ព័ត៌មានថ្មីៗ

ព័ត៌មានបឋមស្តីអំពីការប្រទះឃើញថ្មនិងបំណែកទូកឈើក្នុងបឹងទន្លេសាប

បានផ្សាយនៅ ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ2016 09:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។

បន្ទាប់ពីបានទទួលព័ត៌មាននេះ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដោយមានការជូនដំណើរពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនដែលបានដឹងព័ត៌មាននេះ។

ក្រោយពីអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងវាស់វែងជាក់ស្តែង ឃើញថា ថ្មទាំង៣ដុំនោះមានទំហំដូចខាងក្រោម៖ ដុំទី១មានបណ្តោយប្រវែង៣.៤៥ម ទទឹង១.២ម និងកម្ពស់ប្រហែល០.៨០ម។ ដុំទី២មានប្រវែងបណ្តោយប្រហែល១ម ទទឹង០.៧០ម។ ដុំទី៣មានបណ្តោយប្រវែង១.៣០ម ទទឹង១.២០ម។ ចំពោះទូកឈើមានច្រើនបំណែក ដែលត្រូវបានប្រជាពលរដ្ឋប្រមូលមកផ្តុំលើគ្នា។ ចំណែកទីតាំងថ្មនិងទូកដែលបានប្រទះឃើញនេះស្ថិតនៅក្នុងទឹក មានទីតាំងផ្សេងពីគ្នាចម្ងាយប្រហែល៤០ម៉ែត្រ ដូចមានក្នុងប្លង់គំនូសព្រៀង។

អ្នកជំនាញពុំទាន់អាចសន្និដ្ឋានបានថា ថ្មទាំង៣ដុំនោះជាថ្មធម្មជាតិឬថ្មសម្រាប់សាងសង់ ប្រាសាទនៅឡើយទេ។ រីឯបំណែកទូកឈើ ក៏មិនទាន់ដឹងអំពីអាយុកាលពិតប្រាកដដែរ។ ដូច្នេះហើយព័ត៌មានលម្អិតទាក់ទងនឹងថ្មទាំង៣ដុំ រួមនឹងបំណែកទូកឈើនេះ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរានឹងជូនដំណឹងនៅពេលក្រោយជាបន្តទៀត បន្ទាប់ពីបានលទ្ធផលពីការសិក្សាស្រាវជ្រាវ។ បច្ចុប្បន្ននេះដែរ អាជ្ញាធរជាតិអប្សរាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋមូលដ្ឋានក្នុងបំណងអភិរក្សនិងថែរក្សាវត្ថុទាំងនោះនៅទីតាំងដើមឱ្យបានគង់វង្សសម្រាប់ការគោរពបូជារបស់ប្រជាពលរដ្ឋ ក៏ដូចអភិរក្សទុកជាមរតកបេតិកភណ្ឌដ៏មានតម្លៃរបស់ប្រទេសជាតិ៕













កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
0446
ម្សិលមិញ
:
9536
សប្តាហ៍នេះ
:
65227
ខែនេះ
:
0009983
សរុប
:
013701437