ព័ត៌មានថ្មីៗ

ព័ត៌មានបឋមស្តីអំពីការប្រទះឃើញថ្មនិងបំណែកទូកឈើក្នុងបឹងទន្លេសាប

បានផ្សាយនៅ ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ2016 09:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។

បន្ទាប់ពីបានទទួលព័ត៌មាននេះ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដោយមានការជូនដំណើរពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនដែលបានដឹងព័ត៌មាននេះ។

ក្រោយពីអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងវាស់វែងជាក់ស្តែង ឃើញថា ថ្មទាំង៣ដុំនោះមានទំហំដូចខាងក្រោម៖ ដុំទី១មានបណ្តោយប្រវែង៣.៤៥ម ទទឹង១.២ម និងកម្ពស់ប្រហែល០.៨០ម។ ដុំទី២មានប្រវែងបណ្តោយប្រហែល១ម ទទឹង០.៧០ម។ ដុំទី៣មានបណ្តោយប្រវែង១.៣០ម ទទឹង១.២០ម។ ចំពោះទូកឈើមានច្រើនបំណែក ដែលត្រូវបានប្រជាពលរដ្ឋប្រមូលមកផ្តុំលើគ្នា។ ចំណែកទីតាំងថ្មនិងទូកដែលបានប្រទះឃើញនេះស្ថិតនៅក្នុងទឹក មានទីតាំងផ្សេងពីគ្នាចម្ងាយប្រហែល៤០ម៉ែត្រ ដូចមានក្នុងប្លង់គំនូសព្រៀង។

អ្នកជំនាញពុំទាន់អាចសន្និដ្ឋានបានថា ថ្មទាំង៣ដុំនោះជាថ្មធម្មជាតិឬថ្មសម្រាប់សាងសង់ ប្រាសាទនៅឡើយទេ។ រីឯបំណែកទូកឈើ ក៏មិនទាន់ដឹងអំពីអាយុកាលពិតប្រាកដដែរ។ ដូច្នេះហើយព័ត៌មានលម្អិតទាក់ទងនឹងថ្មទាំង៣ដុំ រួមនឹងបំណែកទូកឈើនេះ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរានឹងជូនដំណឹងនៅពេលក្រោយជាបន្តទៀត បន្ទាប់ពីបានលទ្ធផលពីការសិក្សាស្រាវជ្រាវ។ បច្ចុប្បន្ននេះដែរ អាជ្ញាធរជាតិអប្សរាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋមូលដ្ឋានក្នុងបំណងអភិរក្សនិងថែរក្សាវត្ថុទាំងនោះនៅទីតាំងដើមឱ្យបានគង់វង្សសម្រាប់ការគោរពបូជារបស់ប្រជាពលរដ្ឋ ក៏ដូចអភិរក្សទុកជាមរតកបេតិកភណ្ឌដ៏មានតម្លៃរបស់ប្រទេសជាតិ៕













“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
គម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦តទៅ ។ ការអនុវត្តគម្រោងនេះ យើងសង្កេតឃើញថាសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ការដើរកំសាន្តរបស់ភ្ញៀវទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្ត បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ មន្ត្រីអាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សានិងជាប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យការស្តារត្រពាំងបុរាណប្រវែងបណ្តោយ១៣០ម៉ែត្រ ទទឹង៧០ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចុះចែកជូនទឹកប្រមាណជិត១៦០០០លីត ស្មើនឹង ៤ ឡាន ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិប្រិយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
7213
ម្សិលមិញ
:
10477
សប្តាហ៍នេះ
:
82470
ខែនេះ
:
0027226
សរុប
:
013718680