ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋលើខ្នងភ្នំគូលែនអបអរសាទរធ្វើបុណ្យឆ្លងសមិទ្ធផលទំនប់ថ្នល់ដាច់

បានផ្សាយនៅ ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ2016 08:58 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។

ទំនប់ដែលទើបតែជួសជុលហើយជាស្ថាពរនេះមានប្រវែង៣០ម៉ែត្រ កម្ពស់៩ម៉ែត្រ បាតក្រោម៣៦ម៉ែត្រ និងផ្ទៃខាងលើប្រវែង២ម៉ែត្រកន្លះ។ នេះជាទំបន់បុរាណដែលត្រូវបានបុព្វបុរសខ្មែរសាងសង់មុនសម័យអង្គរ ដើម្បីទប់ទឹកប្រើប្រាស់ដូចនឹងបារាយណ៍ ដែលយើងឃើញសព្វថ្ងៃដែរ។ ដោយទំនប់នេះបានបាក់ខូចលែងប្រើប្រាស់កើតតាំងពីក្នុងអំឡុងទសវត្សឆ្នាំ១៩៧០។ នៅចុងឆ្នាំ២០១៥សហគមន៍ប្រជាពលរដ្ឋបានស្នើមកអាជ្ញាធរជាតិអប្សរា ដើម្បីឲ្យជួយជាបច្ចេកទេសដល់ពួកគាត់ ដោយពួកគាត់យល់ថា អាជ្ញាធរជាតិអប្សរាមានក្រុមជំនាញដែលធ្លាប់ធ្វើការស្តារនិងជួសជុលប្រព័ន្ធទឹកបុរាណជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក ជាម តាន់ មេឃុំខ្នងភ្នំបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា ដែលបានឧបត្ថម្ភយ៉ាងពេញទំហឹងលើការងារជួសជុលនេះទាំងបច្ចេកទេស សម្ភារៈ និងថវិកា។ លោកមេឃុំបញ្ជាក់ថា ទំនប់ថ្នល់ដាច់នេះនឹងជួយឲ្យប្រជាពលរដ្ឋមានកម្រិតជីវភាពល្អប្រសើរថែមទៀត ដោយអាងនេះនឹងក្លាយជាកន្លែងផ្គត់ផ្គង់ទឹកប្រើប្រាស់ កន្លែងចិញ្ចឹមត្រី និងជាតំបន់ទេសចរណ៍ដែលអាចបន្ថែមចំណូលដល់ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំនេះ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងពិធីឆ្លងសមិទ្ធផលនេះថា ទំនប់នេះជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋពិតៗ។ វាជាគម្រោង និងជាគំនិតផ្តួចផ្តើមរបស់ប្រជាពលរដ្ឋ ក្នុងការជួសជុលរបស់បុរាណឲ្យមានសភាពដើម អាចប្រើប្រាស់ឡើងវិញបាន។ អាជ្ញាធរជាតិអប្សរាគ្រាន់តែជាជំនួយបងប្អូនប្រជាពលរដ្ឋ ដែលមានគំនិតស្រឡាញ់បេតិកភណ្ឌដូនតាស្រាប់។ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ចំពោះតម្រូវការនានារបស់សហគមន៍ ជាពិសេសគឺការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម គុជ លីណា ប្រធានក្រុមការងារខេត្តចុះជួយស្រុកស្វាយលើក៏បានសម្តែងនូវអំណរសាទរចំពោះប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ជាពិសេសគឺអាជ្ញាធរជាតិអប្សរា ដែលបានសហការគ្នាជួសជុលទំនប់បុរាណនេះឲ្យបានប្រើប្រាស់ឡើងវិញ ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានសំណូមពរឲ្យអាជ្ញាធរជាតិអប្សរាជួយជួសជុលទំនប់បុរាណ២កន្លែងផ្សេងទៀតដែលស្ថិតនៅខ្នងភ្នំនេះដែរ។

គួររំឭកថា ទំនប់ថ្នល់ដាច់នេះត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមធ្វើការជួសជុលចាប់ពីចុងខែមីនា ឆ្នាំ២០១៦មក ដោយមានការចូលរួមពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច សហគមន៍ និងបេតិកភណ្ឌអង្គររបស់អាជ្ញាធរជាតិអប្សរា ហៅកាត់ថា ACHA និងមូលនិធិបុរាណវិទ្យាសម្រាប់ការអភិវឌ្ឍ (ADF)៕









ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។
នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
2802
ម្សិលមិញ
:
6151
សប្តាហ៍នេះ
:
69237
ខែនេះ
:
0153391
សរុប
:
014213246