ព័ត៌មានថ្មីៗ

ពលរដ្ឋរងគ្រោះដោយសារខ្យល់រលំផ្ទះបានទទួលអំណោយសង្គ្រោះបឋមពីអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 23 ខែ ឧសភា ឆ្នាំ2016 09:59 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារសហគមន៍ប្រចាំស្រុកបា្រសាទបាគង នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ បាននាំយកអំណោយសង្គ្រោះបឋមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅជូនប្រជាពលរដ្ឋមួយគ្រួសារដែលមានអាសយដ្ឋាននៅភូមិកញ្ជរ ឃុំរលួស ដែលរងគ្រោះដោយត្រូវខ្យល់ព្យុះដួលរលំផ្ទះទាំងស្រុង កាលពីដើមខែឧសភាកន្លងទៅ។

ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាប្រធានក្រុមការងារប្រចាំស្រុកប្រាសាទបាគង មានប្រសាសន៍ក្នុងឱកាសចែកជូនអំណោយសង្រ្គោះបឋមនេះថា ការចែកជូនអំណោយនេះ ជាការសង្គ្រោះបឋមចំពោះប្រជាពលរដ្ឋរងគ្រោះ។ ថ្វីត្បិតវាមិនច្រើន តែវាពិតជាអាចជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋបានខ្លះដែរ។ ឯកឧត្តមបន្តថា អាជ្ញាធរជាតិអប្សរាមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប្រាង្គប្រាសាទ ដែលជាសម្បត្តិបេតិកភណ្ឌប៉ុណ្ណោះទេ តែក៏បានយកចិត្តទុកដាក់ជាប្រចាំលើសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។

លោក សាំង ហេង ដែលជាម្ចាស់ផ្ទះខាងលើបានលើកឡើងថា លោកសប្បាយចិត្តខ្លាំងណាស់ ដែលអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ នាំយកអំណោយមកចែកជូនដល់គ្រួសារលោក ដែលរងគ្រោះដោយសារខ្យល់ព្យុះដួលរលំផ្ទះ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ជាពិសេសគឺ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ដែលបានយកចិត្តទុកដាក់ចំពោះគ្រួសារលោក និងប្រជាពលរដ្ឋទូទៅក្នុងរមណីយដ្ឋានអង្គរ។

អំណោយដែលបានផ្តល់ជូនគ្រួសារជនរងគ្រោះ ដោយខ្យល់ព្យុះនេះមាន អង្ករ ៥០គីឡូក្រាម, មីខ្លាឃុំ ៣កេស , ត្រីខកំប៉ុង៤យួរ,ទឹកត្រី ៣យួរ,ទឹកម្ទេស២ដបធំ, ទឹកស៊ីអ៊ីវ៣យួរ, ប៊ីចេង៥កញ្ចប់, អំបិល៣កញ្ចប់, ស្ករស ៥គីឡូក្រាម, តង់១ , កន្ទេល១ និងថវិកាចំនួន៤០ម៉ឺនរៀល។

លោក អឿន សំអុន អនុប្រធានក្រុមលេខាធិការដ្ឋានការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ខ្យល់ព្យុះដែលបក់បោកមកលើតំបន់អង្គរប៉ុន្មានថ្ងៃមុននេះ បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គររងគ្រោះចំនួន៦១គ្រួសារ ដោយក្នុងនោះឃុំដូនកែវចំនួន៣៧គ្រួសារ រលំទាំងស្រុង១៤គ្រួសារ ឃុំខ្នាតចំនួន២៣គ្រួសារ រលំទាំងស្រុង១០គ្រួសារ និងឃុំរលួស១គ្រួសាររលំទាំងស្រុង។ បច្ចុប្បន្នក្រុមការងារសហគមន៍ កំពុងរៀបចំកញ្ចប់អំណោយសង្គ្រោះបឋមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដើម្បីចែកជូនក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះជាបណ្តើរៗហើយ៕




ប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាប័ទ្មអង្គរវត្ត សង់លើផៃ្ទដីរាបស្មើទំហំ១៤ហិកតា (១៨១ម៉ែត្រx១៥២ម៉ែត្រ) មានកំពែង៣ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន មានចម្ងាយ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។
កម្មវិធីអប់រំយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកឆ្នាំ២០១៦ ដែលមានរយៈពេល១២ថ្ងៃនៅតំបន់អង្គរ ចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ បានបិទបញ្ចប់ជាស្ថាពរហើយនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅសាលសន្និសីទអង្គរ ក្រោមអធិបតីភាពឯកឧត្តម ហុក ប៉េងសែ និងឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាបានប្រគល់ទីតាំងពិសោធន៍ស្រាវជ្រាវកសិកម្មធម្មជាតិ នៅស្ថានីយពិសោធន៍កសិកម្មធម្មជាតិទឹកវិលជូនមន្ទីរកសិកម្មខេត្តសៀមរាបវិញហើយកាលពី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីខ្ចីពីមន្ទីរកសិកម្មខេត្តសៀមរាប អស់រយៈពេល១២ឆ្នាំមកហើយ(២០០៤-២០១៦)។
ប្រាសាទបន្ទាយសម្រែជាប្រាសាទមួយដែលមានរចនាប្ម័ទដូចប្រាសាទអង្គរវត្តដែរ ធ្លាប់ជួសជុលដំបូងដោយអ្នកជំនាញជនជាតិបារាំងនាឆ្នាំ១៩៣០ដល់ឆ្នាំ១៩៤៤ ដោយប្រើវិធីរើហើយរៀបទៅវិញ ដើម្បីរៀបចំទម្រង់ប្រាសាទឱ្យរឹងមាំដូចសព្វថ្ងៃនេះ។
ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌដ៏មានតម្លៃកាត់ថ្លៃមិនបានសម្រាប់មនុស្សជាតិទូទាំងសកលលោក ជាពិសេសសម្រាប់ជាតិខ្មែរទាំងមូល។ បេតិកភណ្ឌដ៏មានតម្លៃនេះ បានធ្វើឱ្យអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិបង្កើនការយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីស្វែងរកនូវអាថ៌កំបាំងនៃប្រវត្តិសាស្ត្រដែលបាត់បង់តាមសម័យកាល។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
8888
ម្សិលមិញ
:
9928
សប្តាហ៍នេះ
:
18816
ខែនេះ
:
0172325
សរុប
:
012941757