ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាស្តារត្រពាំងបឹងជូនប្រជាពលរដ្ឋនៅភូមិគោកស្រុក

បានផ្សាយនៅ ថ្ងៃទី 04 ខែ ឧសភា ឆ្នាំ2016 03:38 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ មន្ត្រីអាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សានិងជាប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យការស្តារត្រពាំងបុរាណប្រវែងបណ្តោយ១៣០ម៉ែត្រ ទទឹង៧០ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ការស្តារត្រពាំងជូនប្រជាពលរដ្ឋនៅពេលនេះ គឺស្របពេលប្រជាពលរដ្ឋកំពុងជួបប្រទះការរីងស្រះ អណ្តូង និងប្រភពទឹកផ្សេងៗក្នុងភូមិដោយសារអាកាសធាតុក្តៅហួតហែងនៅតែអូសបន្លាយ ហើយក៏ស្រប តាមអនុសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងកាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ នៅវិមានសន្តិភាពថា ឆ្នាំនេះគឺជាឆ្នាំដែលមានគ្រោះមហន្តរាយធំ ដែលក្នុងរង្វង់១០០ឆ្នាំមកនេះ គឺមិនទាន់មានគ្រោះមហន្តរាយបែបនេះកើតឡើង ហើយគ្រោះរាំងស្ងួតនៅឆ្នាំ២០១៦នេះក៏តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវជីកអណ្តូងនិងស្រះទឹកឱ្យជ្រៅជាងដង្ហើមទឹកឆ្នាំនេះផងដែរ។

ឯកឧត្តម សុខ លក្ខិណា មានប្រសាសន៍ថា មុននឹងធ្វើការស្តារត្រពាំងបឹងនេះ អាជ្ញាធរជាតិអប្សរាបានធ្វើការសិក្សាតាមលក្ខណៈបច្ចេកទេស ឃើញថាមិនមានផលប៉ះពាល់អ្វីដល់រចនាសម្ពន្ធត្រពាំងបុរាណនេះឡើយ ហើយចំពោះអាចមន៍ដីដែលស្តារត្រពាំង អាជ្ញាធរជាតិអប្សរាសម្រេចប្រគល់ជូនដាក់តាមកន្លែងសាធារណៈដូចជា មន្ទីរពេទ្យ សាលារៀន សាលាឃុំ ប៉ុស្តិ៍នគរបាល សាលាស្រុកជាដើម លើសពីនេះទៀតនោះ អាជ្ញាធរជាតិអប្សរាក៏បានប្រគល់ជូនប្រជាពលរដ្ឋណាដែលមានសេចក្តីត្រូវការផងដែរ។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតដែរពីភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ដែលមិនមែនមានតួនាទីត្រឹមតែថែទាំ ជួសជុល អភិរក្សប្រាសាទប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាជននៅក្នុងតំបន់អង្គរទាំងមូលផងដែរ ដូចជាចូលរួមចំណែកក្នុងជួសជុល សាងសង់ហេដ្ឋារចនាសម្ពន្ធ សាលារៀន មន្ទីរពេទ្យ។ល។ ដើម្បីបម្រើសេចក្តីត្រូវការប្រជាពលរដ្ឋ។ ចុងក្រោយឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យប្រជាពល រដ្ឋរួមគ្នាជួយថែរក្សាត្រពាំងនេះ ព្រមទាំងឱ្យប្រុងប្រយ័ត្នចំពោះកូនចៅកុំឱ្យមានគ្រោះថ្នាក់ដោយសារទឹកត្រពាំងនេះផង ព្រោះវាមានជម្រៅជ្រៅ។

អ្នកស្រី ជា រី ដែលជាប្រជាពលរដ្ឋនៅក្នុងភូមិគោកស្រុក បានរៀបរាប់ពីត្រពាំងនេះថា តាំងពីអ្នកស្រីកើតមករហូតដល់ដឹងក្តី អ្នកស្រីមិនដែលឃើញត្រពាំងនេះខះរីងស្ងួត ដូចពេលឥឡូវនេះទេ ហើយពីមុនអ្នកស្រីក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ គឺអាស្រ័យទឹកក្នុងត្រពាំង ដើម្បីស្រោចស្រពដំណាំដាំដុះជាលក្ខណៈគ្រួសារ។ លើសពីនេះទៀតនោះ ត្រពាំងនេះមិនដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិខ្វះម្ហូបរហូតខួបប្រាំងខួបវស្សា ព្រោះត្រពាំងបឹងនេះសម្បូរណាស់ត្រី។ អ្នកស្រីបានបន្តថា អ្នកស្រីសូមថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានយកចិត្តទុកដាក់និងសាងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋក្នុងភូមិដោយការស្តារត្រពាំងបុរាណនេះឱ្យមានទឹកឡើងវិញ៕












នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0634
ម្សិលមិញ
:
6587
សប្តាហ៍នេះ
:
19802
ខែនេះ
:
0000634
សរុប
:
012770066