ព័ត៌មានថ្មីៗ

អ្នកអង្គរ ៖ រវល់ការងារច្រើនយ៉ាងណា តែមិនចោលប្រពៃណី

បានផ្សាយនៅ ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ2016 02:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទំនៀមទម្លាប់ប្រពៃណីគឺជាអត្តសញ្ញាណមួយ ដែលធ្វើឲ្យអ្នកអង្គរមានភាពប្លែកពីតំបន់ដទៃទៀត។ បើនិយាយពីប្រពៃណីរបស់អ្នកអង្គរសព្វថ្ងៃ យើងសឹងតែអាចនិយាយបានថា វាជាផ្នែកមួយនៃអវៈយវៈរបស់ពួកគាត់ទៅហើយ ពោលគឺ មិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ។ ពេលខ្លះ យើងសង្កេតឃើញថា បើគាត់រវល់ណាស់ធ្វើអ្វីធំដុំមិនទាន់ ក៏គង់ធ្វើអ្វីតូចមួយមកជំនួសឲ្យសមនឹងកិច្ចពិធីនោះៗដែរ។ តែទោះយ៉ាងណា ក៏មិនចោលទំនៀមទម្លាប់ប្រពៃណីដែរ។

ជាក់ស្តែង អ្នកភូមិក្រវ៉ាន់ ដែលស្ថិតនៅជាប់នឹងប្រាសាទក្រវ៉ាន់នៃតំបន់រមណីយដ្ឋានអង្គរ ទើបតែប្រារព្ធពិធីឆ្លងចេត្រ ដែលជាបុណ្យប្រពៃណីប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ។ ពិធីបុណ្យឆ្លងចេត្រ ជាធម្មតា គេតែងសង្កេតឃើញអ្នកអង្គរប្រារព្ធធ្វើក្រោយពីពិធីចូលឆ្នាំហើយមិនយូរប៉ុន្មាន ឬបើយូរណាស់ក៏គង់មិនហួសខាងខ្នើតខែពិសាខនោះដែរ ព្រោះពិធីនេះ ជាពិធីឆ្លងវដ្តរដូវនៃការងារកសិកម្ម ពោលគឺបញ្ចប់រដូវប្រកបរបរស្រែចម្ការក្នុងឆ្នាំចាស់ និងត្រៀមខ្លួនដើម្បីធ្វើស្រែក្នុងឆ្នាំថ្មីទៀត។

តាមការបញ្ជាក់របស់អ្នកភូមិ ការយឺតយ៉ាវប្រារព្ធពិធីឆ្លងចេត្រក្នុងឆ្នាំនេះ ដោយសារអាចារ្យអ្នកដឹកនាំរៀបចំកម្មវិធីមានការរវល់ ដោយអ្នកភូមិអញ្ជើញទៅរៀបចំពិធីបុណ្យផ្សេងៗច្រើនពេក រកពេលទំនេរមិនបាន ទើបចេះតែពន្យារមួយថ្ងៃហើយមួយថ្ងៃទៀត រហូតធ្លាយមកដល់រនោចខែពិសាខដូច្នេះ។ បើទោះជាធ្វើក្នុងខែពិសាខ ហើយស្ទើរតែដល់ចុងខែពិសាខដូច្នេះក្តី ក៏ពិធីនេះ នៅតែមានឈ្មោះថា ពិធីឆ្លងចេត្រដដែល ព្រោះដូចខាងដើមហើយថា ពិធីនេះជាពិធីឆ្លងវដ្តរដូវនៃការធ្វើស្រែចម្ការ មិនសំខាន់តែលើខែចេត្រនោះម្យ៉ាងនោះទេ។

ទោះជារាងយឺតយ៉ាវបន្តិចក្តី អ្នកភូមិក្រវ៉ាន់នៅតែប្រារព្ធពិធីឆ្លងចេត្រយ៉ាងសប្បាយរីករាយដូចរាល់ឆ្នាំដែរ។ ក្នុងរយៈពេលពីរថ្ងៃមួយយប់នៃពិធីនេះ នៅថ្ងៃទី១នៃពិធី យើងឃើញមានការរៀបចំពិធីសំខាន់ៗដូចជា ការរៀបចំពិធីប្រុងពលី លើងទង់ ពិធីបួសួង ពិធីបំបួសភ្នំខ្សាច់ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ហើយរាំលែងកម្សាន្តក្នុងពេលរាត្រី។ កម្មវិធីពេលព្រឹក គេរៀបចំប្រគេនយាគូ នំបញ្ចុក នំបាញ់ឆែវចំពោះព្រះសង្ឃពេលព្រឹក សម្តែងព្រះធម៌ទេសនា និងរៀបចំដាក់បាត្រឆ្លងពេលថ្ងៃ ដាក់ទង់ និងផ្សឹកភ្នំខ្សាច់ដើម្បីបញ្ចប់កម្មវិធីបុណ្យ។

នេះជាពិធីមួយ ក្នុងចំណោមពិធីដែលជាទំនៀមទម្លាប់ជាច្រើនរាប់មិនអស់របស់អ្នកស្រុកអង្គរ។ តាមរយៈប្រពៃណីទាំងអស់នេះហើយ ដែលធ្វើឲ្យអង្គរទាំងមូលមានឈ្មោះថា មត៌ករស់។ ការរក្សាបាននូវមត៌ករស់ដែលមានអាយុកាលដ៏យូរលង់នេះ គឺជាមោទនភាពដ៏ក្រៃលែងរបស់ជាតិខ្មែរ ព្រោះថា ជនជាតិខ្មែរមានទំនៀមទម្លាប់ មានវប្បធម៌ មានពូជអំបូរជារបស់ខ្លួនពិតប្រាកដ។ សូមចូលរួមថែរក្សាមត៌កវប្បធម៌របស់យើងទាំងអស់គ្នា! ៕






































មានសភាពដូចប្រាសាទដទៃទៀតដែរ ប្រាសាទបន្ទាយក្ដីរងការខូចខាត ដួលរលំ និងទីតាំងខ្លះមានសភាពទ្រុឌទ្រោមខ្លាំង។ ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការជួសជុលខ្លោងទ្វារខាងលិចប្រាសាទដោយក្រុមអ្នកជំនាញជាស្រ្ដី។
នៅថ្ងៃទី២៤ដល់២៥ ខែមិថុនា ឆ្នាំ២០២០ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរសហការជាមួយមន្ត្រីជំនាញពីក្រសួងផែនការ បានរៀបចំវគ្គបណ្តុះបណ្តាលធនធានមនុស្សស្តីពីការប្រើប្រាស់និងរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៤៥នាក់។
រថយន្តបោសសម្អាតដីនិងលាងថ្នល់មួយគ្រឿងជាអំណោយរបស់ក្រុមហ៊ុន លី ប្រាឌឺ លីមីធីដ បានប្រគល់ជូនអាជ្ញាធរជាតិអប្សរាជាផ្លូវការ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដោយមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកពាក់ព័ន្ធនៅតាម នាយកដ្ឋាននីមួយៗ ក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា។
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទបាគង ស្ថិតក្នុងតំបន់ឧទ្យានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
4694
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
107534
ខែនេះ
:
0224833
សរុប
:
011687429