ព័ត៌មានថ្មីៗ

អ្នកជំនាញគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរាកំពុងញាប់ដៃញាប់ជើង អង្កេតហានិភ័យដើមឈើ និងព្យាបាលដើមឈើជាបន្តបន្ទាប់នៅពេលរដូវភ្លៀងចូលមកដល់

បានផ្សាយនៅ ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ2016 11:08 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រដូវភ្លៀងបានចូលមកដល់ ភ្លៀងលាយឡំនឹងខ្យល់ព្យុះតូចធំបក់មកប៉ះតំបន់អង្គរជាញឹកញាប់ ដែលបានបណ្តាលឲ្យមានឈើមួយចំនួនបានបាក់មែក ដួលរលំដើមជាបន្តបន្ទាប់។ ដើម្បីបញ្ជៀសហានិភ័យជាយថាហេតុ ដែលបណ្តាលមកពីការបាក់មែកឈើ និងរលំដើមឈើមកប៉ះប្រាសាទ និងអ្នកធ្វើដំណើរទស្សនានោះ ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាកំពុងតែបង្កើនការត្រួតពិនិត្យដើមឈើ ដែលស្ថិតនៅតាមដងផ្លូវសាធារណៈ ផ្លូវវង់ទស្សនាចរ និងដើមឈើដែលស្ថិតនៅកៀកនឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋាននានា។

បុគ្គលិកបច្ចេកទេសមួយរូបនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក គង់ សុវណ្ណរិទ្ធ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះថា ក្នុងរដូវភ្លៀងនេះក្រុមការងាររបស់លោកបានបន្ថែមការដើរត្រួតពិនិត្យដើមឈើញឹកញាប់ជាងនៅរដូវប្រាំង។ ដើមឈើដែលត្រូវយកចិត្តទុកដាក់អង្កេតខ្លាំងបំផុតគឺ ដើមឈើដែលស្ថិតនៅតាមបណ្តោយផ្លូវសាធារណៈ ផ្លូវវង់ទស្សនារបស់ភ្ញៀវទេសចរ និងដើមឈើដែលដុះជាប់នឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋានផ្សេងៗ។

លោក សុវណ្ណរិទ្ធ បន្ថែមថា ការងារអង្កេតហានិភ័យដើមឈើ គឺតែងធ្វើឡើងជាប្រចាំដើម្បីបញ្ជៀសហានិភ័យផ្សេងៗ។ “យើងកាត់ក្រីដើមឈើណាដែលមានមែកងាប់ ឬមានមែកច្រើនហើយអាចបាក់ពេលមានភ្លៀងខ្យល់ម្តងៗ។ ដើមឈើណាដែលយើងឃើញថា វាពុកផុយទាំងដើម ព្យាបាលលែងជា យើងនឹងសុំគោលការណ៍ដើម្បីដកហូតទាំងស្រុងតែម្តង។ ម្យ៉ាងទៀត មែកឈើមួយចំនួនដែលដុះគ្របទៅលើប្រាសាទ ធ្វើឲ្យដើមឈើលែងមានលំនឹង ក៏យើងកាត់ក្រីមែកចេញដែរ ដើម្បីបញ្ជៀសការបាក់មែកសង្កត់ប្រាសាទ តែមិនឲ្យងាប់ដើមឈើទេ”។

ទន្ទឹមនឹងការដើរកាត់ក្រីមែកឈើ និងដកហូតដើមឈើងាប់ៗចេញ ក្រុមការងាររបស់លោកក៏ត្រូវព្យាបាលដើមឈើដែលមានជំងឺដែរ។ បុគ្គលិកដែលមានបទពិសោធន៍លើការងារនេះជាង៧ឆ្នាំមកហើយអះអាងថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់លោកព្យាបាលដើមឈើបានចំនួនជាង១៥០០ដើមហើយ។ រហូតមកដល់ពេលនេះ ដើមឈើធំៗដែលមានជំងឺខ្លះបានជាសះស្បើយស្ទើរ១០០% ហើយខ្លះទៀតកំពុងតែមានសភាពល្អប្រសើរឡើងវិញបន្តិចម្តងៗ។

ទោះជាយ៉ាងនេះក្តី លោកសុវណ្ណរិទ្ធបញ្ជាក់ថា ក្រុមការងាររបស់លោកមិនអាចដើរមើលដើមឈើបានគ្រប់ពេល២៤ម៉ោង ឬគ្រប់ដើមឈើទាំងអស់នោះដែរ ជាពិសេស ដើមឈើដែលនៅតាមផ្លូវដើររបស់អ្នកភូមិក្នុងតំបន់អង្គរតែម្តង។ ករណីនេះ លោកបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋសហការជាមួយក្រុមការងារអាជ្ញាធរជាតិអប្សរា រាយការណ៍ជាបន្ទាន់ ករណីឃើញមានដើមឈើណាដែលងាប់ ឬអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ដើម្បីឲ្យក្រុមការងារបានដឹង និងចុះទៅពិនិត្យជាក់ស្តែងបានទាន់ពេលវេលា៕










ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
ដើមដំបូងមុន12345...319320បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2915
ម្សិលមិញ
:
4682
សប្តាហ៍នេះ
:
65450
ខែនេះ
:
0065450
សរុប
:
011002434