ព័ត៌មានថ្មីៗ

ព័ត៌មានបឋមស្តីអំពីការប្រទះឃើញថ្មនិងបំណែកទូកឈើក្នុងបឹងទន្លេសាប

បានផ្សាយនៅ ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ2016 09:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។

បន្ទាប់ពីបានទទួលព័ត៌មាននេះ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដោយមានការជូនដំណើរពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនដែលបានដឹងព័ត៌មាននេះ។

ក្រោយពីអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងវាស់វែងជាក់ស្តែង ឃើញថា ថ្មទាំង៣ដុំនោះមានទំហំដូចខាងក្រោម៖ ដុំទី១មានបណ្តោយប្រវែង៣.៤៥ម ទទឹង១.២ម និងកម្ពស់ប្រហែល០.៨០ម។ ដុំទី២មានប្រវែងបណ្តោយប្រហែល១ម ទទឹង០.៧០ម។ ដុំទី៣មានបណ្តោយប្រវែង១.៣០ម ទទឹង១.២០ម។ ចំពោះទូកឈើមានច្រើនបំណែក ដែលត្រូវបានប្រជាពលរដ្ឋប្រមូលមកផ្តុំលើគ្នា។ ចំណែកទីតាំងថ្មនិងទូកដែលបានប្រទះឃើញនេះស្ថិតនៅក្នុងទឹក មានទីតាំងផ្សេងពីគ្នាចម្ងាយប្រហែល៤០ម៉ែត្រ ដូចមានក្នុងប្លង់គំនូសព្រៀង។

អ្នកជំនាញពុំទាន់អាចសន្និដ្ឋានបានថា ថ្មទាំង៣ដុំនោះជាថ្មធម្មជាតិឬថ្មសម្រាប់សាងសង់ ប្រាសាទនៅឡើយទេ។ រីឯបំណែកទូកឈើ ក៏មិនទាន់ដឹងអំពីអាយុកាលពិតប្រាកដដែរ។ ដូច្នេះហើយព័ត៌មានលម្អិតទាក់ទងនឹងថ្មទាំង៣ដុំ រួមនឹងបំណែកទូកឈើនេះ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរានឹងជូនដំណឹងនៅពេលក្រោយជាបន្តទៀត បន្ទាប់ពីបានលទ្ធផលពីការសិក្សាស្រាវជ្រាវ។ បច្ចុប្បន្ននេះដែរ អាជ្ញាធរជាតិអប្សរាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋមូលដ្ឋានក្នុងបំណងអភិរក្សនិងថែរក្សាវត្ថុទាំងនោះនៅទីតាំងដើមឱ្យបានគង់វង្សសម្រាប់ការគោរពបូជារបស់ប្រជាពលរដ្ឋ ក៏ដូចអភិរក្សទុកជាមរតកបេតិកភណ្ឌដ៏មានតម្លៃរបស់ប្រទេសជាតិ៕













ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0083
ម្សិលមិញ
:
3855
សប្តាហ៍នេះ
:
03938
ខែនេះ
:
0246677
សរុប
:
011709273