NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 12 May 2016 12:57 PM Post By ៖ Apsara National Authority
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។

ចំពោះគ្រឿងរណ្តាប់ដែលបានរៀបចំមាន ពោត សណ្តែក ល្ង ដំឡូង ត្រាវ ស្រូវ បង្អែមចម្អាប បាយសម្ល ផ្លែឈើ ក្បាលជ្រូកស្ងោរ មាន់ស្ងោរ ស្លាធម៌៧រួត ៥រួត ៣រួត បាយសី រួមទាំងមានវង់ភ្លេងពិណពាទ្យ ដើម្បីបូជាថ្វាយព្រះភិរុណ សែនម្ចាស់ទឹកម្ចាស់ដី និងបារមីដ៏ស័ក្តិសិទ្ធិនៅលើភ្នំបាខែង នេះផង។ បន្ទាប់មកអាចារ្យក៏ចាប់ធ្វើកិច្ចប្រុងពាលី បួងសួងដល់អស់ទេវតា អារក្ស អ្នកតាគ្រប់ទីឋាន និងមានការនស្សកាសមាទានសីលពីព្រះសង្ឃផងដែរ។ ប៉ុន្តែអ្វីដែលប្លែកជាងការធ្វើរាល់ឆ្នាំរបស់អ្នកស្រុកលាងដៃនៅប្រាសាទនាគព័ន្ធ ដែលជាអ្នកស្រុកអង្គរដែរនោះ គឺការប្រារព្ធពិធីសុំទឹកភ្លៀងនៅភ្នំបាខែងមានការតាំងសមាធិស្មឹងស្មាធ រួមចិត្ត រួមកាយ រួមបេះដូងតែមួយដើម្បីបួងសួងសុំឱ្យព្រះភិរុណបង្អុរភ្លៀងមកស្រោចស្រពផែនដី ដើម្បីសង្គ្រោះជីវិតសព្វសត្វលើផែនដី ដែលកំពុងខ្វះទឹកក្នុងតម្រូវការជីវិត។

បងស្រី ពិសី មានស្រុកកំណើតនៅខេត្តកណ្តាល ដែលបានមកតាំងលើទឹកដីសៀមរាបយូរ ឆ្នាំមកហើយ និងជាអ្នករៀបចំកម្មវិធីបួងសួងសុំទឹកភ្លៀងបានប្រាប់ថា នេះជាលើកទី១សម្រាប់ការរៀបចំពិធីបួងសួងសុំទឹកភ្លៀងនៅលើភ្នំបាខែង ហើយការជ្រើសរើសយកទីនេះជាកន្លែងប្រារព្ធពិធី ព្រោះទីនេះជាទីស័ក្តិសិទ្ធិ ទីដែលមានបារមីគង់នៅ ស័ក្តិសមក្នុងការប្រារព្ធពិធីនេះណាស់។ បងស្រីបន្ថែមទៀតថា ពិធីនេះធ្វើឡើងដោយលាយបញ្ចូលទាំងព្រហ្មមញ្ញសាសនាផងនិងព្រះពុទ្ធសាសនាផង។ ការធ្វើពិធីនេះដោយសារការអាណិតអាសូរដល់សព្វសត្វទាំងឡាយ រួមនឹងរុក្ខជាតិផង ដែលខ្វះទឹកយ៉ាងខ្លាំង រហូតដល់ស្លាប់ ទើបមានចិត្តអាណិតអាសូរ ទើបបងស្រីនិងស្វាមី បានចំណាយថវិកាផ្ទាល់ខ្លួនរៀបចំពិធីកម្មនេះឡើង។ ពិសេសជាងនេះទៅទៀត គឺធ្វើតាមទម្លាប់តាំងពីបុរាណដែលឱ្យតែដល់ខែពិសាខ គឺអ្នកស្រុកអង្គរតែងរៀបចំពិធីបួងសួងសុំទឹកភ្លៀង ឱ្យភ្លៀងធ្លាក់គ្រប់គ្រាន់ ដើម្បីស្រោចស្រពផែនដី ឱ្យប្រជាជនបានធ្វើស្រែចម្ការ និងរុក្ខជាតិ សត្វទាំងពួងរស់បានសុខស្រួល។

បងស្រីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីធ្វើពិធីបួងសួងនេះហើយ រួមទាំងបុណ្យកុសលដែលគាត់និងក្រុមគ្រួសារបានសាង ព្រមនឹងការសង្រួមចិត្តសាមាធិរបស់គ្រប់គ្នា នឹងធ្វើឱ្យមេឃបង្អុរភ្លៀងដូចការស្នើរសុំជាមិនខាន។

តាមការសង្កេតជាក់ស្តែងបន្ទាប់ពីធ្វើពិធីបួងសួងសុំទឹកភ្លៀងដែលជាជំនឿរបស់អ្នកស្រុកអង្គរបានបញ្ចប់ ឃើញថាមេឃមានពពកខ្មៅ ផ្លេកបន្ទោរ និងមានភ្លៀងធ្លាក់តិចតួចដែរនៅខេត្តសៀមរាប។ នេះជាសក្ខីភាពមួយដែលអ្នកស្រុកអង្គរតែងប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ៕














នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
6646
Yesterday
:
10477
This Week
:
81903
This Month
:
0026659
Total
:
013718113