ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាអនុញ្ញាតឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ចូលជួបសម្តែងការគួរសម

បានផ្សាយនៅ ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ2016 03:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០រូបដែលត្រូវ ចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិនបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នៅសាលប្រជុំបេងមាលានៃមជ្ឈមណ្ឌលអាជា្ញធរជាតិអប្សរា ។

ឯកឧត្តមអគ្គនាយក បានសម្តែងនូវការអបអរសាទរចំពោះមគ្គុទេ្ទសក៍ទេសចរណ៍ទាំង២០រូប ដែលមានឱកាសទៅចូលរួមវគ្គបណ្តុះបណ្តាលមគ្គុទេ្ទសក៍ទេសចរណ៍នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗបន្ថែមទៀតសម្រាប់យកមកចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅប្រទេសកម្ពុជាយើងឲ្យកាន់តែល្អប្រសើរ។

នាឱកាសនោះ ឯកឧត្តមអគ្គនាយកបានផ្តាំផ្ញើមគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់ថា ការទៅចូលរួមវគ្គបណ្តុះ បណ្តាលមគ្គុទេ្ទសក៍ទេសចរណ៍នេះ មិនត្រឹមតែចាំទទួលយកចំណេះដឹងនិងបទពិសោធន៍ពីគេប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវធ្វើបទបង្ហាញឲ្យគេបានដឹង និងបានយល់អំពីតម្លៃបេតិកភណ្ឌជាតិ និងការខិតខំប្រឹងប្រែងរបស់អាជា្ញធរជាតិអប្សរាក្នុងការថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រកបដោយចីរភាព និងបានក្លាយជាគម្រូដ៏ល្អមួយសម្រាប់តំបន់បេតិកភណ្ឌដទៃៗទៀតលើសកលលោក។

ឯកឧត្តមអគ្គនាយកបញ្ជាក់បន្ថែមទៀតពីដំណើរការនៃកិច្ចប្រជុំអាយស៊ីស៊ីអង្គរ( ICC- ANGKOR) ដែលប្រព្រឹត្តទៅក្នុងមួយឆ្នាំ២ដងជារៀងរាល់ឆ្នាំ មានការចូលរួមពីបណ្តាអ្នកជំនាញជាន់ខ្ពស់អន្តរជាតិ និងប្រទេសជាដៃគូសហការចំនួន២៦ប្រទេសទៀតមកពិភាក្សាលម្អិតលើការអនុវត្តគម្រោងអភិរក្ស ជួសជុលប្រាសាទនិងការអភិវឌ្ឍផ្សេងៗក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។

លោក ខៀវ ធី ជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស តំណាងឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ដែលត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលនៅម៉ាកាវទាំងអស់បានលើកឡើងថា លោកនិងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់មានសេចក្តីសប្បាយរីករាយខ្លាំងណាស់ដែលមានឱកាសបានចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរាហើយនឹងធ្វើតាមការផ្តាំផ្ញើ និងការណែនាំរបស់ឯកឧត្តមអគ្គនាយកឲ្យល្អប្រសើរ។

ជាមួយគ្នានេះដែរ លោកនិងមគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានយកចិត្តទុកដាក់និងផ្តល់ឱកាសឲ្យពួកគាត់បានទៅចូលរួមវគ្គបណ្តុះបណ្តាលផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

គួររំឭកថា អាជា្ញធរជាតិអប្សរាបានសហការគ្នាជាមួយអង្គការទេសចរណ៍ពិភពលលោក(UNWTO) បានប្រកាសជូនដំណឹងប្រឡងជ្រើសរើសមគ្គុទេ្ទសក៍ទេសចរណ៍ ដើម្បីទៅវគ្គបណ្តុះ បណ្តាលខ្លីនៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជា្ញធរជាតិអប្សរាកន្លងមក ដោយមានកិច្ចសហការចូលរួមធ្វើជា គណៈកម្មការជ្រើសរើសពីសំណាក់តំណាងក្រសួងទេសចរណ៍និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ៕











ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
ដើមដំបូងមុន12345...347348បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
6062
ម្សិលមិញ
:
5746
សប្តាហ៍នេះ
:
86487
ខែនេះ
:
0242568
សរុប
:
012750157