ព័ត៌មានថ្មីៗ

ព័ត៌មានបឋមស្តីអំពីការប្រទះឃើញថ្មនិងបំណែកទូកឈើក្នុងបឹងទន្លេសាប

បានផ្សាយនៅ ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ2016 09:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។

បន្ទាប់ពីបានទទួលព័ត៌មាននេះ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដោយមានការជូនដំណើរពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនដែលបានដឹងព័ត៌មាននេះ។

ក្រោយពីអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងវាស់វែងជាក់ស្តែង ឃើញថា ថ្មទាំង៣ដុំនោះមានទំហំដូចខាងក្រោម៖ ដុំទី១មានបណ្តោយប្រវែង៣.៤៥ម ទទឹង១.២ម និងកម្ពស់ប្រហែល០.៨០ម។ ដុំទី២មានប្រវែងបណ្តោយប្រហែល១ម ទទឹង០.៧០ម។ ដុំទី៣មានបណ្តោយប្រវែង១.៣០ម ទទឹង១.២០ម។ ចំពោះទូកឈើមានច្រើនបំណែក ដែលត្រូវបានប្រជាពលរដ្ឋប្រមូលមកផ្តុំលើគ្នា។ ចំណែកទីតាំងថ្មនិងទូកដែលបានប្រទះឃើញនេះស្ថិតនៅក្នុងទឹក មានទីតាំងផ្សេងពីគ្នាចម្ងាយប្រហែល៤០ម៉ែត្រ ដូចមានក្នុងប្លង់គំនូសព្រៀង។

អ្នកជំនាញពុំទាន់អាចសន្និដ្ឋានបានថា ថ្មទាំង៣ដុំនោះជាថ្មធម្មជាតិឬថ្មសម្រាប់សាងសង់ ប្រាសាទនៅឡើយទេ។ រីឯបំណែកទូកឈើ ក៏មិនទាន់ដឹងអំពីអាយុកាលពិតប្រាកដដែរ។ ដូច្នេះហើយព័ត៌មានលម្អិតទាក់ទងនឹងថ្មទាំង៣ដុំ រួមនឹងបំណែកទូកឈើនេះ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរានឹងជូនដំណឹងនៅពេលក្រោយជាបន្តទៀត បន្ទាប់ពីបានលទ្ធផលពីការសិក្សាស្រាវជ្រាវ។ បច្ចុប្បន្ននេះដែរ អាជ្ញាធរជាតិអប្សរាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋមូលដ្ឋានក្នុងបំណងអភិរក្សនិងថែរក្សាវត្ថុទាំងនោះនៅទីតាំងដើមឱ្យបានគង់វង្សសម្រាប់ការគោរពបូជារបស់ប្រជាពលរដ្ឋ ក៏ដូចអភិរក្សទុកជាមរតកបេតិកភណ្ឌដ៏មានតម្លៃរបស់ប្រទេសជាតិ៕













ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០រូបនិងមន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន៤រូប បានចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
មនុស្សម្នាស្ទើរពេញពិភពលោកដែលបានមកដល់ប្រទេសកម្ពុជា ទាំងអ្នកបុរាណវិទ្យា អ្នកនរវិទ្យា អ្នកប្រវត្តិវិទ្យា មគ្គុទេសនក៍ទេសចរណ៍ ព្រមទាំងភ្លៀវទេសចរ នាំគ្នាឆ្ងល់ទាក់ទង់នឹងទៅនឹងជីវភាពនៃការរស់នៅរបស់មនុស្សសម័យដើម ជាពិសេសគឺមនុស្សដែលរស់នៅក្នុងសម័យកសាងប្រាសាទអង្គរវត្ត មានកម្លាំងពលំ និងការច្នៃប្រឌិតខ្ពស់។
ឆ្លងផុតរដូវវស្សាឆ្នាំនេះហើយ ការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលធ្វើឡើងដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីងអុង(AEON) របស់ប្រទេសជប៉ុននឹងដំណើរការហើយ។ មុននឹងឈានដល់ដំណាក់កាលជួសជុលនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ីអុង លោក Keiichi Tadaki បានចំណាយពេលមួយព្រឹក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីចូលទស្សនាសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ទទួលដំណើរទស្សនារបស់លោកនាយកប្រតិបត្តិនៅពេលនេះមាន ឯកឧត្តម ឈរ ថាណាត អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន លោក យិត ចាន់ដារដ្ឋ ប្រធានស្តីទីនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ និងមន្ត្រីមួយចំនួនទៀតនៃអាជ្ញាធរជាតិអប្សរា។
“ខ្ញុំមិនបានធ្វើរូបចម្លាក់ ឬវត្ថុអនុស្សាវរីយ៍ដែលអ្នកភូមិភាគច្រើនគេនិយមធ្វើនោះទេ។ ខ្ញុំតែងច្នៃប្រឌិតជារូបចម្លាក់ផ្សេងៗ ប្លែកៗខុសពីអ្នកដទៃ ទើបម៉ូយមកទិញរបស់ខ្ញុំជាហូរហែមិនសូវដាច់។ ជួនកាលខ្ញុំទៅឃើញចម្លាក់ ស្អាតៗគេតាំងលក់នៅតាមហាងធំៗ ខ្ញុំ​មកផ្ទះវិញក៏យកទម្រង់នោះមកច្នៃបន្ថែមចេញជារូបចម្លាក់ផ្សេងមួយទៀត”។ ទាំងនេះជាប្រសាសន៍រៀបរាប់របស់លោកពូ តាន់ សុខុន នៅភូមិរហាល សង្កាត់នគរធំ ដែលជាភូមិបុរាណមួយ នៅជាប់នឹងស្រះស្រង់នៃរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ។
បុណ្យទេសន៍ផ្តាច់កម្មពៀរ
( ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ2016 )
នៅពេលដែលមានមនុស្សឈឺរ៉ាំរ៉ៃ ជាពិសេស ទាក់ទិននឹងជំងឺរបស់មនុស្សចាស់ ដែលគ្រប់គ្នាយល់ថា វាជារឿងធម្មជាតិរបស់មនុស្សមិនអាចជៀសផុត ដូនតាខ្មែរតែងមានកិច្ចពិធីមួយចំនួនទៀត ដើម្បីជួយអបស្ទបជីវិតរបស់ពួកគាត់។ ពិធីនោះសោតមានតូចមានធំ ទៅតាមលទ្ធភាពជាក់ស្តែងរបស់ក្រុមគ្រួសារនៃអ្នកជំងឺ។ គោលបំណងសំខាន់នៃពិធីគឺដើម្បីរំដោះកម្មពៀរ ឬថា ផ្តាច់កម្មពៀរផ្សេងៗ ហើយអាចជួយទ្រទ្រង់អាយុជីវិតរបស់អ្នកជំងឺនោះឲ្យបានយូរតទៅទៀត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
2682
ម្សិលមិញ
:
7300
សប្តាហ៍នេះ
:
02682
ខែនេះ
:
0160571
សរុប
:
014220426