ព័ត៌មានថ្មីៗ

Miss Global 2015 ស្តាប់បទបង្ហាញនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីឈ្វេងយល់ពីការគ្រប់គ្រងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ2016 11:24 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។

បទបង្ហាញដែលបកស្រាយដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរានៅក្នុងជំនួបនេះមាន ការជួសជុលប្រាសាទ ផែនការគ្រប់គ្រងទេសចរណ៍អង្គរ និងអាជ្ញាធរជាតិអប្សរាជាមួយការងារសហគមន៍ រួមទាំងវីដេអូខ្លីអំពីការផ្សព្វផ្សាយក្រមប្រតិបត្តិអង្គរ។

បន្ទាប់ពីសម្តែងការស្វាគមន៍ទៅកាន់ Miss Globle 2015 រួមនឹងគណៈប្រតិភូអមដំណើរទាំងអស់ហើយ ឯកឧត្តម សុខ សង្វារ ក៏បានជម្រាបជូនភ្ញៀវអំពីការទទួលបានចំណាត់ថ្នាក់លេខ១ស្ទួនៗជាបន្តបន្ទាប់នៃតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ពោលគឺកាលពីឆ្នាំង២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រ Archaeo Madness ដែលតែងតែយកតំបន់បុរាណវិទ្យានិងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិ Trip advisor ជាគេហទំព័រផ្សព្វផ្សាយពីតំបន់ទេសចរណ៍ល្បីៗលើពិភពលោក ហើយថ្មីៗនេះអង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ជាគេហទំព័រផ្សព្វផ្សាយនិងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវេបសាយ ទស្សនាវដ្តី និងសៀវភៅជាដើម។

ឯកឧត្តមបន្តទៀតថា ភាពជោគជ័យដែលជម្រុញឲ្យអង្គរទទួលបានចំណាត់ថ្នាក់ទាំងនេះរួមមាន ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរជាតិអប្សរា វិស័យឯកជន និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាជននិងភ្ញៀវទេសចរគ្រប់រូប ក្នុងការរួមចំណែកលើការគ្រប់គ្រង ការអភិវឌ្ឍ និងការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនៃតំបន់ឧទ្យានអង្គរប្រកបដោយចីរភាព។

តាមរយៈវត្តមានរបស់ Miss Global 2015 ៣រូបនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ឯកឧត្តម រំពឹងថានឹងធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាកាន់តែទទួលបានប្រជាប្រិយភាពនិងភាពល្បីល្បាញកាន់តែខ្លាំងឡើងៗ ហើយអរគុណចំពោះការចាប់យកកម្ពុជា ក៏ដូចជាខេត្តសៀមរាបជាគោលដៅទេសចរណ៍ក្នុងដំណើរកម្សាន្តដ៏មានតម្លៃនេះ។

បវរកញ្ញាទាំង៣ ក៏បានសម្តែងនូវភាពសប្បាយរីករាយ ចំពោះវត្តមានជាប្រវត្តិសាស្ត្រលើកដំបូងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប ដែលបានមកឃើញម្តងហើយ ចង់មកលេងម្តងទៀត។ នៅទីនេះមានសុខសុវត្ថិភាព មិនមានអ្វីដែលគួរឱ្យភ័យខ្លាចចំពោះសន្តិសុខនោះទេ។ ពិសេសជាងនេះទៅទៀត បវរកញ្ញាទាំង៣ក៏បានគាំទ្រនិងសំណូមពរឱ្យភ្ញៀវទេសចរទាំងអស់ចូលរួមគោរពក្រមប្រតិបត្តិអង្គរឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា វត្តមានរបស់ Miss Global 2015 ទាំងអស់នៅលើទឹកដីខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ដើម្បីឈ្វេងយល់ពីតំបន់ប្រវត្តិសាស្ត្រនិងជាទិសដៅទេសចរណ៍លេខ១លើពិភពលោក ដោយមានអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជាមគ្គុទ្ទេសក៍ក្នុងដំណើរទស្សនកិច្ចនេះ៕















តាមរយៈការស្រាវជ្រាវអំពីប្រវត្តិសាស្រ្តអង្គរកន្លងមក បានបង្ហាញពីវិស័យសង្គមកិច្ចនិងសុខាភិបាលមានការអភិវឌ្ឍខ្លាំង ជាពិសេសក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលចក្រភពខ្មែរមានការរីកចម្រើនបំផុត បើប្រៀបនឹងនគរផ្សេងៗនៅក្នុងតំបន់ ។
ភូមិធម្មជាតិរុនតាឯក ត្រូវបានបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា ដើម្បីជាដំណោះស្រាយដ៏ប្រសើរក្នុងការរៀបចំគោលនយោបាយដីធ្លី និងប្រជាជនក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ។ អ្នកស្រុកអង្គរដែលរៀបការថ្មីថ្មោង ហើយមានបំណងចង់បំបែកគ្រួសារពីឪពុកម្តាយអាចទៅតាំងទីលំនៅឋាននៅភូមិធម្មជាតិរុនតាឯកបាន។ ការតាំងលំនៅឋាននៅទីនេះ គឺត្រូវធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែប្រសិនបើគ្រួសារថ្មីណាដែលមិនចង់បែកផ្ទះសម្បែងពីគ្រួសារដើមរបស់ខ្លួន អាចបន្តរស់នៅជាមួយឪពុកម្តាយតទៅទៀតបាន។
សាកលវិទ្យាល័យបញ្ញាសាស្ត្រសៀមរាប គឺជាសាកលវិទ្យាល័យទី៥ដែលទទួលបានការផ្សព្វផ្សាយអំពីកម្មវិធីអប់រំបេតិកភណ្ឌអង្គរ «បេតិកភណ្ឌដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ» រៀបចំដោយអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។
អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តប្រជាសហគមន៍ឱ្យប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ដើម្បីការពារបរិស្ថានក្នុងឧទ្យានអង្គរ ដើម្បីរួមចំណែកការពារបរិស្ថានក្នុងឧទ្យានអង្គរនិងសន្សំសំចៃថវិការក្នុងគ្រួសារផង នោះ អាជ្ញាធរជាតិអប្សរាសហការជាមួយប្រទេសញ៉ូវហ្សឺឡែន ក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) បានបង្កើតកម្មវិធីសាកអាគុយបានរង្វាន់ជូនប្រជាសហគមន៍ភូមិលាងដៃ ដែលបានគាំទ្រការសាកអាគុយដោយប្រើថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ។ រង្វាន់លើកទឹកចិត្តទាំងនោះរួមមាន សាប៊ូដុសខ្លួន២០ដុំ អំពូលភ្លើងចំនួន៥ កង្ហារ២គ្រឿង និងទូរទស្សន៍បត់១គ្រឿង។
អាជ្ញាធរជាតិអប្សរាបានបង្កើនការយកចិត្តទុកដាក់ក្នុងការងារអភិរក្ស និងការអភិវឌ្ឍសហគមន៍នានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការងារអភិរក្សប្រាង្គប្រាសាទជារឿងសំខាន់ដែលមិនអាចខ្វះ ប៉ុន្តែការងារអភិវឌ្ឍសហគមន៍ ក៏មានសារៈសំខាន់ណាស់ផងដែរ ព្រោះអ្នកស្រុកអង្គរជាបេតិកភណ្ឌរស់ ដែលបានចូលរួមថែរក្សាបា្រង្គប្រាសាទដែលជាមរតករូបី និងរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី សាសនា ដែលជាមរតកអរូបី បន្តមកដល់កូនខ្មែរជំនាន់ក្រោយៗ ឱ្យបានឃើញ និងបានយល់អំពីតម្លៃនៃបេតិកភណ្ឌទាំងពីរនោះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
35125
ម្សិលមិញ
:
15332
សប្តាហ៍នេះ
:
80801
ខែនេះ
:
0398926
សរុប
:
013381240