ព័ត៌មានថ្មីៗ

អ្នកអង្គរ ៖ រវល់ការងារច្រើនយ៉ាងណា តែមិនចោលប្រពៃណី

បានផ្សាយនៅ ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ2016 02:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទំនៀមទម្លាប់ប្រពៃណីគឺជាអត្តសញ្ញាណមួយ ដែលធ្វើឲ្យអ្នកអង្គរមានភាពប្លែកពីតំបន់ដទៃទៀត។ បើនិយាយពីប្រពៃណីរបស់អ្នកអង្គរសព្វថ្ងៃ យើងសឹងតែអាចនិយាយបានថា វាជាផ្នែកមួយនៃអវៈយវៈរបស់ពួកគាត់ទៅហើយ ពោលគឺ មិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ។ ពេលខ្លះ យើងសង្កេតឃើញថា បើគាត់រវល់ណាស់ធ្វើអ្វីធំដុំមិនទាន់ ក៏គង់ធ្វើអ្វីតូចមួយមកជំនួសឲ្យសមនឹងកិច្ចពិធីនោះៗដែរ។ តែទោះយ៉ាងណា ក៏មិនចោលទំនៀមទម្លាប់ប្រពៃណីដែរ។

ជាក់ស្តែង អ្នកភូមិក្រវ៉ាន់ ដែលស្ថិតនៅជាប់នឹងប្រាសាទក្រវ៉ាន់នៃតំបន់រមណីយដ្ឋានអង្គរ ទើបតែប្រារព្ធពិធីឆ្លងចេត្រ ដែលជាបុណ្យប្រពៃណីប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ។ ពិធីបុណ្យឆ្លងចេត្រ ជាធម្មតា គេតែងសង្កេតឃើញអ្នកអង្គរប្រារព្ធធ្វើក្រោយពីពិធីចូលឆ្នាំហើយមិនយូរប៉ុន្មាន ឬបើយូរណាស់ក៏គង់មិនហួសខាងខ្នើតខែពិសាខនោះដែរ ព្រោះពិធីនេះ ជាពិធីឆ្លងវដ្តរដូវនៃការងារកសិកម្ម ពោលគឺបញ្ចប់រដូវប្រកបរបរស្រែចម្ការក្នុងឆ្នាំចាស់ និងត្រៀមខ្លួនដើម្បីធ្វើស្រែក្នុងឆ្នាំថ្មីទៀត។

តាមការបញ្ជាក់របស់អ្នកភូមិ ការយឺតយ៉ាវប្រារព្ធពិធីឆ្លងចេត្រក្នុងឆ្នាំនេះ ដោយសារអាចារ្យអ្នកដឹកនាំរៀបចំកម្មវិធីមានការរវល់ ដោយអ្នកភូមិអញ្ជើញទៅរៀបចំពិធីបុណ្យផ្សេងៗច្រើនពេក រកពេលទំនេរមិនបាន ទើបចេះតែពន្យារមួយថ្ងៃហើយមួយថ្ងៃទៀត រហូតធ្លាយមកដល់រនោចខែពិសាខដូច្នេះ។ បើទោះជាធ្វើក្នុងខែពិសាខ ហើយស្ទើរតែដល់ចុងខែពិសាខដូច្នេះក្តី ក៏ពិធីនេះ នៅតែមានឈ្មោះថា ពិធីឆ្លងចេត្រដដែល ព្រោះដូចខាងដើមហើយថា ពិធីនេះជាពិធីឆ្លងវដ្តរដូវនៃការធ្វើស្រែចម្ការ មិនសំខាន់តែលើខែចេត្រនោះម្យ៉ាងនោះទេ។

ទោះជារាងយឺតយ៉ាវបន្តិចក្តី អ្នកភូមិក្រវ៉ាន់នៅតែប្រារព្ធពិធីឆ្លងចេត្រយ៉ាងសប្បាយរីករាយដូចរាល់ឆ្នាំដែរ។ ក្នុងរយៈពេលពីរថ្ងៃមួយយប់នៃពិធីនេះ នៅថ្ងៃទី១នៃពិធី យើងឃើញមានការរៀបចំពិធីសំខាន់ៗដូចជា ការរៀបចំពិធីប្រុងពលី លើងទង់ ពិធីបួសួង ពិធីបំបួសភ្នំខ្សាច់ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ហើយរាំលែងកម្សាន្តក្នុងពេលរាត្រី។ កម្មវិធីពេលព្រឹក គេរៀបចំប្រគេនយាគូ នំបញ្ចុក នំបាញ់ឆែវចំពោះព្រះសង្ឃពេលព្រឹក សម្តែងព្រះធម៌ទេសនា និងរៀបចំដាក់បាត្រឆ្លងពេលថ្ងៃ ដាក់ទង់ និងផ្សឹកភ្នំខ្សាច់ដើម្បីបញ្ចប់កម្មវិធីបុណ្យ។

នេះជាពិធីមួយ ក្នុងចំណោមពិធីដែលជាទំនៀមទម្លាប់ជាច្រើនរាប់មិនអស់របស់អ្នកស្រុកអង្គរ។ តាមរយៈប្រពៃណីទាំងអស់នេះហើយ ដែលធ្វើឲ្យអង្គរទាំងមូលមានឈ្មោះថា មត៌ករស់។ ការរក្សាបាននូវមត៌ករស់ដែលមានអាយុកាលដ៏យូរលង់នេះ គឺជាមោទនភាពដ៏ក្រៃលែងរបស់ជាតិខ្មែរ ព្រោះថា ជនជាតិខ្មែរមានទំនៀមទម្លាប់ មានវប្បធម៌ មានពូជអំបូរជារបស់ខ្លួនពិតប្រាកដ។ សូមចូលរួមថែរក្សាមត៌កវប្បធម៌របស់យើងទាំងអស់គ្នា! ៕






































ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ទោះបីបច្ចុប្បន្ន កំណើនភ្ញៀវទេសចរបានធ្លាក់ចុះ ដោយសារជំងឺកូវីដ១៩ក៏ពិតមែន តែកិច្ចការងារជួសជុល អភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរនៅតែមមាញឹក។
ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។
រយៈពេលពីរសប្តាហ៍នៃខែមករា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំ ដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើ ប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៩៥ករណី រួមមាន៖ ក្រុងសៀមរាប ២៨ករណី ស្រុកបន្ទាយស្រី២៤ករណី ស្រុកអង្គរធំ១០ករណី ស្រុកប្រាសាទបាគង២០ករណី ស្រុកពួក ៤ករណី ស្រុកសូទ្រនិគម១ករណី។
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំនៅតាមទីតាំងជាក់ស្តែងនៃការងារដើម្បីតាមដានការអនុវត្តការងារផ្សេងៗនាពេលកន្លងមក ព្រមទាំងផ្តល់យោបល់បច្ចេកទេសនិងដំណោះស្រាយនានាសម្រាប់កិច្ចការទាំងនោះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
13
ថ្ងៃនេះ
:
11388
ម្សិលមិញ
:
18299
សប្តាហ៍នេះ
:
29687
ខែនេះ
:
0267804
សរុប
:
014327659