ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចូលរួមផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារនៅវិទ្យាល័យបាគង

បានផ្សាយនៅ ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ2016 03:12 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ពិព័រណ៍ការងារដើម្បីតម្រង់ទិសក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្ស ត្រូវបានរៀបចំឡើង ដោយអង្គការថែរក្សាដើម្បីកម្ពុជា Caring for Cambodia(CFC) និងវិទ្យាល័យផ្សេងៗ ព្រមទាំងមានការចូលរួមពីបណ្តាស្ថាប័នជាច្រើន។ ពិព័រណ៍បានរៀបចំនៅវិទ្យាល័យបាគង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមចំពោះការផ្សព្វផ្សាយនេះ ដោយមានមន្ត្រីជំនាញជាអ្នកពន្យល់ដោយផ្ទាល់ លើការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពចំពោះរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។

មន្ត្រីជំនាញបានឆ្លើយតបចំពោះសំណួរជាច្រើនរបស់ប្អូនៗសិស្សានុសិស្ស ដែលមានបំណងស្វែងយល់លើការបំពេញភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា។ ម្យ៉ាងទៀត ប្អូនៗសិស្សានុសិស្សភាគច្រើន បានចាប់អារម្មណ៍ពីការងារអភិរក្ស និងជួសជុលប្រាង្គប្រាសាទ ក៏ដូចជាការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រសម័យបុរាណជាដើម។ ប្អូនៗមួយចំនួនទៀត ក៏បានចាប់អារម្មណ៍នឹងវិស័យទេសចរណ៍ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋានជាពិសេសតំបន់ឧទ្យានអង្គរ ដែលក្រុមគ្រួសាររបស់ប្អូនៗ កំពុងរស់នៅ និងប្រកបមុខរបរផ្សេងៗដោយផ្ទាល់ជាមួយវិស័យនេះ។

ប្អូនស្រី ទូច រត្នណា ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យបាគង បានសម្តែងនូវមោទនភាពក្រោយពីបានស្តាប់បទបង្ហាញរបស់អាជ្ញាធរជាតិអប្សរាស្តីពីតម្លៃសម្បត្តិបេតិកភណ្ឌជាតិ និងការងាររបស់អាជ្ញាធរជាតិអប្សរារួចមក។ ប្អូនស្រីនិងសិស្សានុសិស្សទាំងអស់ក៏បានសម្តែងនូវអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់នូវចំណេះដឹងនិងបទពិសោធន៍ល្អៗសម្រាប់រូបប្អូនស្រីក៏ដួចជាសិស្សានុសិស្សដទៃទៀត ហើយប្អូនស្រីនិងសិស្សានុសិស្សទាំងអស់គ្នាបានប្តេជ្ញាចិត្តថានឹងខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងមករួមចំណែកក្នុងកិច្ចការថែរក្សាការពារនិងអភិរក្សសម្បត្តិវប្បធម៌បេតិកភណ្ឌឲ្យបានស្ថិតស្ថេរគង់វង្ស។

កម្មវិធីផ្សព្វផ្សាយពិព័រណ៍ការងារដើម្បីតម្រង់ទិសក្នុងការសិក្សានៅពេលនេះ មានប្រយោជន៍យ៉ាងខ្លាំងចំពោះការបញ្រ្ជាបនូវចំណេះដឹង ក៏ដូចជាផ្តល់នូវបទពិសោធន៍ដល់ប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីនាពេលអនាគត។ អាជ្ញាធរជាតិអប្សរាសូមគាំទ្រចំពោះសកម្មភាពនេះ និងសកម្មភាពផ្សេងៗទៀត ដែលមានប្រយោជន៍ដល់សហគមន៍ក្នុងឧទ្យានអង្គរ ក៏ដូចជាប្រយោជន៍ដល់សង្គមជាតិទាំងមូល៕






នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1215
ម្សិលមិញ
:
5927
សប្តាហ៍នេះ
:
07142
ខែនេះ
:
0234006
សរុប
:
012059637