NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 05 May 2016 03:13 PM Post By ៖ Apsara National Authority

នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ការពារ ជួសជុលនិងអភិរក្សឡើងវិញនូវប្រាង្គប្រាសាទ និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាព គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពាររមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(International coordinating committee for the safeguarding and development of the historic site of angkor “ICC-ANGKOR”) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលមានប្រទេសជប៉ុន និងបារាំងជាសហប្រធាន។

ជាបន្តបន្ទាប់មានបណ្តាប្រទេសជាច្រើនបានស្មគ្រចិត្តចូលរួមក្នុងកិច្ចការសង្គ្រោះ និងអភិរក្សប្រាង្គប្រាសាទក្នុងតំបន់ឧទ្យានអង្គរ។ ដោយឡែកប្រទេសជប៉ុនក៏បានចូលរួមយ៉ាងសកម្មដែរ ដោយមានរដ្ឋាភិបាល និងស្ថាប័នផ្សេងៗមួយចំនួនបានមកបំពេញកិច្ចការក្នុងឧទ្យានអង្គរដើម្បីជួសជុលប្រាង្គប្រាសាទមួយចំនួន ក្នុងនោះសាកលវិទ្យាល័យសូហ្វីយ៉ាក៏បានមកធ្វើការជួសជុល អភិរក្សប្រាសាទបន្ទាយក្តី កំណាយស្រាវជ្រាវនៅស្ថានីយ៍ឡតានី និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តជាដើម។

ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត មានប្រវែង១៩០ម ទទឹង១១,៦០ម និងកម្ពស់៤ម សាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត។ ក្នុងអំឡុងទសវត្សទី៦០ សាលាបារាំងចុងបូព៌ាដែលមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្សតំបន់អង្គរសម័យនោះ បានជួសជុលស្ពាននេះមួយចំហៀងខាងត្បូងរួចរាល់ជាស្ថាពរ។ ចំណែកចំហៀងខាងជើងមានប្រវែង១៩០ម ទទឹង៥,៥មទៀត គឺមិនទាន់បានជួសជុលទេ។ ទើបតែនៅឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ដែលដឹកនាំដោយលោកសាស្ដ្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា បានបន្តកិច្ចការជួសជុលលើចំណែកដែលនៅសេសសល់បានមួយកំណាត់ប្រវែង៩០មទៀត ដែលចំណាយពេលអស់១២ឆ្នាំ ដោយថវិកាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងថវិកាជាតិតាមរយៈអាជ្ញាធរជាតិអប្សរា។

នៅក្នុងជំនួបកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ជាមួយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកសាស្ដ្រាចារ្យ យូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា បានលើកឡើងពីគម្រោងជួសជុលស្ពានហាលក្នុងដំណាក់កាលទី២ជាបន្តទៀត ដោយភាគីជប៉ុននឹងផ្ដល់អ្នកជំនាញការបច្ចេកទេស ព្រមទាំងសម្ភារៈបច្ចេកទេសទំនើបៗ ដើម្បីងាយស្រួលក្នុងកិច្ចការជួសជុល។ ជាការរួមចំណែកសហការគ្នា អាជ្ញាធរជាតិអប្សរាទទួលបន្ទុកចំណាយ លើប្រាក់បៀវត្ស និងឧបត្ថម្ភផ្សេងទៀតសម្រាប់អ្នកជំនាញ៥នាក់ ជាងចម្លាក់៣០នាក់ កម្មករជំនាញ២០នាក់ និងនិយោជិត១៩នាក់ ផ្គត់ផ្គង់ប្រេងឥន្ធនៈនិងចំណាយសម្រាប់ថែទាំនិងជួសជុល ឡានស្ទូច និងរថយន្ត ព្រមទាំងទិញសម្ភារៈសម្រាប់គម្រោងដូចជា ថ្មបាយក្រៀម ថ្មភក់ និងគ្រឿងឧបករណ៍ផ្សេងៗទៀតដើម្បីបម្រើការគម្រោងឲ្យដំណើរទៅដោយរលូន។ ម្យ៉ាងទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលត្រូវធ្វើដំណើរឆ្លងកាត់ក្នុងពេលកំពុងដំណើរការជួសជុល អាជ្ញាធរជាតិអប្សរានឹងទទួលបន្ទុកសាងសង់ផ្លូវវាងមួយជាបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរ។

ដោយឡែក នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជំនួយឥតសំណងជាគ្រឿងចក្រធុនធ្ងន់ ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការងារជួសជុលស្ពានហាលមុខអង្គរវត្តនេះ។ ពិធីប្រគល់ទទួលបានប្រារព្ធឡើងក្នុងឱកាសនៃកិច្ចប្រជុំពេញអង្គ លើទី២២ របស់គណៈកម្មាធិការ អាយស៊ីស៊ីអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋានមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងឯកឧត្តម KUMAMARU Yuji ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ មិនត្រឹមតែផ្ដល់គ្រឿងចក្រទំនើប សម្រាប់ជាមធ្យោបាយក្នុងការជួសជុលស្ពានហាលប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ភាគីជប៉ុនក៏បានបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស លើការប្រើប្រាស់គ្រឿងចក្រទាំងនោះឲ្យចំទិសដៅប្រកបដោយប្រសិទ្ធភាពចំពោះអ្នកបញ្ជាគ្រឿងចក្រទាំងនោះទៀតផង។

លើសពីនេះទៅទៀត វគ្គបណ្ដុះបណ្ដាលបន្ថែមពីការគ្រប់គ្រងសុវត្ថិភាពដើម្បីត្រៀមជួសជុលស្ពានហាលអង្គរវត្ត ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាកាលពីខែធ្នូ ឆ្នាំ២០១៥កន្លងមក ដើម្បីបណ្ដុះបណ្ដាលសមត្ថភាពដល់ក្រុមការងាររបស់ការដ្ឋានជួសជុល។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតទៅលើបញ្ហាសុវត្ថិភាពការគិតទុកជាមុននូវការធានារ៉ាប់រងពេលមានគ្រោះថ្នាក់ និងការចាត់តាំងអ្នកគ្រប់គ្រងសុវត្ថិភាពក្នុងការដ្ឋាន។ ការបណ្តុះបណ្តាលនេះ គឺយោងទៅលើការផ្តល់បច្ចេកទេសជូនកម្ពុជា ដើម្បីសម្រេចទស្សនៈ “ការងារជួសជុល និងថែរក្សាប្រាសាទខ្មែរ ត្រូវធ្វើឡើងដោយដៃខ្មែរ សម្រាប់កូនខ្មែរ” និងយោងទៅលើភាពចាំបាច់ត្រូវគិតគូរដោះស្រាយភ្ញៀវទេសចរជាង ១១០០០នាក់ ក្នុងមួយថ្ងៃ ដែលចេញចូលប្រាសាទអង្គរវត្ត ដែលត្រូវរំពឹងគិតអំពីទិសដៅជាក់ស្តែង ដើម្បីគ្រប់គ្រងសុវត្ថិភាពនៅការដ្ឋានទុកជាមុន។

វគ្គបណ្ដុះបណ្ដាលជំនាញ តថ្ម និងដាប់ថ្មសម្រាប់ប្រើប្រាស់ក្នុងការជួសជុលតាមបែបបុរាណ ក៏ត្រូវបានរៀបចំឡើង តាមរយៈសាកលវិទ្យាល័យសូហ្វីយ៉ា មានអ្នកជំនាញជនជាតិជប៉ុនបានស្ម័គ្រចិត្តមកជួយបង្ហាត់បង្ហាញ និងបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់អ្នកជំនាញ និងកម្មករខ្មែរ ដើម្បីជាជំនួយបច្ចេកទេសបន្ថែម ក្នុងកិច្ចការជួសជុលប្រាសាទក្នុងតំបន់អង្គរ ក៏ដូចជាការត្រៀមខ្លួនដើម្បីជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ វគ្គនេះត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ លោក Okazaki Seiji គឺជាអ្នកស្ម័គ្រចិត្តជនជាតិជប៉ុនទី៦ហើយ ដែលបានជួយផ្តល់បទពិសោធន៍លើការងារដាប់ថ្មដល់កម្មករ និងអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា។

បន្ទាប់ពីបានជជែកពិភាក្សា ក៏ដូចជាការត្រៀមលក្ខណៈគ្រប់បែបយ៉ាង សម្រាប់កិច្ចការជួសជុលស្ពានហាលមុខខាងលិចប្រាសាទអង្គរវត្តដែលមានប្រវែង១០០ម៉ែត្រទៀតនោះ ពិធីសម្ភោធជាផ្លូវការដើម្បីបើកការដ្ឋានជួសជុលនេះ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះហើយ។ ពិធីនេះ នឹងមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋានមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងឯកឧត្តម KUMAMARU Yuji ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា៕












 
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា និងលោក HONG Jianchun អនុប្រធានគណៈកម្មាធិការរដ្ឋបាលហ័ងសាន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌអង្គរនិងហ័ងសាន។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែមានចំនួនច្រើនឡើង ក៏ដូចជាក្នុងន័យបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ ក្នុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២០ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកញ្ញា
ដូនតាខ្មែរបានកសាងប្រាសាទខ្លះមានខ្លោងទ្វារចេញចូល៤ទិស ខ្លះ២ទិស និងខ្លះ១ទិស ដែលឱ្យមនុស្សចេញចូលតាមទិសខាងកើតឬខាងលិចដែលកំណត់ថាជាខ្លោងទ្វារធំ ដោយយោងទៅលើប្រាង្គសំខាន់បែរមុខទៅទិសណា។
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងធនាគារ CIMB បានរៀបចំពិធីដាំកូនឈើចំនួន ១,៥០០ដើម នៅបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ «យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ»។ ក្នុងពិធីនៅពេលនោះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក្នុងនាមឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍រីករាយ និងរំពឹងថា ស្ថាប័នសាធារណៈពាក់ព័ន្ធនិងស្ថាប័នឯកជនដទៃទៀត នឹងបន្តចូលរួមកាន់តែច្រើនក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ
១៖ ទូតឥណ្ឌាចប់អាណត្តិជួបសម្ដែងការគួរសមនិងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ ជួបសម្ដែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានរំឭកពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌា និងអាជ្ញាធរជាតិអប្សរា ក្នុងការងារជួសជុលនៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម។ បន្ថែមពីនេះ លោកជំទាវអគ្គរដ្ឋទូត ក៏បានលើកពីគម្រោងបណ្ដុះបណ្ដាលវគ្គខ្លីៗដល់យុវជនកម្ពុជា លើការងារអភិរក្សប្រាសាទ សិល្បៈ និងវប្បធម៌ផងដែរ។
FirstPrev12345...345346NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
2335
Yesterday
:
5274
This Week
:
38440
This Month
:
0153200
Total
:
012660789