ព័ត៌មានថ្មីៗ

អ្នកជំនាញអាជ្ញាធរជាតិអប្សរានិងក្រុមការងារ IGeS នៃប្រទេសអុីតាលី បញ្ចប់ការជួសជុលកាំជណ្តើរកសិណប្រាសាទអង្គរវត្តផ្នែកខាងលិចស្លាបខាងជើង

បានផ្សាយនៅ ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ2016 09:36 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។

លោក Valter Maria Santoro ប្រធានគម្រោង IGeS បានប្រាប់ថា ការជួសជុលជណ្តើរកសិណនេះ បានចាប់ផ្តើមឡើងនៅឆ្នាំ២០១២ ហើយបញ្ចប់នៅចុងឆ្នាំ២០១៥ លើប្រវែង៨០ម៉ែត្រ ដោយថវិការរបស់រដ្ឋាភិបាលអ៊ីតាលីផងនិងថវិការបស់អាជ្ញាធរជាតិអប្សរាផង។ លោកបន្តទៀតថា មុននឹងជួសជុលយើងក៏បានសិក្សាពីផលប៉ះពាល់ដែលធ្វើឱ្យសំណង់រលំស្រុត ស្រទាប់ដី កម្រិតទឹក រួមទាំងរចនាសម្ពន្ធកសិណនេះផង ដើម្បីរក្សាទ្រង់ទ្រាយដើម ដោយមានអ្នកជំនាញខ្មែរនិងអ៊ីតាលីធ្វើការរួមគ្នា។ ចំពោះការជួសជុលបើប្រើបច្ចេកទេសបុរាណតែមួយគត់ ក៏មិនអាចធានាសុវត្ថិភាពនិងភាពយូរអង្វែងនៃសំណង់បានដែរ ដូច្នេះទាមទារឱ្យប្រើបច្ចេកទេសទំនើបនិងសម្ភារៈថ្មី (ថ្មភក់ ថ្មបាយក្រៀមថ្មី និងការបិទភ្ជិត) ដើម្បីពង្រឹងរចនាសម្ពន្ធសំណង់ឱ្យមានអាយុកាលនិងស្ថេរភាពបានយូរ។ ចុងក្រោយលោកក៏សម្តែងចំណាប់អារម្មណ៍ថា នៅកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្មែរមានអ្នកជំនាញគ្រប់គ្រាន់ ថែមទាំងមានសមត្ថភាពអាចដឹកនាំធ្វើការជួសជុលប្រាសាទបាន ដែលធ្វើឱ្យអាជ្ញាធរជាតិអប្សរាបានក្លាយជាស្ថាប័នជាតិដ៏លេចធ្លោមួយដែលមានថវិកានិងអ្នកជំនាញប្រកបដោយប្រសិទ្ធភាព គ្រាន់តែនៅខ្វះខាតបច្ចេកទេសសុីជម្រៅបន្តិចបន្តួចប៉ុណ្ណោះ ដែលស្ថាប័នអន្តរជាតិក៏កំពុងជួយដែរ។

លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ IGeS ទាំងបច្ចុប្បន្ននិងកន្លងមក ក្រុមការងារនេះបានធ្វើការងារជាច្រើនដើម្បីសង្គ្រោះប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ ហើយអាជ្ញាធរជាតិអប្សរាក៏បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននេះដែរ ទាំងថវិកានិងបច្ចេកទេសគ្រប់គម្រោង។ ក្រៅពីនោះក៏បានជួយសម្រួលបែបបទរដ្ឋបាល ការស្វែងរកសម្ភារៈ និងផ្តល់អ្នកជំនាញផ្នែកស្រាវជ្រាវ មើលស្រទាប់ដីដែលចាក់បង្គរនៅលើច្រាំងកសិណ អ្នកសម្រង់ប្លង់ ដើម្បីឈ្វេងយល់អំពីរចនាសម្ពន្ធបុរាណ ឱ្យជួសជុសទៅតាមទ្រង់ទ្រាយបុរាណនិងរក្សាលក្ខណៈដើមនៃសំណង់បុរាណបាន ហើយទៅអនាគត អាជ្ញាធរជាតិអប្សរាក៏ជួយគម្រោង IGeS ក្នុងការផ្តល់យោបល់ទាក់ទងនឹងរចនាសម្ពន្ធណាមួយនៅអង្គរវត្ត ដែលមានអាទិភាពនិងសារប្រយោជន៍ គួរជួសជុលនិងអភិរក្សមុនគេផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ IGeS បានចូលមកធ្វើការនៅតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ ដោយបានជួសជុលប្រាសាទប្រែរូបមុនគេ បន្ទាប់មកក៏បានបំពេញបេសកម្មការងារយ៉ាងច្រើននៅប្រាសាទអង្គរវត្ត ដូចជាជួសជុលក្តារបែនព្រះពន្លាខាងលិចនៅរួតបាកាន កាំជណ្តើរកសិណមុខលោកតារាជប្រវែង៦០ម៉ែត្រ។ ដោយឡែកគម្រោងទៅអនាគតនឹងជួសជុលជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងត្បូងចំនួន៨០ម៉ែត្រទៀតផងដែរ។ ក្រៅពីនោះ IGeS ក៏បានបណ្តុះបណ្តាលអ្នកជំនាញនិងកម្មករខ្មែរ ឱ្យមានសមត្ថភាពច្បាស់លាស់អាចធ្វើការនៅក្នុងការដ្ឋានបានយ៉ាងគួរឱ្យកោតសរសើរទៀតផង៕










នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0821
ម្សិលមិញ
:
3959
សប្តាហ៍នេះ
:
23948
ខែនេះ
:
0004780
សរុប
:
012774212