ព័ត៌មានថ្មីៗ

អ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាកំពុងជួសជុលផ្តែរនៅលើប្រាសាទប្រែរូប

បានផ្សាយនៅ ថ្ងៃទី 18 ខែ ឧសភា ឆ្នាំ2016 09:01 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។

លោក រីក រ៉េត ដែលកំពុងដឹកនាំការងារជួសជុលនេះពន្យល់ថា ដោយមើលឃើញថា ផ្តែរនេះមានការពុកផុយជាបន្តទៀត ទើបក្រុមការងារសម្រេចធ្វើការជួសជុលជាថ្មី។ “ធម្មតាការជួសជុលតែប៉ុណ្ណឹងឯង បើយើងជួសជុលហើយឃើញថា វានៅមាំទាំក៏អរទៅ តែបើឃើញថា វានៅតែបន្តពុកផុយក៏ត្រូវមកមើលវាម្តងទៀត មិនមែនអាងតែជួសជុលរួចហើយ ក៏ហីទៅលែងខ្វល់នោះទេ យើងត្រូវតែត្រឡប់មកក្រោយមកតាមដានការងារនោះទៀត។ នេះហើយគឺការងារអភិរក្សនោះ”។

លោក រ៉េត ពន្យល់បន្តថា ការជួសជុលដែលក្រុមរបស់លោកកំពុងអនុវត្តនេះគឺ សម្អាតជាតិស្លែ ជាតិអំបិលលើថ្ម និងពង្រឹងសាច់ថ្មឡើងវិញ កុំឲ្យបន្តរបេះធ្លាក់ទៀត។ គម្រោងនេះនឹងត្រូវចំណាយប្រហែល៦ខែទើបរួចរាល់។ “ការងារនេះតិចទេ តែយើងត្រូវប្រើពេលវេលាសន្សឹមៗ និងថ្នាក់ថ្មមតាមបច្ចេកទេសដែលយើងធ្លាប់បានរៀនសូត្រ និងអនុវត្តកន្លងមក ដូចថែរក្សាកូនក្មេងតូចចឹង ព្រោះជាការជួសជុលរបស់បុរាណដែលមានអាយុរាប់ពាន់ឆ្នាំមកហើយ បើប្រញាប់ប្រញាល់ពេកអាចបាក់ក្បាច់ ឬរបេះធ្លាក់ខូចខាតលើសដើមទៅវិញ”។

នេះជាជំហានទីពីរហើយសម្រាប់ការងារជួសជុលរូប និងចម្លាក់នៅប្រាសាទប្រែរូប។ ជំហានទី១ ក្រុមការងារបានជួសជុលរូបតោចំនួន៣រូប ដែលបានរួចរាល់ និងដាក់លើទីតាំងដើមជាស្ថាពរ។ សម្រាប់ជំហានជាបន្ត ក្រុមការងារនឹងជួសជុលរូបតោមួយចំនួនទៀត ដែលនៅបាក់បែកលើប្រាសាទប្រែរូបនេះ។ លោក រ៉េត បញ្ជាក់ថា ក្នុងពេលដំណាលគ្នានេះ ក្រុមការងាររបស់លោកពីរក្រុមទៀតកំពុងតែជួសជុលចម្លាក់នាគនៅប្រាសាទបន្ទាយសំរ៉ែ និងចម្លាក់តោនៅប្រាសាទក្រវ៉ាន់។ ក្រុមការងារទាំង៣ការដ្ឋាននេះ មានគ្នា១៨នាក់ ដែលតែងឆ្លាស់គ្នាជាប្រចាំផ្តោះផ្តូរបទពិសោធន៍ការងារគ្នាទៅវិញទៅមក។

ភាពជោគជ័យជាបន្តបន្ទាប់នៃការជួសជុលនូវបេតិកភណ្ឌដូនតានេះ ជាការបញ្ជាក់ឲ្យឃើញពីសមត្ថភាពរបស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មរបស់ខ្លួន និងជាបទពិសោធន៍ដ៏សំខាន់ឈានទៅជួសជុល និងអភិរក្សវត្ថុសិល្បៈផ្សេងទៀត ដែលទទួលរងការខូចខាតបែបនេះ ឲ្យមានតួនាទី និង តម្លៃឡើងវិញ។

ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃតំបន់អង្គរក្នុងខេត្តសៀមរាប ត្រង់ជ្រុងស្រះស្រង់នៃផ្លូវកែងកាច់ទៅទិស ខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃបារាយណ៍ ទិសបូព៌ា‌ គឺត្រង់បង្គោលគីឡូម៉ែត្រលេខ១៦។ ប្រាសាទប្រែរូបត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី១០ ក្នុងគ.ស ៩៦១ ដោយព្រះបាទរាជេន្ទ្រវរ្ម័ន ដើម្បីឧទ្ទិសថ្វាយចំពោះព្រហ្មញ្ញសាសនា៕





























អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណជន ហើយរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន៣,៤០០ដើមទៀត ត្រូវបានចែកចាយ។
ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
ដើមដំបូងមុន12345...338339បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1610
ម្សិលមិញ
:
5069
សប្តាហ៍នេះ
:
30765
ខែនេះ
:
0257629
សរុប
:
012083260