ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចូលរួមផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារនៅវិទ្យាល័យបាគង

បានផ្សាយនៅ ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ2016 03:12 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ពិព័រណ៍ការងារដើម្បីតម្រង់ទិសក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្ស ត្រូវបានរៀបចំឡើង ដោយអង្គការថែរក្សាដើម្បីកម្ពុជា Caring for Cambodia(CFC) និងវិទ្យាល័យផ្សេងៗ ព្រមទាំងមានការចូលរួមពីបណ្តាស្ថាប័នជាច្រើន។ ពិព័រណ៍បានរៀបចំនៅវិទ្យាល័យបាគង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមចំពោះការផ្សព្វផ្សាយនេះ ដោយមានមន្ត្រីជំនាញជាអ្នកពន្យល់ដោយផ្ទាល់ លើការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពចំពោះរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។

មន្ត្រីជំនាញបានឆ្លើយតបចំពោះសំណួរជាច្រើនរបស់ប្អូនៗសិស្សានុសិស្ស ដែលមានបំណងស្វែងយល់លើការបំពេញភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា។ ម្យ៉ាងទៀត ប្អូនៗសិស្សានុសិស្សភាគច្រើន បានចាប់អារម្មណ៍ពីការងារអភិរក្ស និងជួសជុលប្រាង្គប្រាសាទ ក៏ដូចជាការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រសម័យបុរាណជាដើម។ ប្អូនៗមួយចំនួនទៀត ក៏បានចាប់អារម្មណ៍នឹងវិស័យទេសចរណ៍ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋានជាពិសេសតំបន់ឧទ្យានអង្គរ ដែលក្រុមគ្រួសាររបស់ប្អូនៗ កំពុងរស់នៅ និងប្រកបមុខរបរផ្សេងៗដោយផ្ទាល់ជាមួយវិស័យនេះ។

ប្អូនស្រី ទូច រត្នណា ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យបាគង បានសម្តែងនូវមោទនភាពក្រោយពីបានស្តាប់បទបង្ហាញរបស់អាជ្ញាធរជាតិអប្សរាស្តីពីតម្លៃសម្បត្តិបេតិកភណ្ឌជាតិ និងការងាររបស់អាជ្ញាធរជាតិអប្សរារួចមក។ ប្អូនស្រីនិងសិស្សានុសិស្សទាំងអស់ក៏បានសម្តែងនូវអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់នូវចំណេះដឹងនិងបទពិសោធន៍ល្អៗសម្រាប់រូបប្អូនស្រីក៏ដួចជាសិស្សានុសិស្សដទៃទៀត ហើយប្អូនស្រីនិងសិស្សានុសិស្សទាំងអស់គ្នាបានប្តេជ្ញាចិត្តថានឹងខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងមករួមចំណែកក្នុងកិច្ចការថែរក្សាការពារនិងអភិរក្សសម្បត្តិវប្បធម៌បេតិកភណ្ឌឲ្យបានស្ថិតស្ថេរគង់វង្ស។

កម្មវិធីផ្សព្វផ្សាយពិព័រណ៍ការងារដើម្បីតម្រង់ទិសក្នុងការសិក្សានៅពេលនេះ មានប្រយោជន៍យ៉ាងខ្លាំងចំពោះការបញ្រ្ជាបនូវចំណេះដឹង ក៏ដូចជាផ្តល់នូវបទពិសោធន៍ដល់ប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីនាពេលអនាគត។ អាជ្ញាធរជាតិអប្សរាសូមគាំទ្រចំពោះសកម្មភាពនេះ និងសកម្មភាពផ្សេងៗទៀត ដែលមានប្រយោជន៍ដល់សហគមន៍ក្នុងឧទ្យានអង្គរ ក៏ដូចជាប្រយោជន៍ដល់សង្គមជាតិទាំងមូល៕






ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។
“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2591
ម្សិលមិញ
:
5274
សប្តាហ៍នេះ
:
38696
ខែនេះ
:
0153456
សរុប
:
012661045