័នរដ្ឋមួយមានតួនាទីការពារ ថែរក្សា កុំឱ្យមានការរំលោភបំពានលើមរតកវប្បធម៌ដូនតាប៉ុណ្ណោះ មិនមានសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិជាកម្មសិទ្ធិរបស់ពលរដ្ឋណាម្នាក់ឡើយ។ លោកស្រីក៏បានសំណូមពរឱ្យប្រជាពលរដ្ឋជឿជាក់និងចូលរួមប្រជុំឱ្យបានច្រើនដើម្បីឈ្វេងយល់ពីអាជ្ញាធរជាតិអប្សរា ជាជាងការជឿអ្នកដទៃដែលនិយាយញុះញង់ បំភ្លើសការពិត ព្រោះបើប្រជាពលរដ្ឋបានដឹងពីការពិត ហើយអនុវត្តតាមច្បាប់ក្នុងការសាងសង់សំណង់ផ្សេងៗនៅក្នុងឧទ្យានអង្គរស្មើនឹងប្រជាពលរដ្ឋចូលរួមចំណែកក្នុងការថែរក្សាភូមិសាស្ត្រ ទេសភាពវប្បធម៌ បុរាណដ្ឋានដែលជាមរតកដូនតាខ្មែរដ៏លើសលុបណាស់ទៅហើយ។

បងស្រី ឌី ចន្ទ្រា ប្រជាពលរដ្ឋនៅភូមិរលួសលិច ស្រុកប្រាសាទបាគង ដែលបានស្នើសុំដាក់លូ១៥កង់នៅលើប្រឡាយដើម្បីចាក់ដីរៀបចំកន្លែងលក់ដូរបានប្រាប់ថា គាត់សប្បាយចិត្តដែលអាជ្ញាធរជាតិអប្សរានិងខាងសាធារណការអនុញ្ញាតឱ្យចាក់ដីដាក់លូពង្រីកកន្លែងរកស៊ី នេះដោយសារគាត់បានសុំច្បាប់ត្រឹមត្រូវតាមរយៈមេភូមិ មេឃុំ និងអាជ្ញាធរជាតិអប្សរា ហើយរង់ចាំបន្តិច អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនអ្នកជំនាញឱ្យមកពិនិត្យ។ បងស្រីបន្ថែមទៀតថា ការតម្រូវឱ្យគោរពច្បាប់សាងសង់នៅក្នុងតំបន់អង្គរ វាតឹងតែងបន្តិចមែន តែបើយើងបានចូលរួមប្រជុំញឹកញាប់ យើងនឹងដឹងពីគោលការណ៍ផ្សេងៗ ហើយធ្វើតាមច្បាប់ដែលគេតម្រូវឱ្យ វាមិនពិបាកទេ បើពិបាកមានតែអ្នកដែលមិនបានចូលរួមប្រជុំ ទើបមិនដឹង ហើយលួចធ្វើ ទើបគេចុះដកហូតសម្ភារៈរបស់គាត់។ បងស្រីប្តេជ្ញាគាំទ្រនិងធ្វើតាមច្បាប់ដែលស្ថាប័នអាជ្ញាធរជាតិអប្សរាកំណត់ជានិច្ចពេលសាងសង់។

អ្នកស្រី ឈិន រៀល ដែលធ្លាប់តែមិនពេញចិត្តនឹងការអនុវត្តច្បាប់តឹងរឹងក្នុងការសាងសង់សំណង់របស់អាជ្ញាធរជាតិអប្សរា បានផ្លាស់ប្តូរការយល់ឃើញទាំងស្រុងពេលបានជួបផ្ទាល់នឹងក្រុមការងារសហគមន៍។ អ្នកស្រីសារភាពថា កន្លងមកអ្នកស្រីមិនបានចូលរួមប្រជុំទេ គាត់ជឿតែអ្នកជិតខាងដែលគេថា បើចង់ធ្វើផ្ទះចឹង ទាល់តែយូរទើបអាជ្ញាធរជាតិអប្សរាឱ្យធ្វើ ដេកតែចាំទៅ រួមផ្សំនឹងគាត់មិនសូវចេះដឹងផង គាត់ក៏មិនបានតាមដាន យកចិត្តទុកដាក់ ហើយទ្រាំនៅផ្ទះចាស់បែបនេះទៅ ទាំងដែលការពិតលិខិតស្នើរសុំសាងសង់របស់គាត់ត្រូវបានអនុញ្ញាតតាំងពីយូរណាស់ហើយ។ អ្នកស្រីបានប្រាប់ទៀតថា ពីថ្ងៃនេះទៅឈប់ជឿអ្នកណាទៀតហើយ នឹងជឿតែក្រុមការងារអប្សរាប៉ុណ្ណោះ ដើម្បីកុំឱ្យខកខានការងារ ហើយខឹងខុសដូច្នេះទៀត។

ក្នុងនោះដែរ អ៊ំស្រី ម៉ែន ផន អ្នកតំណាងភូមិ បានប្រាប់ថា រាល់ពេលអាជ្ញាធរជាតិអប្សរាចុះមកប្រជុំផ្សព្វផ្សាយម្តងៗ គាត់បានប្រាប់អ្នកភូមិគ្រប់គ្នា តែអ្នកដែលមកមានតែ៥ទៅ២០នាក់ប៉ុណ្ណោះក្នុងចំណោម១០០នាក់ ឯអ្នកផ្សេងៗថារវល់។ កង្វះការចូលរួមក្នុងការប្រជុំ ការមិនចង់ចេះ មិនចង់ដឹងឮនេះហើយ ធ្វើឱ្យប្រជាជនមិនដឹងពីច្បាប់ទម្លាប់និងសិទ្ធិរបស់ខ្លួនឯងថាមានអាទិភាពអ្វីខ្លះក្នុងនាមជាម្ចាស់ស្រុក ថែមទាំងមិនសប្បាយចិត្តនឹងអាជ្ញាធរជាតិអប្សរា រួមទាំងរូបគាត់ផង។ បើតាមការសង្កេតរបស់អ៊ំស្រីវិញ អ្នកដែលបានមកប្រជុំញឹកញាប់ ពួកគេបានដឹងច្រើន និងចេះសុំច្បាប់ត្រឹមត្រូវមុននឹងធ្វើអ្វីមួយ មិនលួចសង់ផ្តេសផ្តាស។ ការតម្រូវឱ្យគោរពច្បាប់សាងសង់មិនមែនជាការដាក់កំហិតនោះទេ តែជាការចង់ឱ្យប្រជាជនដែលរស់នៅលើដីអង្គរទាំងអស់ចេះស្រឡាញ់និងថែរក្សាមរតកដូនតា កុំឱ្យមានការរំលោភបំពានឬរងនូវការបំផ្លិចបំផ្លាញបុរាណដ្ឋានទាំងនោះ ព្រោះតែសំណង់តូចធំទាំងឡាយ។ កន្លងមកអ៊ំស្រីក៏បានជួយណែនាំប្រជាជននិងជូនប្រជាជនទៅកាន់ស្នាក់ការអាជ្ញាធរជាតិអប្សរាផងដែរ ដើម្បីស្នើសុំធ្វើអ្វីមួយ ហើយរាល់លើកតែងតែបានសម្រេច។

ជាការពិតណាស់ រាល់កិច្ចការអភិរក្ស ថែរក្សាតំបន់អង្គរឱ្យប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាធ្វើតែម្នាក់ឯងមិនអាចជោគជ័យបានឡើយ បើគ្មានការចូលរួមសហការពីប្រជាពលរដ្ឋក្នុងតំបន់ ព្រោះមានតែប្រជាពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះដែលដឹងច្បាស់ពីទីតាំងភូមិសាស្ត្រ ប្រវត្តិ ទំនៀមទម្លាប់ផ្សេងៗ ពិសេសការចូលរួមអនុវត្តច្បាប់ក្នុងការសាងសង់សំណង់នានានៅក្នុងឧទ្យានអង្គររបស់ពលរដ្ឋទាំងអស់គ្នា ក៏ស្មើនឹងការចូលរួមចំណែកថែរក្សានូវតម្លៃមរតកដូនតាដូច្នោះដែរ៕












អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះអនុវត្តន៍ការរុះរើសំណង់របស់លោក ឃន់ សុខន ដូចជារបង បន្ទប់ទឹក រោង ដែលធ្វើខុសច្បាប់ប៉ុនប៉ងយកទីបុរាណដ្ឋានត្រពាំងហែផ្កាធ្វើជាកម្មសិទ្ធិឯកជនជាថ្មីម្ដងទៀត នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ នាព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងបំណងស្ដារគម្របព្រៃឈើឡើងវិញក្នុងប្រទេសកម្ពុជា អាជ្ញាធរជាតិអប្សរាបានបន្តចែកចាយកូនឈើចំនួន ៣,២៤០បន្ថែមទៀត ដល់សាធារណជនយកទៅដាំដុះតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ កូនឈើដែលបានផ្តល់ជូន និងចែកចាយចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា រួមមាន៖
នៅក្នុងសប្តាហ៍ទី៤ នៃខែសីហា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរដែលទទួលបន្ទុក ចុះពិនិត្យដល់ទីតាំងស្នើសុំជាក់ស្តែង ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋបាន២២ករណីរួមមាន៖
ក្រោយដំណើរការជួសជុលអស់រយៈពេល៤ឆ្នាំកន្លងមក ក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុននិងអាជ្ញាធរជាតិអប្សរា បានសម្រេចកិច្ចការជាច្រើនក្នុងការអភិរក្សស្ពាននេះ។ ជាការបង្ហាញពីសមិទ្ធផលដែលសម្រេចបាននៅក្នុងដំណាក់កាលទី១នេះ អ្នកជំនាញអាជ្ញាធរជាតិអប្សរាចំនួន៤រូប គឺលោក អន សុភាព លោក ម៉ៅ សុខនី លោក ឈុន សំបូរ និងលោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី នឹងរួមគ្នាធ្វើបទបង្ហាញអំពី «ការស្រាវជ្រាវថ្មីៗនៅក្នុងតំបន់អង្គរ» ក្រោមប្រធានបទ «វឌ្ឍនភាពនៃការជួសជុលស្ពានហាលអង្គរ» នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នាវេលាម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
១៖ គម្រោងផលិតឯកសារវីដេអូ «អង្គរ និងលើសពីនេះ» បានចាប់ផ្តើម
ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសារព័ត៌មានថ្មីៗ ការផលិតឯកសារវីដេអូ ស្ដីពីតំបន់រមណីយដ្ឋានអង្គរ ក្នុងគម្រោង «អង្គរ និងលើសពីនេះ» បានចាប់ផ្តើមដំណើរការហើយ។ កម្មវិធីនេះ នឹងបន្តចុះមកផលិតឯកសារវីដេអូជាបន្តបន្ទាប់ ជុំវិញរឿងរ៉ាងទាក់ទងនឹងតំបន់រមណីយដ្ឋានអង្គរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
1259
Yesterday
:
5850
This Week
:
71319
This Month
:
0227400
Total
:
012734989