ព័ត៌មានថ្មីៗ

ខ្លឹមសារនៃពិធីដាក់បាត្រ

បានផ្សាយនៅ ថ្ងៃទី 31 ខែ ឧសភា ឆ្នាំ2016 08:33 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ពិធីដាក់បាត្រជាទំនៀមទម្លាប់ប្រពៃណីបុរាណតាមបែបព្រះពុទ្ធសាសនា របស់ប្រជាពលរដ្ឋខ្មែរមួយក្នុងចំណោមទំនៀមទម្លាប់ប្រពៃណីដ៏សម្បូរបែបផ្សេងៗទៀត ដែលមានអាយុកាលយូរល់ងណាស់មកហើយ។ ទំនៀមទម្លាប់នេះ គេសង្កេតឃើញប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាប្រារព្ធពិធីដាក់បាត្រនេះ នៅគ្រប់ពិធីបុណ្យទាំងអស់មិនពិធីបុណ្យតូចឬធំនោះទេ ដើម្បីបង្ហាញឬបញ្ជាក់ប្រាប់ឲ្យសាធារណជនដឹងថាពិធីបុណ្យនេះឆ្លងឬបញ្ចប់នៅថ្ងៃហ្នឹងហើយ។ ហេតុនេះហើយទើបមានពាក្យដែលអ្នកស្រុកនិយាយជាទូទៅថា ដាក់បាត្រឆ្លង។

ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងពិធីបញ្ចប់បុណ្យឆ្លងចេត្រ ដើម្បីត្រៀមខ្លួនធ្វើកសិកម្មសាជាថ្មី អ្នកភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុង-ខេត្តសៀមរាប បាននាំគ្នា រៀបចំប្រារព្ធពិធីដាក់បាត្រប្រគេនព្រះសង្ឃ ដែលមានការអញ្ជើញចូលរួមពីលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ អ្នកស្រុក អ្នកភូមិយ៉ាងច្រើនកុះករ។

លោកតាឡាវមានអាយុ៧០ឆ្នាំ ដែលជាអ្នករៀបចំពិធីបុណ្យនិងអ្នកដាក់បាត្រមួយរូបនៅក្នុងពិធីបានប្រសាសន៍ឲ្យដឹងថា ពិធីដាក់បាត្រនេះជាទំនៀមទម្លាប់ប្រពៃណីដូនតាយើងធ្វើតៗគ្នាតាំងពីបរមបុរាណដ៏យូរអង្វែងមកម្ល៉េះ។ លោកតាបានបញ្ជាក់ថាពិធីដាក់បាត្រដែលប្រជាពលរដ្ឋប្រារព្ធធ្វើនេះ គឺដើម្បីឆ្លងឬបញ្ចប់កម្មវិធីបុណ្យ ហើយប្រមែលប្រមូលនូវបុណ្យកុសលដែលបានធ្វើក្នុងឱកាសនោះឧទ្ទិសជូនបុព្វការីជនមានមាតា បិតា ជីដូន ជីតានិងសាច់លោហិតរបស់ខ្លួនដែលបានស្លាប់ទៅហើយ។

ការរៀបចំពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីបុរាណនៅពេលនេះ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ធ្វើជាគំរូបង្ហាញនិងបញ្ជ្រាបនូវចំណេះដឹងទាក់ទងខាងវប្បធម៌ ក៏ដូចជាផ្តល់នូវបទពិសោធន៍ក្នុងការអនុវត្តជាក់ស្តែងដល់កូនចៅជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី ទទួលវេនបន្តថែរក្សាការពារនិងអភិរក្សវប្បធម៌នេះ ឲ្យបានគង់វង្សតទៅមុខទៀត។ ក្នុងនាមអាជ្ញាធរជាតិអប្សរាដែលជាអ្នកថែរក្សាការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌រូបី និងអរូបីក្នុងតំបន់រមណីយដ្ឋានអង្គរ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពថែរក្សាអភិរក្សវប្បធម៌សហគមន៍ ក៏ដូចជាវប្បធម៌ជាតិ៕











ដើម្បីអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធឡើងនៅក្នុងបរិវេណមុខព្រះលានជល់ដំរី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានោះ អាជ្ញាធរជាតិអប្សរានឹងចែកទឹកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនាកម្មវិធីរយៈពេល៤ថ្ងៃដោយមិនគិតថ្លៃ គឺចាប់ពីថ្ងៃទី២៣រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ ទីតាំងចែកចាយទឹកមានពីរកន្លែងស្ថិតនៅផ្នែកខាងជើង និងខាងត្បូងនៃព្រះលានជល់ដំរី ដែលជាទីតាំងប្រារព្ធពិធី។
អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារសហគមន៍ប្រចាំស្រុកបា្រសាទបាគង នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ បាននាំយកអំណោយសង្គ្រោះបឋមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅជូនប្រជាពលរដ្ឋមួយគ្រួសារដែលមានអាសយដ្ឋាននៅភូមិកញ្ជរ ឃុំរលួស ដែលរងគ្រោះដោយត្រូវខ្យល់ព្យុះដួលរលំផ្ទះទាំងស្រុង កាលពីដើមខែឧសភាកន្លងទៅ។
ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំប្រព័ន្ធទឹក ដោយបង្កប់ទុយោដាក់តាមបណ្តោយផ្លូវចូលពីខ្លោងទ្វារចូលទៅកសិណនៃប្រាសាទបន្ទាយស្រី។ ការរៀបចំប្រព័ន្ធទឹកនេះ គឺដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀងធ្លាក់ម្តងៗ និងដើម្បីលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទ ជាពិសេស គឺសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងរដូវភ្លៀង។
កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សឹង គង់ ទីប្រឹក្សាអាជា្ញធរជាតិអប្សរា និងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជនរួមជាតិដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាមួយព្រះសង្ឃ អាជា្ញធរខេត្ត មន្រ្តីជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវត្តទេពពោធិវង្សក្រុង-ខេត្តសៀមរាប។
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0026
ម្សិលមិញ
:
3855
សប្តាហ៍នេះ
:
03881
ខែនេះ
:
0246620
សរុប
:
011709216